
មួយរយៈនេះ ក្រុមហ៊ុន Motorola ហាក់ដូចជាមមាញឹកនៅក្នុងការធ្វើការនៅលើស្មាតហ្វូន Edge 50 ថ្មីរបស់ខ្លួន។ មកដល់ពេលនេះ មានវិញ្ញាបនបត្រជាច្រើនចេញពីនិយ័តករអន្តរជាតិជាច្រើនបានបង្ហាញអំពីវត្តមានរបស់ស្មាតហ្វូន Edge 50 Pro ផងដែរ។ នៅក្នុងការអាប់ដេតដ៏សំខាន់មួយ ដែលដកស្រង់ចេញពីវិញ្ញាបនបត្រ TDRA បានបញ្ជាក់ថា ស្មាតហ្វូន Motorola ថ្មីដែលមានលេខម៉ូដែល XT2402-2 គឺជាស្មាតហ្វូន Edge 50 Pro។ បើទោះបីជាមិនទាន់មានព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូននេះក៏ដោយ នៅពេលនេះ មានការបញ្ជាក់នូវឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះរួចបាត់ទៅហើយ។
បន្ថែមពីនេះទៀតនោះ នៅលើវេបសាយវិញ្ញាបនបត្រ FCC ក៏មានបង្ហាញនូវស្មាតហ្វូន Motorola ជាច្រើន ដែលមានលេខកូដ XT2403-1, XT2403-2, XT2403-4 និង XT2403-5 ផងដែរ។ នៅលើ FCC បានបន្តទម្លាយថា ស្មាតហ្វូនដែលមានលេខកូដ XT2403-2 មានទ្រទ្រង់នូវ E-SIM ថែមទៀតផង។ ក្រឡេកមកការបង្ហាញចេញនៅក្នុងប្រទេសឥណ្ឌា វិញ្ញាបនបត្រ BIS វិញ ក៏មានការបញ្ជាក់ពីស្មាតហ្វូនជាច្រើនរបស់ Motorola ដែលមានលេខកូដ XT2403-1 និង XT2431-1 ដូចគ្នា។

សូមជំរាបថា ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន Edge 50 Pro គឺជាផ្នែកមួយនៃស្មាតហ្វូន Edge 50 series ឬយ៉ាងណានោះ។ សម្រាប់ XT2403-2 គឺបង្ហាញខ្លួននៅលើ IMEI database រួចហើយ ដែលមានលេខកូដ “Macan24”។ កូដនេះ ក៏មានការទម្លាយកាលពីមុនដោយអ្នកទម្លាយ Evan Blass អំពីស្មាតហ្វូន Motorola Edge 50 Pro ហើយនៅលើ FCC និង BIS ក៏បញ្ជាក់នូវឈ្មោះដូចគ្នា។ គួរបញ្ជាក់ថា ក្រុមហ៊ុន Motorola ក៏បានចុះឈ្មោះស្មាតហ្វូន Edge 50 series នៅលើវេបសាយ TUV Rheinland រួចហើយផងដែរ។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកម្លាំងសាក 50W wireless charger, wired chargers 125W និងថាមពលថ្មដល់ទៅ 4,500mAh ថែមទៀតផង៕
