
កាលពីថ្ងៃទី 29 ខែធ្នូនេះ SAIC ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់របស់ប្រទេសចិន បានចាប់ដៃគ្នាជាមួយនិង Mansour Group របស់ប្រទេសអេហ្ស៊ីប បានចាប់ដៃគ្នាវិនិយោគទឹកប្រាក់ចំនួន 135 លានដុល្លារបង្កើតរោងចក្រផលិតរថយន្តនៅអេហ្ស៊ីបសម្រាប់សង្វាក់ផលិតកម្មទៅលើរថយន្តម៉ូដែលថ្មីរបស់ MG នៅក្នុងទីផ្សារប្រទេសនេះ។
បើតាមរបាយការណ៌ខាងលើនេះ បានបញ្ជាក់ថា សម្រាប់ម៉ូដែលដំបូងដែលក្រុមហ៊ុនទាំងពីរនេះ នឹងផលិតឡើងនោះ គឺម៉ូដែល MG5 ហើយបន្ទាប់មកនឹងមានម៉ូដែល SUVs រួមជាមួយនិងម៉ូដែលប្រណិតៗជាច្រើនទៀត។ យោងតាមកិច្ចព្រមព្រៀងខាងលើនេះ ក្រុមហ៊ុន Mansour Mobility & Manufacturing (MMM) ដែលជាបុត្រសម្ព័ន្ធរបស់ Mansour Group នឹងធ្វើការចុះកិច្ចសន្យាជាមួយអជ្ញាធ័រ Public Authority of Land និង Dry Ports របស់ប្រទេសអេហ្ស៊ីប ធ្វើការតម្លើងនូវរោងចក្រថ្មីមួយដែលមានការបំពាក់នូវបច្ចេកវិទ្យាទំនើប និងមានការដាក់អោយដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិទៅលើសង្វាក់ផលិតកម្មថែមទៀតផង។

រោងចក្រនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅប្រទេសនេះ ដោយជំហានដំបូង គឺនឹងមានការើផលិតរថយន្តអោយបានចំនួន 50,000 គ្រឿងនៅក្នុងមួយឆ្នាំ នឹងបន្តទៅជំហានទី 2 ចំនួន 100,000 គ្រឿងនៅក្នុងមួយឆ្នាំ។

សូមជំរាបថា រថយន្ត MG5 គឺជាម៉ូដែលថ្មីមួយ ដែលក្រុមហ៊ុននេះបង្ហាញចេញជាលើកដំបូងនៅប្រទេសចិន កាលពីខែកញ្ញាឆ្នាំ 2024 កន្លងទៅនេះ ដោយមានចំនួន 3 ម៉ូដែលផ្សេងគ្នា។ រថយន្តនេះ មានតម្លៃចាប់ពី 81,900 យ៉ន់ ទៅ 95,900 យ៉ន់ ដែលប្រហាក់ប្រហែល 11,200 ដុល្លារ ទៅ 13,100 ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។ បើក្រឡេកទៅមើលម៉ូដែលដំបូងរបស់ MG5 នោះ គឺត្រូវបានក្រុមហ៊ុននេះប្រកាសចេញនៅលើទីផ្សារប្រទេសចិន តាំងពីឆ្នាំ 2012 មកម្លេះ។ រថយន្តនេះ ទំហំ 4715/1842/1473mm និងមានគម្លាតកង់មុខក្រោយ 2680mm។

