បើយោងតាមបណ្តាញសារព័ត៌មាន 36kr ក្នុងប្រទេសចិន បានចេញផ្សាយថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្តប្រណីត Mercedes-Benz បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតគ្រោងឆ្អឹងឡានអគ្គិសនីថ្មី New EV Platform ដោយប្រើប្រាស់នូវស្ថាបត្យកម្មឡានអគ្គិសនី EV Platform របស់ក្រុមហ៊ុន Geely។
ហើយនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់រយះពេល 130 ឆ្នាំ របស់ Mercedes-Benz ក្នុងការផ្លាស់ប្តូរការអភិវឌ្ឍន៍គ្រោងឆ្អឹងរថយន្តថ្មីដោយឯករាជ្យទៅកាន់មណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវនៅក្រៅទឹកដីកំណើត គឺប្រទេសអាល្លឺម៉ង។ ហើយនៅពេលនេះមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅប្រទេសចិនរបស់ក្រុមហ៊ុនផលិតរថយន្តប្រណីតអាល្លឺម៉ង់នេះ នឹងបម្រើជាទីស្នាក់ការកណ្តាលសកលសម្រាប់ការអភិវឌ្ឍរថយន្តខ្នាតតូច ខណៈដែលមជ្ឈមណ្ឌលអភិវឌ្ឍន៍អាល្លឺម៉ង់នឹងផ្តោតលើការអភិវឌ្ឍរថយន្តទំហំមធ្យម និងខ្នាតធំ។
យោងតាមប្រភពឧស្សាហកម្មដែលត្រូវបានដកស្រង់ការផ្សាយបន្តដោយ 36kr បានបង្ហាញថា Mercedes-Benz បានដាក់ឱ្យដំណើរការវេទិការថយន្តថ្មី “New Vehicle Platform” មានឈ្មោះថា "Phoenix" ដែលនឹងគាំទ្រដល់ការផលិតរថយន្តអគ្គិសនីកម្រិតមធ្យម “Entry-level EV” សម្រាប់ទីផ្សារទូទាំងពិភពលោក។ ដែលដំបូងឡើយ New Vehicle Platform ត្រូវបានគ្រោងនឹងចូលក្នុងផលិតកម្មនៅប្រហែលឆ្នាំ 2030 ដែលនឹងរួមបញ្ចូលនូវស្ថាបត្យកម្មឡានអគ្គិសនី GEEA EV architecture របស់ Geely។ សម្រាប់គ្រោងឆ្អឹងថ្មីនេះ នឹងជំនួសគ្រោងឆ្អឹង MMA Platform បច្ចុប្បន្នរបស់ Mercedes ហើយនិងត្រូវប្រើសម្រាប់ការផលិតរថយន្តខ្នាតតូចៗរួមមានម៉ូដែល A-Class, B-Class, GLA, GLB និង CLA សម្រាប់ទីផ្សារទូទាំងពិភពលោក។
ចាប់តាំងពីចុងខែមករា ឆ្នាំ 2026 មក គណៈគ្រប់គ្រងក្រុមហ៊ុន Mercedes-Benz បានទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Hangzhou Bay R&D របស់ Geely ជាបន្តបន្ទាប់។ ដែលបានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សទាំងពីរកំពុងចរចារសម្រាប់កិច្ចសហការគ្នាពាក់ព័ន្ធនិងគម្រោងនៃការអភិវឌ្ឍន៍សម្រាប់កម្រិតបច្ចេកវិទ្យាប្រព័ន្ធបច្ចេកវិទ្យារថយន្តអគ្គិសនី vehicle electronics និង electrical architecture ដែលជាគ្រឹះសម្រាប់ដំណើរការផលិតរថយន្តឆ្លាតវៃ និងប្រព័ន្ធជំនួយសុវត្ថិភាពអ្នកបើកបរកម្រិតខ្ពស់។
បើតាមប្រភពដែលជិតស្និទ្ធនឹង Mercedes បញ្ជាក់ថា ក្នុងរយៈពេល 1 ទៅ 2 ឆ្នាំចុងក្រោយនេះ Mercedes-Benz បានសិក្សាពីវិធីកាត់បន្ថយលើការចំណាយក្នុងសង្វាក់ផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។ ហើយការការសម្រេចចិត្តក្នុងការចាប់ដៃសហការជាមួយ Geely Group លើនេះ ក៏ជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញដែលត្រូវបានពិភាក្សាដោយអគ្គនាយកក្រុមហ៊ុនលោក Ola Källenius និងក្រុមគណៈគ្រប់គ្រងក្រុមហ៊ុន Mercedes-Benz ផងដែរ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមហ៊ុន Mercedes-Benz មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមការងារវិស្វកម្មរថយន្តរបស់ប្រទេសចិន។ ហើយបន្ទាប់ពីបានធ្វើការសិក្សាយ៉ាងទូលំទូលាយទៅលើការរុះរើពិនិត្យរថយន្តម៉ូដែល Zeekr 001 ហើយក្រុមវិស្វករ Mercedes បានទទួលស្គាល់ពីគុណភាពបច្ចេកទេសផលិតរបស់រថយន្តនេះ ខណៈពេលដែលតម្លៃដើមក្នុងការផលិត គឺទាបជាងរថយន្ត Mercedes ច្រើន។
នាពេលកន្លងមកក្រុមហ៊ុន Volkswagen ក៏បានសហការជាមួយ Xpeng, ក្រុមហ៊ុន Stellantis បានសហការជាមួយ Leapmotor និងក្រុមហ៊ុន Renault បានសហការជាមួយ Geely។ រីឯក្រុមហ៊ុន Ford ក៏ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចកើតមានជាមួយ Geely លើប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងកម្មវិធីតភ្ជាប់ឆ្លាតវៃផងដែរ (autonomous driving & software connectivity) ផងដែរ៕



