
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវរ៉េមជំនាន់ថ្មី LPDDR5X RAM ជាមួយនិងល្បឿនលឿនដល់ទៅ 10.7Gbps។ នៅថ្ងៃនេះ មានដំណឹងថា មានបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek អាចប្រើប្រាស់បានជាមួយនិងរ៉េមនេះហើយ។ ក្រុមហ៊ុន Samsung បានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនផលិតបន្ទះឈីប MediaTek បញ្ចេញនូវបន្ទះឈីបថ្មី Dimensity 9400 គាំទ្រដោយរ៉េម 16GB ប្រភេទ LPDDR5X RAM នេះ ហើយ។ យោងតាមការបញ្ជាក់របស់ Samsung បានអោយដឹងថា ការតេស្តទៅលើប្រតិបត្តិការនះ គឺមានរយៈពេល 3 ខែហើយ។
សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន MediaTek នៅមិនទាន់មានការបញ្ចេញព័ត៌មានលំអិតរបស់បន្ទះឈីប Dimensity 9400 នៅឡើយទេ ប៉ុន្តែពេលនេះ មានការបញ្ជាក់ថា បន្ទះឈីប Dimensity 9400 គឺនឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យារ៉េមជំនាន់ថ្មីនេះហើយ។ ក្រុមហ៊ុន MediaTek បានបន្តថា បន្ទះឈីបនេះ នឹងមានការប្រកាសចេញនៅពាក់កណ្តាលឆ្នាំ 2024 ខាងមុខនេះ។ ទាក់ទងនឹងរ៉េមនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា LPDDR5X ថ្មីនេះ គឺមានការពង្រឹងល្បឿនលឿនជាងមុន 25% ទៅលើ Power efficiency និង performance។ ហើយរ៉េមនេះ ក៍នឹងមានការគាំទ្រដល់បច្ចេកវិទ្យា AI Performance នៅលើស្មាតហ្វូនផងដែរ។
តាមប្រសាសន៌របស់លោក JC Hsu ដែលជានាយករងផ្នែកសហប្រតិបត្តិការរបស់ក្រុមហ៊ុន MediaTek បានអោយដឹងថា កិច្ចសហការគ្នារវាងក្រុមហ៊ុន Samsung Electronics នៅពេលនេះ គឺបានធ្វើអោយបន្ទះឈីបជំនាន់ថ្មី Dimensity របស់ MediaTek ក្លាយជាបន្ទះឈីបដំបូងគេបំផុត ដែលមានការទ្រទ្រង់បានជាមួយនិងបច្ចេករ៉េមជំនាន់ថ្មី LPDDR5X នេះ។

ជាមួយនិងសមិទ្ធិផលថ្មីរបស់ក្រុមហ៊ុន Samsung Electronics និង MediaTek នេះ គឺនឹងធ្វើអោយដំណើរការរបស់បច្ចេកវិទ្យា AI កាន់តែមានរលូន និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ជាពិសេសសម្រាប់ការផ្លាស់ប្តូរនូវស្ថាបត្យកម្មនៅលើឈីបនេះ ក៏នឹងមានការបន្ថែមរួចជាស្រេចនូវដំណើរការបច្ចេកវិទ្យា AI functionality និងអនុភាពថ្មីនៃល្បឿនរត់ថែមទៀតផង។ អ្វីដែលរឹតតែពិសេស គឺវាអាចជួយស្មាតហ្វូនអាចសន្សំសំចៃថាមពលថ្ម បានច្រើនជាងមុនផងដែរ។
