
យោងតាមអ្នកវិភាគ Ming-Chi Kuo ដែលជាអ្នកចែកចាយព័ត៌មានរបស់ Apple បានបញ្ជាក់នៅថ្ងៃនេះថា ក្រុមហ៊ុន Apple មិនមានគម្រោងនៅក្នុងការប្រើប្រាស់នូវបន្ទះទង់ដែងស្រោបជ័រ Resin-Coated Copper ទៀតនោះទេ នៅលើ Logic Boards របស់ iPhone 17 Series ដែលក្រុមហ៊ុននេះ គ្រោងនឹងធ្វើការសម្ពោធជាផ្លូវការណ៌នៅឆ្នាំក្រោយនេះ។ លោក Kuo បាននិយាយថា ការប្រើប្រាស់នូវ Resin-Coated Copper គឺមិនអាចបំពេញនូវតម្រូវការគុណភាពខ្ពស់របស់ក្រុមហ៊ុន Apple បាននោះទេ។
នៅក្នុងនោះក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នូវ Resin-coated copper តែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះនៅលើ iPhones ប្រហែលជាដល់ទៅជំនាន់ iPhone 18។ គួរបញ្ជាក់ផងដែរថា សម្រាប់ទង់ដែងស្រោបជ័រ Resin-Coated Copper នេះ គឺជាស្រទាប់ស្តើងមួយនៃបន្ទះទង់ដែង (Copper Foil Coated) ដែលភ្ជាប់ជាមួយនឹងជ័រ resin ដូចជាអេប៉ូស៊ី (Epoxy)។ ការប្រើប្រាស់នូវសមាសភាគនេះ គឺនឹងអនុញ្ញាតអោយបន្ទះ Logic Board មានកម្រ៉ាស់កាន់តែស្តើងជាងមុន ហើយក៏នឹងមានទំហំធំជាងមុនសម្រាប់ដាក់បញ្ចូលនូវសិនស័រ និងសមាសភាគជាច្រើនទៀតសម្រាប់ iPhones នាពេលខាងមុខ។

ទាក់ទងនឹងព័ត៌មាននេះ មានពាក្យចចាមអារ៉ាមថា យ៉ាងហោចណាស់ស្មាតវ៉ចមួយនៅក្នុងត្រកូល Apple Watch ដែលមានវត្តមាននៅក្នុងឆ្នាំនេះ ក៏អាចនឹងត្រូវបានក្រុមហ៊ុន Apple ដាក់អោយប្រើប្រាស់នូវ Resin-Coated Copper នេះផងដែរ ប៉ុន្តែគេនៅមិនទាន់ច្បាស់នោះទេថា គម្រោងនេះ អាចជាការពិត ឬក៏មានការពន្យារពេលយ៉ាងណានោះទេ៕
