ស្វែងរកពួកយើង:

Maextro S800 រថយន្តប្រណិតលំដាប់អភិជន ប្រកាសលក់នៅចិន តម្លៃជាង 13 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

21 កុម្ភៈ 2025 03:15 រសៀល

អាន 3 នាទី

Article image
Maextro S800 ដែលជារថយន្ត luxury sedan បានប្រកាសចេញលក់ផ្លូវការណ៍នៅប្រទេសចិន ដើម្បីប្រជែងជាមួយ Mercedes-Benz Maybach S-Class។ រថយន្តថ្នាក់ប្រណីតកម្រិតអភិជនមួយនេះមានជម្រើសប្រើអគ្គិសនីសុទ្ធ ឬ range-extended ជាមួយការបំពាក់នូវប្រព័ន្ធសែនស័រ ADAS ចំនួន 32 គ្រាប់ ដើម្បីគ្រប់គ្រងទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ។ Maextro S800 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $136,000 ដល់ $205,000។
ម៉ាករថយន្ត Maextro បានបង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត JAC។ ក្រោមកិច្ចសហការនេះ JAC មានទំនួលខុសត្រូវទៅលើការអភិវឌ្ឍន៍ និងផលិតរថយន្ត ខណៈ Huawei មានទំនួលខុសត្រូវទៅលើការផ្តល់នូវប្រព័ន្ធបច្ចេកវិទ្យាខួរក្បាលរថយន្តឆ្លាតវៃ។ បន្ថែមពីនេះ Huawei ក៏រ៉ាប់រងទៅលើការលក់រថយន្ត Maextro នៅលើទីផ្សារតាមរយះហាង HIMA Store របស់ខ្លួននៅទូទាំងប្រទេសចិនផងដែរ។ ហើយសម្រាប់រថយន្តម៉ាក Maextro S800 គឺជារថយន្តដំបូងដែលចេញពីក្រុមហ៊ុនសម្ព័ន្ធមិត្ត (JV) មួយនេះ។
Article image
Maextro S800 ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធ digital platform របស់ Huawei ដែលហៅថា “Tuling Longxing” ដែលប្រព័ន្ធនេះត្រូវបានក្រុមហ៊ុន Huawei ធ្វើការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធជំនួយការបើកស្វ័យប្រវត្តិកាន់តែប្រសើរជាងមុន។ រថយន្តអគ្គិសនី sedan ប្រណីតកម្រិតថ្នាក់អភិជនមួយនេះ ផ្តល់ជូននៅជម្រើស Powertrain ចំនួនបីផ្សេងគ្នា គឺជម្រើសប្រើប្រព័ន្ធ dual-motors, three-motors និង four-motors ដែលផ្តល់នូវអនុភាពកំលាំងចាប់ពី 480 សេះ ដល់ 1,300 សេះ។
សម្រាប់ទំងន់ Maextro S800 វិញ គឺចន្លោះពី 3 ទៅ 3.8 តោន ទៅតាមជម្រើសម៉ូដែលម៉ូទ័រនីមួយៗ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Maextro S800 មានភ្ជាប់មកជាមួយកញ្ចប់បច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា Huawei ADS road perception system, Huawei DATS (Dynamic Adaptive Torque System), និង Huawei Xmotion body control system។ រថយន្តថ្នាក់ប្រណិតមួយនេះ គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងកម្រិត 6C Charging ផងដែរ។
Article image
Maextro S800 មានការរចនារូបរាងខាងក្រៅយ៉ាងប្រណិតបំផុតមិនចាញ់ Mercedes-Benz Maybach S-Class នោះទេ។ រថយន្តនេះមានប្រវែងបណ្តោយខ្លួន 5.480mm, ទទឹង 2,000mm, កម្ពស់ 1,536mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,370mm។ រថយន្តនេះមានបំពាក់នូវសែនស័រចំនួន 32 គ្រាប់ រួមទាំងសែនស័រ 192-line LiDARs ដែលធ្វើឲ្យរថយន្តមានសមត្ថភាពក្នុងការចាប់នូវឧបសគ្គនៅពេលមេឃភ្លៀង ចុះអាប់ និងភ្យុះខ្សាច់ បានច្បាស់ដល់ទៅ 60%។ ផ្នែកខាងក្រៅរបស់ Maextro S800 រំលេចដោយពណ៌ចំនួនពីរ។ រថយន្តនេះប្រើប្រាស់យ៉ាន់កង់ទំហំ 20-inch ដែលមានការរចនាបែបថាសរលោងចាំង self-aligning wheel caps ស្អាតប្លែក។
Article image
សម្រាប់ម៉ូដែល Maextro S800 ប្រើអគ្គិសនីសុទ្ធបានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 160kW ចំនួន 3 ដែលអាចផលិតកំលាំងសរុបបានដល់ 635kW ឬ 852 សេះ។ ចំនែកម៉ូដែល EREV បានបំពាក់នូវម៉ូទ័រអគ្គិសនីពីរ ដំណើរការដោយប្រព័ន្ធ AWD មានកំលាំងសរុប 390kW ឬ 523 សេះ ភ្ជាប់ដំណើរការដោយម៉ាស៊ីន 1.5-liter សម្រាប់ប្រព័ន្ធ range-extended។ Maextro S800 ក៏នឹងមានជម្រើស tri-motor ដែលមានកំលាំងសរុប 635kW ផងដែរ។ Maextro S800 នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងខែឧសភា ឆ្នាំ 2025 ជាមួយតម្លៃចាប់ពីខ្ទង់ $136,000 ដល់ $205,000៕
Maextro S800 រថយន្តប្រណិតលំដាប់អភិជន ប្រកាសលក់នៅចិន តម្លៃជាង 13 ម៉ឺនដុល្លារ