ស្វែងរកពួកយើង:

Maextro S800 រថយន្តស៊េរីថ្មីបែបប្រណិតបានបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិន ជាមួយតម្លៃ......

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2024 07:15 យប់

អាន 3 នាទី

Article image
Maextro គឺជាម៉ាកយីហោរថយន្តអគ្គិសនីទី 4 ដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Huawei HIMA។ រថយន្តដំបូងរបស់ Maextro ដែលមានឈ្មោះថា S800 ត្រូវបានក្រុមហ៊ុនប្រកាសដាក់ឲ្យធ្វើការបញ្ជាទិញមុននៅអំឡុងព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate Series កាលពីថ្ងៃទី 26 ខែវិច្ឆិកា ម្សិលមិញនេះ។ រថយន្តអគ្គិសនីប្រណិត Luxury Sedan មួយនេះត្រូវបានក្រុមហ៊ុនធ្វើការដាក់លក់ក្នុងតម្លៃខ្ទង់ $137,950 ទៅ $206,950 ដែលតម្រូវឲ្យអតិថិជនធ្វើការកក់តម្លៃមុនប្រមាណ $2,750។
ម៉ាកយីហោរថយន្ត Maextro ត្រូវបានបង្កើតឡើងពីការចាប់ដៃគូសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត JAC។ ក្នុងពេលបច្ចុប្បន្ននេះ មានម៉ាករថយន្តចំនួន 4 ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ Harmony Intelligent Mobility Alliance ហៅកាត់ថា HIMA របស់ក្រុមហ៊ុន Huawei។
Article image
Maextro S800 គឺជាប្រភេទរថយន្តអគ្គិសនី Sedan ដែលផលិតឡើងសម្រាប់ប្រកូតប្រជែងជាមួយរថយន្ត Sedan លំដាប់អភិជនដូចជា Merce-des Maybach ក្នុងត្រកូល S-Class និង Rolls-Royce ជាដើម។  S800 របស់ Maextro មានប្រវែងបណ្តោយ 5,480mm/ ទទឹង 2,000mm/ កំពស់ 1,536mm និងមានគម្លាតចន្លោះកង់មុខក្រោយ 3,370mm។
Article image
តាមការបញ្ជាក់ពីលោក Richard Yu ដែលជាអគ្គនាយកក្រុមហ៊ុន Huawei Smart Car បានមានប្រសាសន៍ថា  S800 គឺជាប្រភេទរថយន្ត Sedan ដែលមានទំហំធំពេញខ្នាតប្រមាណ 99.99% ធៀបនឹងរថយន្តប្រភេទដូចគ្នាដែលកំពុងចរាចរលើដងវិថីបច្ចុប្បន្ន។ Maextro S800 ស្ថិតក្នុងខ្នាតស្តង់ដាររចនា D+ Class Executive Sedan។ យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ពីសមត្ថភាពនៃប្រព័ន្ធផលិតកំលាំង ឬ Powertrain របស់ S800 នៅឡើយទេ ដោយគ្រាន់តែដឹងថា រថយន្តស៊េរីថ្មីនេះបច្ចុប្បន្ន គឺជាម៉ូដែលប្រើអគ្គិសនីសុទ្ធ (all-electronic)។ Maextro S800 នឹងមានជម្រើសពីរពណ៌ គឺពណ៌ស្វាយលាយដំបូលពណ៌ប្រាក់ហៅថា Purple-silver និងពណ៌ខ្មៅសុទ្ធ all-black color។
Article image
Maextro S800 គាំទ្រនូវប្រព័ន្ធមុខងារទំនើបឆ្លាតវៃដូចជា Super Cruise, Super Maneuverability, Super Awareness, Super Privacy, Super Communication, Super AI, Super Protection, និង Super Reliability ជាដើម។ បន្ថែមពីនេះ S800 ក៏គាំទ្រនូវប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិឆ្លាតវៃកម្រិតខ្ពស់ L3 self-driving capability ដែលធ្វើការជាមួយនឹងប្រព័ន្ធសែនស័រ LiDAR នៅលើដំបូលខាងមុខ។
Article image
ជាងនេះទៅទៀត Maextro S800 ក៏នឹងមានប្រព័ន្ធជំនួយការក្នុងការប្រើប្រាស់នៅលើកាប៊ីនដែលរួមមានដូចជា intelligent driving intelligent cockpit និង intelligent domain control។ រថយន្ត Luxury Sedan របស់ Huawei-JAC មួយនេះត្រូវបានផលិតឡើងតាមប្រព័ន្ធស្តង់ដារ Turing platform ជំនាន់ទីពីរ៕