
នៅក្នុងពេលដែលក្រុមហ៊ុនជាច្រើន បានរៀបចំនូវព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូនថ្មីៗរបស់ខ្លួននោះ នៅពេលនេះ ក្រុមហ៊ុន Meizu ក៏បានត្រៀមខ្លួននៅក្នុងការចូលទៅក្នុងទីផ្សារស្មាតហ្វូនវិញហើយ តាមរយៈការបញ្ចេញនូវស្មាតហ្វូន Meizu 22 Series។ សូមជំរាបថា កាលពីពេលមុន ក្រុមហ៊ុននេះក៏ធ្លាប់ត្រូវបានគេដឹងថា មានគម្រោងបញ្ឈប់ការផលិតទៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ។
បើតាមអ្នកទម្លាយ Digital Chat Station កាលពីដើមឆ្នាំនេះ ក៏ទើបតែបញ្ជាក់ថា ក្រុមហ៊ុន Meizu កំពុងតែធ្វើការនៅលើស្មាតហ្វូន Meizu 22 Series របស់ខ្លួន ប៉ុន្តែសម្រាប់កាលបរិច្ឆេទផ្លូវការនៅមិនទាន់បានដឹងនោះទេ។ ពេលនេះ អ្នកទម្លាយ Smart Pikachu ទម្លាយថា ស្មាតហ្វូន Meizu 22 series នឹងក្លាយជាម៉ូដែលមួយដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូននេះ នឹងមានការឌីស្សាញពណ៌ស ដូចទៅនឹងម៉ូដែលមុនអញ្ចឹង។

អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុននេះក៏មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូន 2 ទៀតដែលមួយនឹងមានរូបរាងតូចសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តទំហំនេះ និងមួយទៀតដែលមានអេក្រង់ធំ។ ស្មាតហ្វូនទាំងពីរនេះគឺផ្តោតទៅលើការភ្ជាប់ទំនាក់ទំនងនៅក្នុងរថយន្តតាមរយៈការប្រើប្រាស់នូវមុខងារ Flyme Auto ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Meizu ក៏បានតេស្តទៅលើការប្រើប្រាស់នូវប៊ូតុង AI ដែលមានមុខងារ និងភាពច្នៃប្រឌិតជាច្រើនទៀត។
ជាធម្មតាក្រុមហ៊ុន Meizu តែងតែផ្តោតទៅលើការឌីស្សាញទម្រង់ដដែល ហើយកន្លងមក ក៏ប្រឈមមុខទៅនឹងការរិះគន់ជាច្រើនទៅលើការឌីស្សាញ និងសមត្ថភាពនៃកាមេរ៉ានៃស្មាតហ្វូននិមួយៗថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុន Meizu បានសម្រេចបំពាក់នូវបច្ចេកវិទ្យា imaging technologies កម្រិតខ្ពស់ និងមានការគាំទ្រដោយ software optimizations ដើម្បីបង្កើនទៅលើសមត្ថភាពនៃការថតរូបភាពផងដែរ។ ស្មាតហ្វូន Meizu 22 series នឹងមានអេក្រង់ OLED panels គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 1.5K resolution សម្រាប់ម៉ូដែលស្តង់ដារ និងកម្រិត 2K Resolution សម្រាប់ម៉ូដែល Pro។

គួររំលឹកផងដែរថា ក្រុមហ៊ុន Meizu ធ្លាប់បានបង្ហាញនូវស្មាតហ្វូន Meizu 21 series របស់ខ្លួន នៅក្នុងឆ្នាំ 2023 ហើយនឹងប៉ុន្មានម៉ូដែលទៀតនៅក្នុងឆ្នាំ 2024 ដែលមានដូចជាម៉ូឌែល Meizu 21 Pro កាលពីខែកុម្ភៈ និងស្មាតហ្វូន Meizu 21 Note នៅក្នុងខែឧសភា។
សម្រាប់ស្មាតហ្វូន Meizu 21 Pro គឺមានការប្រើប្រាស់នូវអេក្រង់ទំហំ 6.79 អ៊ីង កម្រិត 2K+ ល្បឿន 120Hz LTPO AMOLED display ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 16GB និងម៉េមូរី 1TB។ និយាយពីការថតរូបវិញ គឺមានកាមេរ៉ាគោលទំហំ 50MP ហើយនិងមានថាមពលថ្មទំហំ 5050mAh ជាមួយនឹងបច្ចេកវិទ្យា 80W wired និង 50W wireless charging។

នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់ប្រព័ន្ធការពារទឹក និងធូលី កម្រិត IP68។ នៅក្នុងខែកញ្ញាឆ្នាំ 2024 នេះ ក្រុមហ៊ុន Meizu ក៏បានប្តបញ្ចេញនូវស្មាតហ្វូន Note 21 series និង Lucky 08 ផងដែរ។ ក្រឡេកមក ស្មាតហ្វូន Meizu 22 series ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅឆ្នាំ 2025 ខាងមុខនេះហើយ៕
