ស្វែងរកពួកយើង:

Luxeed R7 រថយន្តអគ្គិសនី Medium-Side-SUV ស៊េរីថ្មី ដែលគាំទ្រពី Huawei និង Chery ត្រូវបានទម្លាយរូបភាពផ្លូវការណ៍ជាលើកដំបូង

ដោយ

Koun Jab Luffy

12 មិថុនា 2024 04:05 ល្ងាច

អាន 3 នាទី

Article image
នៅថ្ងៃទី 11 ខែមិថុនា, លោក Yu Chengdong ដែលជាអគ្គនាយកក្រុមហ៊ុន Huawei Smart Car បានប្រកាសពីការស្វាគមន៍ Harmony Intelligent Mobility Alliance ហៅកាត់ថា “HIMA” ដែលត្រូវប្រើជាលើដំបូងនៅលើរថយន្តស៊េរីអគ្គិសនីថ្មីម៉ូដែល Luxeed R7 ដែលរថយន្តថ្មីនេះត្រូវបានផលិតឡើងដោយការសហការរវាង Huawei និង Chery ស្ថិតនៅក្រោមស្លាកយីហៅថា Luxeed brand។ កាលពីកន្លងមករថយន្តស៊េរីថ្មីមួយនេះត្រូវបានប្រទះឃើញធ្វើការបើកបរសាកល្បងនៅលើដងវិថី ហើយត្រូវបានគេស្គាល់ថាជាម៉ូដែល Luxeed S9។
HIMA គឺជាសម្ព័ន្ធភាពរថយន្តដែលផ្តួចផ្តើមបង្កើតឡើងដោយក្រុមហ៊ុន Huawei ដោយក្រុមហ៊ុន Huawei បានចូលរួមយ៉ាងសំខាន់នៅក្នុងការកំណត់ទៅលើម៉ាកផលិតផល ការរចនា ការធ្វើទីផ្សារ ការផ្តល់ជូននូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ ការគ្រប់គ្រងគុណភាពផលិត និងការផ្តល់នូវកម្មវិធី ក៏ដូចជាផ្នែករឹងសម្រាប់រថយន្តឆ្លាតវៃទៅកាន់ដល់ក្រុមហ៊ុនផលិតរថយន្តដែលជា Traditional Automakers។ បច្ចុប្បន្ន HIMA របស់ Huawei គឺមានការសហការបង្កើតម៉ាករថយន្តប្រណិតឆ្លាតវៃមួយចំនួនដូចជាម៉ាក Aito ជាមួយ Seres, Luxeed ជាមួយ Chery, និង Stelato ជាមួយ BAIC ជាដើម។ ហើយឆាប់ៗនេះក្នុង HIMA ក៏នឹងបន្ថែមសមាជិកថ្មីមួយទៀតដែលជាការសហការរវាង Huawei និង JAC ផងដែរ។ សម្រាប់រយះពេល 5 ខែ នៃឆ្នាំ 2024 នេះ មានរថយន្តចំនួន 148,098 គ្រឿងដែលជាម៉ាករថយន្តស្ថិតក្នុងសម្ធ័ន្ធភាព HIMA ត្រូវបានលក់ចេញ។
សម្រាប់រថយន្តស៊េរីថ្មី Luxeed R7 ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញវត្តមាននៅត្រីមាសទីបីក្នុងឆ្នាំនេះ ដោយមានតម្លៃចាប់ពីខ្ទង់ប្រហែល $41,400 ដល់ $55,600 នៅទីផ្សារប្រទេសចិន។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានបណ្តោយ 4,956mm X ទទឹង 1,981mm X កម្ពស់ 1,634mm និងចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ដែលត្រូវបានចាត់ចូលជាប្រភេទរថយន្ត Medium-to-large SUV។ ផ្នែកដំបូលរបស់ Luxeed R7 នឹងមានភ្ជាប់ជាមួយនឹងខ្សែបន្ទាត់ចំនួន 192 ដើម្បីធ្វើជាប្រព័ន្ធចាប់សញ្ញាសម្រាប់ LiDAR Sensor។ ហើយរថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏នឹងគាំទ្រជាមួយបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃជំនាន់ចុងក្រោយរបស់ Huawei ដូចជា  Qiankun ADS 3.0 intelligent driving system, Turing chassis system, HarmonyOS system, និង 4D millimeter-wave radar។
Article image
បន្ថែមពីនេះ Luxeed R7 នឹងប្រើប្រាស់សម្បកកង់ក្រុមហ៊ុន Pirelli ស៊េរី P-ZERO 245/55 និង 255/50 R20 ថែមទៀតផង។ Luxeed R7 នឹងមានជម្រើសម៉ូដែល BEV (Battery Electric Vehicle) និង EREV (Extend-range electric vehicle) ហើយនិងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើង 800V silicon carbide high-voltage system។ សម្រាប់ម៉ូដែល Luxeed R7 ប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ គឺអាចនឹងផលិតថាមពលកំលាំងបានដល់ 215kW ឬ 288 សេះ ខណៈម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ អាចមានលទ្ធភាពផលិតកំលាំងបានដល់ 365kW ឬ 489 សេះ។ រថយន្តនេះ នឹងមានសមត្ថភាពអាចបើកបរបានរយះចម្ងាយ 855km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC៕