
ក្រុមហ៊ុន Motorola ត្រូវបានគេរាយការណ៍ថា បានធ្វើការនៅលើស្មាតហ្វូន X-series Flagship ថ្មីសម្រាប់ទីផ្សាររបស់ចិនហើយ។ ខណៈឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ នៅមិនទាន់ដឹងទេនោះ មានការរំពឹងថា ស្មាតហ្វូននេះ អាចនឹងមានឈ្មោះហៅថា Moto X70 Ultra នៅក្នុងទីផ្សាររបស់ចិន ហើយអាចនឹងមានឈ្មោះថា Motorola Edge 70 Ultra សម្រាប់ទីផ្សារសកល។ ថ្មីៗនេះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ផងដែរ។
នៅក្នុងបញ្ជី Geekbench នេះ បានបង្ហាញទៀតថា ស្មាតហ្វូនជំនាន់ថ្មី Motorola ថ្មីនេះ មានលេខម៉ូដែល XT2603-1 នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm មាន 6 cores ដែលមានល្បឿន 3.32GHz និង 2 Performance Cores មានល្បឿន3.65GHz ព្រមទាំងក្រាហ្វិកកាតរបស់ស្មាតហ្វូននេះគឺ Adreno 829 GPU។ បន្ទះឈីបថ្មីនេះ ត្រូវបានគេរំពឹងថា អាចជា Snapdragon 8 Gen 5។

បើតាមរបាយការណ៍ថ្មីមួយទៀតបានអះអាងថា ក្រុមហ៊ុន Motorola ក៏បានត្រៀមបង្ហាញស្មាតហ្វូន X70 Ultra សម្រាប់ទីផ្សារប្រទេសចិន និង Edge 70 Ultra សម្រាប់ទីផ្សារសកលជាមួយនឹងបន្ទះឈីបនេះផងដែរ។ ចំពោះលេខម៉ូឌែល XT2603-1 នេះអាចជារបស់ស្មាតហ្វូន Moto X70 Ultra ហើយអាចនឹងមានរ៉េមទំហំ 16GB និងប្រព័ន្ធប្រតិបត្តិការ Android 16។ ស្មាតហ្វូននេះមានពិន្ទុ 2,634 នៅក្នុងការតេស្ត single-core និង 7,475 នៅក្នុងការតេស្ត multi-core ។

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានអេក្រង់ OLED panel ដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 1.5K resolution។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះអាចជាកាមេរ៉ា periscope telephoto ។ ស្មាតហ្វូន Moto X70 Ultra នេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះនៅក្នុងប្រទេសចិន។ សម្រាប់ទីផ្សារសកល ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ៕
