
បើយើងនិយាយពីស្មាតហ្វូនកម្រាស់ស្តើងដែលមានវត្តមាននៅលើទីផ្សារនាពេលនេះ គឺមានដូចជាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Edge, Tecno Spark Slim និង Pova Slim ហើយនិង iPhone Air ដែលស្មាតហ្វូនទាំងនេះ កំពុងតែប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ មានការទម្លាយថា Motorola បានចាប់ផ្តើមហក់ចូលទៅក្នុងចំណោមស្មាតហ្វូនដែលមានកម្រាស់ស្តើងនេះដែរហើយ។
ក្រុមហ៊ុននេះ បានចាប់ផ្តើមបញ្ចេញនូវព័ត៌មានថ្មី Moto X70 Air ហើយ ដោយមើលទៅលើឈ្មោះនេះ គឺពិតមែនហើយ ប៉ុន្តែទៅតាមទីផ្សារនិមួយៗអាចនឹងមានឈ្មោះខុសគ្នា។ តាមរយៈរូបភាពថ្មីដែលក្រុមហ៊ុន Motorola បញ្ចេញនៅពេលនេះ គឺបញ្ជាក់ច្បាស់ណាស់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជារាងស្តើងមែនទែន។ ដូច្នេះសង្ឃឹមថា ឆាប់ៗនេះ យើងនឹងទទួលបាននូវព័ត៌មានថ្មីៗជាច្រើនទៀតទាក់ទងជាមួយនិងលក្ខណៈសម្បត្តិដែលមាននៅលើស្មាតហ្វូន Moto X70 Air នេះ។ ស្មាតហ្វូននេះអាចនឹងបង្ហាញវត្តមាននៅចុងខែតុលាខាងមុខនេះហើយ។

គួរបញ្ជាក់ថា មុននេះ មានពាក្យចចាមអារ៉ាមនិយាយថា នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Gen 5 SoC ខណៈដែលក្រុមហ៊ុន Motorola ក៏មានការដាក់ឈ្មោះមួយ ដែលនឹងបង្ហាញជាមួយនិងបន្ទះឈីបនេះដែរ។ មកដល់ពេលនេះមិនទាន់មានព័ត៌មានជាក់លាកពី Moto X70 Air នៅឡើយទេ ប៉ុន្តែមានការបញ្ជាក់ថា ស្មាតហ្វូនថ្មី X series នេះ គឺអាចនឹងមាននៅតែលើទីផ្សារប្រទេសចិនមួយប៉ុណ្ណោះ។
