ក្រុមហ៊ុនរថយន្តម៉ាក Lynk&Co បានធ្វើការប្រកាសចេញលក់ឡាន Plug-in-hybrid ប្រណីតថ្មីមាន 5-កៅអី ម៉ូដែល 900 នៅទីផ្សារប្រទេសចិនក្នុងតម្លៃពិសេសខ្ទង់ $37,300 ខណៈតម្លៃស្តង់ដារ គឺចាប់ពីខ្ទង់ $43,900 ទៅ $50,700។ ម៉ូដែលថ្មីនេះ ចេញមកដើម្បីពង្រីកទីផ្សារនៃម៉ាករថយន្ត SUV ប្រណីតបន្ទាប់ពីមួយឆ្នាំនៃការចេញលក់ម៉ូដែល 6-កៅអីដែលកំពុងមានវត្តមានលក់នៅលើទីផ្សារបច្ចុប្បន្នជាមួយការបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 872 សេះ។ ឡាន SUV ប្រណីតមួយនេះផលិតឡើងដោយប្រើគ្រោងឆ្អឹងថ្មី SPA Evo Platform របស់ Geely។
បើធៀបនឹងម៉ូដែល Lynk & Co 900 6-កៅអី ម៉ូដែល 5-កៅអីថ្មីនេះ ផ្តល់ភាពទូលាយផ្នែកខាងក្នុងជាង ផ្តល់នូវចន្លោះកៅអីជួរទីពីរទូលាយជាងងាយស្រួលដាក់ជើង ហើយក៏ផ្តល់នូវភាពទូលាយក្នុងការទុកដាក់អីវ៉ាន់ជាងផងដែរ។ កាប៊ីនក្រោយ Lynk & Co 900 5-កៅអីថ្មីនេះ អាចផ្ទុកទំងន់បានដល់ 1,030Kg ដែលអាចបង្កើនទំងន់ផ្ទុកបានដល់ 1,215Kg នៅពេលបត់កៅអីជួរក្រោយចុះ រួមនជាមួយនឹងកន្លែងផ្ទុកផ្សេងទៀតដែលអាចទំងន់បានដល់ 80Kg ជាមួយជម្រៅសម្រាប់ដាកឥវ៉ាន់ 1,350mm ដែលសាកសមបំផុតសម្រាប់ការធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ និងការដាក់ឥវ៉ាន់បានកាន់តែច្រើន។
សម្រាប់កាប៊ីនខាងមុខរបស់ Lynk & Co 900 ស៊េរីថ្មីនេះ មានបំពាក់មកជាមួយអេក្រង់កម្សាន្តទំហំធំដល់ 30-inch កម្រិតបង្ហាញខ្ពស់ដល់ 6K, អេក្រង់ភ្ជាប់នឹងពិដានដំបូលទំហំ 30-inch សម្រាប់អ្នករួមដំណើរកៅអីក្រោយ, មានប្រព័ន្ធបង្ហាញលើកញ្ចក់អេក្រង់ទំហំ 95-inch AR-HUD, ដំណើរការដោយ Flyme Auto 2 System ដែលគាំទ្រដោយបន្ទះឈីបកម្រិតខ្ពស់ចំនួនពីរដើមរបស់ Qualcomm ស៊េរី Snapdragon 8295 រួមនឹងមុខងារពិសេសៗជាច្រើនទៀតដែលធ្វើឲ្យការបើកបរ និងការធ្វើដំណើរប្រកបដោយផាសុខភាព ភាពរីករាយ និងសុវត្ថិភាពខ្ពស់។ Lynk & Co 900 ស៊េរីថ្មី ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid មានពីរជម្រើស គឺជម្រើស 1.5T និង 2.0T រួមជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីពីរ។
នៅលើម៉ូដែលប្រើម៉ាស៊ីន 2.0T មានសមត្ថភាពអាចផលិតកម្លាំងបាន 540kW និងកម្លាំងរមួល 1,038Nm អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 4.6 វិនាទី និងអាចបើកក្នុងល្បឿនលឿនបំផុតដល់ 240km/h។ ម៉ូដែលនេះប្រើកញ្ចប់ថ្មី Xiaoyao Hybrid battery pack ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL មានទំហំ 52.38kWh និងមានកម្រិតតង់ស្យុងខ្ពស់ដល់ 253kW/kg ជាមួយការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 20% ទៅ 80% ចាយពេលខ្ទង់ 17 នាទី។ តាមការអះអាងពី Lynk & Co ក្រោមស្តង់ដារ CLTC ការសាកភ្លើងកញ្ចប់ថ្មពេញម្តងអាចឲ្យ 900 ស៊េរីថ្មីជិះបានចម្ងាយ 280km ដោយប្រើអគ្គិសនីសុទ្ធ និងដល់ 1,363km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។
ផ្នែកប្រព័ន្ធសុវត្ថិភាពវិញ Lynk & Co 900 ស៊េរីថ្មីមានបំពាក់មកជាមួយសែនស័រចំនួន 29 គ្រាប់រួមមាន 126-line LiDAR Sensor, millimeter-wave radar 5 គ្រាប់, កាមេរ៉ា 11 គ្រាប់ និង Ultrasonic sensor 12 គ្រាប់។ ឡាន SUV ប្រណីតថ្មីនេះ មានជម្រើសប្រើបន្ទះឈីប Nvidia Orin-X កម្រិត 254 TOPS or the Nvidia Drive AGX Thor កម្រិត 700 TOPS អាស្រ័យទៅលើជម្រើសម៉ូដែល និងគាំទ្រមុខងារជំនួយការបើកបរ NOA ទាំងផ្លូវក្នុងក្រុង និងផ្លូវល្បឿនលឿនថែមទៀតផង៕



