Maextro គឺជាម៉ាកយីហោរថយន្តប្រណីតកម្រិត Premium Luxurious ដែលបង្កើតឡើងក្រោមកិច្ចសហការវិនិយោគទុនរួមគ្នារវាង JAC Motor និង Huawei។ រថយន្តដំបូងរបស់ Maextro ជាប្រភេទ Luxury sedan ម៉ូដែល S800 ដែលបានចេញលក់ផ្លូវការណ៍កាលពីខែឧសភា ឆ្នាំ 2025។ រថយន្តប្រណីតមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារ ជាពិសេសនៅក្នុងប្រទេសចិនតែម្តង ដោយកាលពីឆ្នាំ 2025 ការលក់សរុបរបស់ Maextro S800 មានចំនួនច្រើនជាងឡានប្រណីតរបស់ឡានអាល្លឺងម៉ង់ និងអង់គ្លេស ដូចជា Porches Panamera , BMW 7 Series និង Mercedes-Benz Maybach S-Class បូកបញ្ចូលគ្នាទៅទៀត។
ដោយឡែកនៅពេលនេះ Maextro ត្រូវបានគេរាយការណ៍ថា បានធ្វើការចុះបញ្ចីរថយន្តថ្មីមួយបន្ថែមទៀតដែលជាប្រភេទឡាន MPV EREV ម៉ូដែល V800។ យោងទៅលើបញ្ចីដែលបានចុះដោយស្ថាប័ន MIIT បានបង្ហាញថា Maextro V800 ជាប្រភេទ Luxury MPV ដែលមានបំពាក់ម៉ាស៊ីនសាំង 1.5T ICE សម្រាប់មុខងារ EREV ឬ Extended-range និងបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ។ ទន្ទឹមនឹងនេះ សម្រាប់ម៉ូដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (BEV) ក៏ត្រូវបានគេរំពឹងទុកថានឹងមានសម្រាប់ម៉ូដែល V800 ផងដែរ។ នៅលើឯកសារចុះបញ្ចីបានបង្ហាញបន្ថែមទៀតថា Maextro V800 មានប្រវែងតួរ 5,459mm/ ទទឹង 2,006mm/ កំពស់ 1,850mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,430mm ជាមួយទំងន់សរុបដល់ 3,800kg។
ឡាន Luxurious MPV ស៊េរីថ្មីនេះ នឹងមានជម្រើសកៅអីបីជួរ និង 6-កៅអី ហើយក៏អាចនឹងមានជម្រើសម៉ូដែលមាន 4-កៅអី ផងដែរ។ Maextro V800 ប្រើប្រាស់ម៉ាស៊ីនសាំង 1.5T ICE លេខស៊េរី M8100PHD ផលិតដោយ JAC មានកម្លាំងបាន 127kW ប៉ុន្តែ ម៉ាស៊ីននេះ មិនភ្ជាប់ទៅកាន់កង់សម្រាប់ដំណើរការបើកបរនោះទេ ដោយវាមានតួនាទីធ្វើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងទៅឲ្យកញ្ចប់ថ្ម ឬ ផ្តល់ជំនួយដល់ប្រព័ន្ធដំណើរការម៉ូទ័រអគ្គិសនីរបស់រថយន្តតែប៉ុណ្ណោះ ដោយតួរនាទីអូសទាញបង្វិលកង់ទាំងបួនរបស់ V800 ត្រូវពឹងលើប្រព័ន្ធម៉ូទ័រអគ្គិសនីទាំងពីរ។
Maextro V800 បំពាក់ម៉ូទ័រអគ្គិសនីប្រភេទ e-Motor ដោយម៉ូទ័រខាងមុខមានកម្លាំង 160kW និងម៉ូទ័រខាងក្រោយមានកម្លាំង 230kW សរុបកម្លាំងម៉ូទ័រទាំងពីរស្មើរនឹង 390kW ឬ 523 សេះ។ សម្រាប់ទំហំកញ្ចប់ថ្មដែលប្រើនៅលើ V800 មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ គ្រាន់តែដឹងថា នឹងប្រើប្រាស់កញ្ចប់ថ្មរបស់ CATL។ ទោះជាបែបនេះក្តី បើតាមប្រភពព័ត៌មានបានបង្ហើបថា ទំហំកញ្ចប់ថ្មរបស់ Maextro V800 អាចមានទំហំ 65kWh ដែលសមល្មមក្នុងការបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយប្រហែល 280km ក្រោមស្តង់ដារ CLTC នៅពេលសាកភ្លើងពេញម្តង។


