
បន្ទាប់ពីការជូនដំណឹងស្តីពីការបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួនរួចមក នៅពេលនេះ ក្រុមហ៊ុន Meizu បានចេញមកទម្លាយ នូវកាលបរិច្ឆេទនៅក្នុងការបង្ហាញជាផ្លូវការនូវស្មាតហ្វូនទី 3 នៃត្រកូល Meizu 21 series របស់ខ្លួនថែមទៀតហើយ ដោយម៉ូដែលនេះ គឺមានឈ្មោះថា Meizu 21 Note។ ខណៈពេលដែលស្មាតហ្វូន Meizu 21 និង 21 Pro បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3 នោះ ម៉ូដែលថ្មី Note នោះ ត្រូវបានគេបញ្ជាក់ថា អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ប៉ុណ្ណោះ។
បើមានការទម្លាយព័ត៌មានខាងលើនេះ បានអោយដឹងថា កាលបរិច្ឆេទផ្លូវការក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងប្រទេសចិន គឺនឹងធ្វើឡើងនៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Meizu ក៏ទើបតែទម្លាយនូវរូបភាព Poster ដែលមានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន 21 Note នេះក៏មានអេក្រង់រាបស្មើជាមួយនឹងគែម bezels ស្តើង ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានប្រព័ន្ធកាមេរ៉ាភ្លោះជាមួយនឹងភ្លើង RGB ring LED flash ហើយវាមានពណ៌ស និងពណ៌ខ្មៅថែមទៀតផង។
សូមជំរាបថា ការឌីស្សាញបែកធ្លាយមុននេះ ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺមានផ្នែកខាងក្រោយដែលស្រដៀងគ្នាទៅនឹង iPhone។ បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.8-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 SoC រ៉េមទំហំ 16GB និងថាមពលថ្មទំហំ 5,500mAh។ ស្មាតហ្វូននេះ នឹងមានបំពាក់នូវ Flyme “AIOS” និងផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14។

ការបែកធ្លាយជាច្រើនមុននេះ គឺមានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរ៉េម LPDDR4x RAM និងមានការគាំទ្រនូវកម្លាំងសាក 66W fast charging ហើយនិងមានកាមេរ៉ាខាងមុខទំហំ 16-megapixel រួមជាមួយនិងកាមេរ៉ាខាងក្រោយទំហំ 50-megapixel ដែលជាសិនស័រ Sony IMX882 ដែលគាំទ្រនូវមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរមានទំហំ 8-Megapixel។ នៅលើស្មាតហ្វូននេះ ក៏នឹងមានបំពាក់នូវ dual speakers, x-axis linear motor, NFC, IR កញ្ចក់នៅខាងក្រោយ គែមធ្វើពីលោហធាតុ និង IP53 សម្រាប់ការពារធូលី និងទឹកថែមទៀតផង៕
