
រថយន្ត SUV ពេញខ្នាតស៊េរីថ្មីឆ្នាំ 2026 Mitsubishi Pajero បានទៅដល់ប្រទេសអូស្រ្តាលីសម្រាប់ការធ្វើតេស្តបើកបរសាកល្បង នៅមុនការបង្ហាញខ្លួនជាសលកផ្លូវការណ៍មកដល់។ Pajero ស៊េរីថ្មីឆ្នាំ 2026 នេះ ត្រូវបានគេដឹងថាបានប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងសាក់ស៊ីប្រភេទ body-on-frame ដូចគ្នានឹងម៉ូដែល Triton ស៊េរីថ្មីដែរ ហើយត្រូវបានគេរំពឹងថានឹងធ្វើឱ្យឈ្មោះរថយន្ត Pajero រស់ឡើងវិញ ជាជាងបន្តប្រើឈ្មោះហៅក្រៅថា Pajero Sport។
ទោះបីជាមានការបិទបាំងមិនបង្ហាញពីការឌីស្សាញទាំងស្រុងរបស់ Pajero 2026 ក៏ដោយ ប៉ុន្តែ មើលតាមរូបភាពបានបង្ហាញថា រថយន្ត full-size SUV ស៊េរីថ្មីនេះ គឺនៅរក្សាការឌីស្សាញបែបរាងជ្រុងដូចគ្នានឹងម៉ូដែល Pajero Sport ដដែល។ Mitsubishi Pajero 2026 ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវប្រព័ន្ធមុខងារប្រើប្រាស់ទំនើបៗថ្មីមួយចំនួន ជាមួយការកែប្រែការឌីស្សាញថ្មីមួយចំនួន បើធៀបនឹងម៉ូដែល Triton ជំនាន់ថ្មីបើទោះបីជាប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងដូចគ្នាក៏ដោយ។ Pajero ស៊េរីឆ្នាំ 2026 ត្រូវបានគេរំពឹងថា អាចនឹងត្រូវបានប្រកាសចេញដោយក្រុមហ៊ុន Mitsubishi នៅក្នុងឆ្នាំ 2026 ហើយការនាំចេញសម្រាប់ទីផ្សារអូស្ត្រាលីអាចនឹងចាប់ផ្តើមធ្វើឡើងនៅជិតថ្ងៃនៃការប្រកាសចេញជាសកលដែលអាចធ្វើឡើងនាឆមាសទីពីរនៃឆ្នាំ 2026។

Pajero ឆ្នាំ 2026 អាចនឹងប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត 2.4-litre bi-turbo diesel engine ដែលប្រើនៅលើម៉ូដែល Triton ស៊េរីថ្មី ដោយម៉ាស៊ីននេះ គឺអាចផលិតកម្លាំងបាន 150kW និងកម្លាំងរមួល 470Nm។ ចំពោះប្រព័ន្ធប្រអប់លេខវិញ គឺអាចនឹងបន្តប្រើប្រអប់លេខស្វ័យប្រវត្តិ 8-វគ្គរបស់ម៉ូដែល Pajero Sport ជាជាងប្រើប្រអប់លេខស្វ័យប្រវត្តិ 6-វគ្គរបស់ម៉ូដែល Triton។

ជាមួយគ្នានេះប្រព័ន្ធមុខងារ SuperSelect four-wheel-drive ដែលបានប្រើនៅលើម៉ូដែល Pajero ពីមុន និងម៉ូដែល Pajero Sport ក៏នឹងបន្តប្រើនៅលើម៉ូដែលឆ្នាំ 2026 ផងដែរ ដែលប្រព័ន្ធនេះវាជាជំនួយការដ៏ពិសេសសម្រាប់បើកបរទាំងនៅលើផ្លូវរត់ធម្មតា និងផ្លូវមានឧបសគ្គ off-road ដោយការបែងចែកអនុភាពថាមពលកម្លាំងឲ្យទៅកង់នីមួយៗតម្រូវតាមស្ថានភាពជាក់ស្តែង៕
