Maextro S800 គឺជារថយន្តអគ្គិសនីថ្នាក់ប្រណីតបំផុត ឬ Ultra-luxury sedan ដែលជាគូប្រជែងជាមួយនឹងឡានប្រណីតកម្រិតអភិជនរបស់ចក្រភពអង់គ្លេសម៉ាក Rolls-Royce និងឡានប្រណីតៗម៉ាកល្បីៗផ្សេងទៀត។ Maextro S800 គឺជាសមត្ថផលឡានប្រណីតដំបូងដែលកកើតឡើងក្រោមកិច្ចសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត JAC។ ឡាន Ultra-luxury Sedan នេះ ត្រូវបានចេញលក់ក្រោមដំបូងហាងក្រុមហ៊ុន HIMA ដែលជាបុត្រសម្ព័ន្ធរបស់ Huawei។ Maextro S800 ត្រូវបានចេញដាក់លក់ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងខែឧសភា ឆ្នាំ 2025 ដោយមានតម្លៃចាប់ពីជាង 10 ម៉ឺនដុល្លារឡើងទៅ។
ចាប់ពីការចេញលក់នៅក្នុង 2025 ឡាន Ultra-luxury sedan ថ្មីនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានក្លាយជាឡាន Luxury ដែលលក់ដាច់ជាងគេបំផុតក្នុងប្រទេសចិន។ ជាថ្មីម្តងទៀត Maextro S800 នៅតែនាំមុខក្នុងការលក់រថយន្ត Luxury នៅក្នុងប្រទេសចិន ដោយនៅក្នុងខែមេសាកន្លងទៅ S800 លក់បានចំនួន 1,142 គ្រឿង នេះបើតាមទិន្នន័យពីក្រុមហ៊ុន ECC Intelligence។ នៅលើបញ្ចីទិន្នន័យរបស់ ECC Intelligence បានបង្ហាញថា Maextro S800 បាននាំមុខការលក់ឡាន Luxury ល្បីៗរបស់ក្រុមហ៊ុនអឺរ៉ុបនៅក្នុងខែមេសា។ ក្នុងតារាងបង្ហាញថា ឡាន Mercedes-Maybach S-Class បានឈរនៅលេខរៀងទីពីរបន្ទាប់ពី S800 ដោយលក់បានចំនួន 736 គ្រឿង ដែលតាមពីក្រោយដោយ Porsche Panamera ដែលលក់បានចំនួន 616 គ្រឿង។
ចំនែកលេខរៀងទី 4 គឺជាម៉ូដែល Mercedes-Benz S-Class លក់បានចំនួន 521 គ្រឿង និងលេខរៀងទី 5 គឺឡាន BMW 7 Series ដែលរួមបញ្ចូលទាំងម៉ូដែល BMW i7 លក់បានចំនួន 436 គ្រឿង ខណៈឡាន Audi A8 ធ្លាក់មកនៅលេខរៀងទី 6 ដោយលក់បានចំនួន 260 គ្រឿងតែប៉ុណ្ណោះ។ ហើយបើគិតចាប់ពីខែមករា ដល់ខែមេសា Maextro S800 លក់បានចំនួនសរុប 5,465 គ្រឿង, Mercedes-Maybach S-Class លក់បានសរុប 3,012 គ្រឿង, BMW 7 Series + i7 លក់បានចំនួន 2,976 គ្រឿង, Mercedes-Benz S-Class លក់បានចំនួន 2,596 គ្រឿង, Porsche Panamera លក់បានចំនួន 1,362 គ្រឿង និង Audi A8 លក់បានចំនួន 1,309 គ្រឿង។ ជាមួយគ្នានេះសម្រាប់ជំនាន់ថ្មីនៃម៉ូដែល S800 ត្រូវបានក្រុមហ៊ុនបង្ហើបថា នឹងបង្ហាញវត្តមានផ្លូវការណ៍ក្នុងឆ្នាំនេះ ក្រោមស្លាកឈ្មោះថា Maextro S800 Grand Design។
នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Huawei លោក Richard Yu ធ្លាប់បាននិយាយថា ម៉ូដែល S800 Grand Design នឹងផ្តោតលើផ្នែករថយន្តប្រណីត Ultra-luxury sedan ដែលមានតម្លៃខ្ទង់ $294,000។ ទន្ទឹងនឹងភាពជោគជ័យខ្លាំងក្នុងការលក់រថយន្តប្រណីតទំនើប Ultra-luxury sedan របស់ខ្លួនក្រុមហ៊ុន Maextro ថ្មីៗនេះត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញឡានប្រណីតម៉ូដែលទីពីររបស់ខ្លួនដែលជាប្រភេទឡាន Ultra-luxury MPV ម៉ូដែល V800 ដែលមានប្រវែង 5.5 ម៉ែត្រ និងមានទំងន់ 3.2 តោន៕


