ស្វែងរកពួកយើង:

MG ត្រៀមបញ្ចេញរថយន្ត Compact Sedan EV និង Large Plug-in-hybrid នៅឆ្នាំ 2025

ដោយ

Koun Jab Luffy

23 ធ្នូ 2024 05:54 ល្ងាច

អាន 3 នាទី

Article image
កាលពីពេលថ្មីៗនេះលោក Zhou Yan ដែលជាអ្នកចាក់ការទូទៅនៃក្រុមហ៊ុនម៉ាករថយន្ត MG របស់សម្ព័ន្ធក្រុមហ៊ុន SAIC បានបង្ហើបថា MG នឹងដាក់បង្ហាញរថយន្តស៊េរីថ្មីចំនួន 2 ម៉ូដែលនៅឆ្នាំ 2025 ដែលមួយជារថយន្តប្រភេទ Sedan ដំណើរការដោយអគ្គិសនីសុទ្ធ និងមួយទៀតជាប្រភេទរថយន្ត SUV ខ្នាតធំ 5 កៅអីដំណើរការដោយប្រព័ន្ធ Plug-in Hybrid។  យ៉ាងណាមិញលោក Zhou មិនបានបញ្ជាក់ថា រថយន្តទាំងពីរនេះ នឹងមានដាក់លក់នៅទីផ្សារសកលក្រៅពីទីផ្សារប្រទេសចិននៅឡើយទេ។
កាលពីដើមខែនេះ លោក Zhou បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ម៉ូឌែលថ្មីរបស់ MG ដែលចេញលក់នៅឆ្នាំក្រោយ នឹងត្រូវបានបំពាក់ដោយថ្មអគ្គិសនីប្រភេទ semi-solid state batteries។ បច្ចុប្បន្ននេះ ស្រឡាយរថយន្តអគ្គិសនីរបស់ MG មានរថយន្តប្រភេទ Supercar ម៉ូដែល EXE181 electric hypercar និង Cyberster electric roadster រួមជាមួយរថយន្តប្រភេទ Sedan ចំនួន 4 គ្រឿងមានដូចជា MG5, MG6, MG5 Scorpio, និងរថយន្ត hatchback ម៉ូដែល MG7 និង MG4 EV ក៏ដូចជាប្រភេទ SUV ដែលមានចំនួនបីម៉ូដែល គឺ MG One, MG ZS, និង MG ES5។
Article image
លើសពីនេះ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ក្រុមហ៊ុន MG ត្រូវបានគេរំពឹងថា នឹងដាក់លក់រថយន្តប្រភេទ SUV-7 កៅអីនៅលើទីផ្សារប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2025 ដែលនឹងមានឈ្មោះថា "MG QS" ដែលអាចជាបងប្អូនរបស់ Roewe RX9 ដែលរថយន្ត SUV-7 កៅអីថ្មីនេះ អាចនឹងប្រើប្រាស់ម៉ាស៊ីនប្រភេទ Hybrid 1.5T។
MG មានដើមកំណើតនៅចក្រភពអង់គ្លេសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1924។ ហើយក្នុងឆ្នាំ 2005  MG ត្រូវបានទិញដំបូងដោយក្រុមហ៊ុន Nanjing Automobile Group របស់ប្រទេសចិន។ បន្ទាប់មកនៅឆ្នាំ 2007 សម្ព័ន្ធក្រុមហ៊ុន SAIC បានទិញយកក្រុមហ៊ុន Nanjing Automobile ។ ដូចនេះ MG ត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងសម្ព័ន្ធក្រុមហ៊ុន SAIC ហើយបានក្លាយជាម៉ាកយីហោរថយន្តផ្លូវការណ៍ក្នុងស្រុករបស់ប្រទេសចិន។
ទិន្នន័យបង្ហាញថាការលក់របស់ MG នៅក្នុងទីផ្សារពិភពលោកកំពុងកើនឡើងជាលំដាប់។ ប៉ុន្តែ ផ្ទុយទៅវិញ ការលក់នៅប្រទេស ចិនកំពុងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ចាប់ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 ការលក់ប្រចាំឆ្នាំនៅលើទីផ្សារសកលរបស់ MG មានចំនួន 298,000, 310,000, 470,000, 660,000 និង 840,000 គ្រឿងក្នុងឆ្នាំរៀងៗគ្នា ដែលធ្វើឲ្យម៉ាករថយន្ត MG ជាប់ចំណាត់ថ្នាក់ទីមួយក្នុងការនាំចេញរថយន្តម៉ាកតែមួយរបស់ប្រទេសចិន ក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា និងមានប្រហែល 70%សម្រាប់ការលក់រថយន្តសរុបរបស់ SAIC។
Article image
ក្នុងឆ្នាំ 2023 សម្ព័ន្ធក្រុមហ៊ុន SAIC បានដាក់ចេញ "ផែនការសម្រាប់សកម្មភាពបីឆ្នាំលើកការអភិវឌ្ឍន៍រថយន្តដំណើរការដោយថាមពលថ្មីហៅថា (New Energy Vehicles)" ដើម្បីជម្រុញការលក់របស់ខ្លួនឲ្យបានដល់គោលដៅនៃការលក់ប្រចាំឆ្នាំចំនួន 3.5 លានគ្រឿងសម្រាប់រថយន្ត NEVs នៅឆ្នាំ 2025៕