ស្វែងរកពួកយើង:

MacBook 14 Pro និង 16 Pro បំពាក់ឈីប M4 Series និងមានកាមេរ៉ា 12MP Center Stage មានតម្លៃ $1,499

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2024 08:31 ព្រឹក

អាន 3 នាទី

Article image
Apple បានបញ្ចេញជម្រើសថ្មីសម្រាប់ម៉ាស៊ីនកុំព្យូទ័រ MacBook Pro Series ជាមួយការបំពាក់នូវកំពូលឈីបជំនាន់ថ្មីចុងក្រោយ គឺ Apple M4 Series។ MacBook Pro Series ដែលទទួលបានកំណែបន្ទះឈីបជំនាន់ថ្មី គឺ MacBook 14 Pro និង 16 Pro ដោយ Apple បានផ្តល់ជូននូវជម្រើសបន្ទះឈីបចំនួនបីផ្សេងគ្នា ដោយក្នុងនោះមាន M4 និង M4 Pro ដែលបានបង្ហាញវត្តមានជាលើកដំបូងនៅលើម៉ាស៊ីន New Mac mini ហើយនឹងជម្រើស M4 Max Chip ដែលមានអនុភាពខ្លាំងសម្រាប់អ្នកប្រើប្រាស់ដែលចង់បានម៉ាស៊ីន MacBook ដែលមានថាមពលកំលាំងខ្លាំងបំផុតដើម្បីឲ្យស្របទៅនឹងកិច្ចការងារប្រចាំថ្ងៃរបស់ពួកគេ។
Article image
ម៉ាស៊ីន MacBook Pros ម៉ូដែលថ្មីទាំងអស់ទទួលបានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់  Liquid Retina XDR display ដែលគាំទ្រកម្រិតបង្ហាញ 3,024x1,964px សម្រាប់ម៉ូដែលអេក្រង់ 14-inch និង 3,456 x2,234px សម្រាប់ម៉ូដែលអេក្រង់ 16-inch។ អេក្រង់របស់ MacBook 14 Pro និង 16 Pro ថ្មីគាំទ្រនូវបច្ចេកវិទ្យាល្បឿនអេក្រង់ 120Hz ProMotion refresh rate ជាមួយមុខងារ True Tone និង DCI-P3 Color gamut។ បន្ថែមនូវមុខងារថ្មី nano-texture option ដែលដូចគ្នា iPad Pros ស៊េរីឆ្នាំ 2024 ដែរ ដែលអនុញ្ញាតិឲ្យអេក្រង់របស់ MacBook Pros បង្កើនកម្រិតពន្លឺខ្ពស់ដល់ 1,000 nits ក្នុងកម្រិត SDR brightness និងដល់ 1,600nits ក្នុងកម្រិត HDR។
Article image
ហើយអ្វីដែលពិសេស Macbook Pro 14 និង 16 Pro ថ្មីទទួលបានការបំពាក់នូវកាមេរ៉ា Webcam ថ្មីទំហំ 12MP គាំទ្រមុខងារ Center Stage ដែលកាមេរ៉ានឹងរេតាមចាប់ទម្រង់មុខដើម្បីបង្កើនគុណភាពវីដេអូ។ Apple បានធ្វើការអះអាងថា បន្ទះឈីបជំនាន់ថ្មី M4 Pro និង M4 Max បានភ្ជាប់នូវ GPU core ដែលមានល្បឿនលឿនបំផុត ដែលបង្កើនល្បឿន ray-tracing engine និង neural engine លឿនជាងមុន 2 ដង ធៀបនឹងជំនាន់ M3 series។ សម្រាប់ស៊េរី M4 Max មានភ្ជាប់នូវអង្គ CPU ចំនួន 16-core និង GPU រហូតដល់ 40-core ដែលគាំទ្រជាមួយរ៉េមបានដល់ទំហំ 128GB។ Apple បញ្ជាក់ថា M4 Max មានល្បឿនប្រតិបត្តិការណ៍លឿនជាងជំនាន់ M1 Max រហូតដល់ទៅ 3.5 ដងឯណោះ។
Article image
សម្រាប់រន្ធដំណរភ្ជាប់ (I/O) វិញ គឺនៅលើម៉ូដែល MacBook 14 Pro ទទួលបានរន្ធ Thunderbolt 4/ USB-C ចំនួន 3 ដោយនៅខាងឆ្វេងជារន្ធសាកភ្លើងប្រភេទ MagSafe  Charging។ ហើយនៅលើម៉ូដែលប្រើឈីប M4 Pro និង M4 Max ទទួលបានការបំពាក់នូវរន្ធ Thunderbolt 5/USB-C5 ចំនួន 2។ បន្ថែមពីនេះក៏នៅមានរន្ធ HDMI, SDXC card slot, បច្ចេកវិទ្យា Wi-Fi6 និង Bluetooth 5.3 ថែមទៀតផង។ MacBook 14 Pro ថ្មីប្រើឈីប M4 មានថ្មទំហំ 72.1Whr ជាមួយឆ្នាំងសាកកំលាំង 70W ខណៈម៉ូដែលប្រើឈីប M4Pro និង M4 Max មានឆ្នាំងសាកកំលាំង 96W។
Article image
ដោយឡែកសម្រាប់ម៉ូដែល MacBook 16 Pro មានថ្មទំហំ 100Whr និងមានឆ្នាំងសាកកំលាំង 140W USB-C។ Apple អះអាងថាសម្រាប់ថាមពលថ្មរបស់ MacBook 14 Pro ប្រើឈីប M4 សាកពេញម្តងមានសមត្ថភាពកាន់ថាមពលប្រើប្រាស់បានដល់ 24 ម៉ោង ខណៈម៉ូដែល MacBook 16 Pro ប្រើឈីប M4 Max កាន់បានដល់ 18 ម៉ោងសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារទូទៅ។
MacBook 14 Pro ប្រើឈីប M4 ជាមួយរ៉េមទំហំ 16GB មានតម្លៃខ្ទង់ $1,599 និងម៉ូដែលប្រើឈីប M4 Pro មានតម្លៃខ្ទង់ $1,999 ខណៈម៉ូដែលប្រើឈីប M4 Max មានតម្លៃដល់ $3,199។ ចំនែកម៉ូដែល MacBook 16 Pro ប្រើឈីប M4 Pro មានតម្លៃខ្ទង់ចាប់ពី $2,499 ខណៈម៉ូដែលប្រើឈីប M4 Max មានតម្លៃដល់ $3,499។
Article image
Apple បានបើកទទួលការបញ្ជាទិញមុនសម្រាប់ MacBook Pros ស៊េរីថ្មីទាំងពីរម៉ូដែល ខណៈការនាំចេញអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2024។ ស្របពេលជាមួយគ្នានេះ Apple ក៏បានប្រកាសថា MacBook Air 13-inch និង 15-inch នឹងទទួលបានការបំពាក់រ៉េមទំហំស្តង់ដារ 16GB ផងដែរ។ ដោយកន្លងមកម៉ូដែលទាំងពីរនេះនាំចេញជាមួយជម្រើសរ៉េមត្រឹម 8GB ប៉ុណ្ណោះ សម្រាប់ការ Upgrade RAM ទំហំ 16GB គឺមានតម្លៃបូកបន្ថែមប្រមាណ $200 ពីលើតម្លៃដើមរបស់ MacBook Air ទាំងពីរបច្ចុប្បន្ន៕
MacBook 14 Pro និង 16 Pro បំពាក់ឈីប M4 Series និងមានកាមេរ៉ា 12MP Center Stage មានតម្លៃ $1,499