កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Motorola បានបញ្ជាក់ផ្លូវការណ៍ថា ទូរស័ព្ទអេក្រង់បត់ប្រភេទ Fold ឈ្មោះថា Razr Fold របស់ខ្លួន នឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសឥណ្ឌា គ្រាន់តែក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់។ ដោយឡែកនៅពេលនេះ Motorola បានបញ្ជាក់ជាផ្លូវការជាថ្មីថា Razr Fold នឹងមកដល់ប្រទេសឥណ្ឌានាថ្ងៃពុធ ទី 13 ខែឧសភា សប្តាហ៍ក្រោយនេះ។ ហើយនៅពេលនេះ Motorola Razr Fold បានបង្ហាញវត្តមានផ្លូវការណ៍នៅលើគេហទំព័រក្រុមហ៊ុនក្នុងប្រទេសឥណ្ឌារួចរាល់ហើយ។

បើតាមការបង្ហាញនៅលើគេហទំព័រក្រុមហ៊ុនបានបង្ហាញឲ្យឃើញថា Motorola Razr Fold មានជម្រើសម៉ូដែលមានរ៉េមទំហំ 12GB/ម៉េមូរីទំហំ 256GB និងរ៉េមទំហំ 16GB/ម៉េមូរីទំហំ 512GB ជាមួយជម្រើសបីពណ៌។ ដោយពីរពណ៌ជាប្រភេទពណ៌ Panton រួមមានពណ៌ខៀវ “Blackened Blue” និងពណ៌ស “Lily White” ខណៈម៉ូដែលទីបីជាម៉ូដែលពិសេស FIFA World Cup 2026 Edition ដែលរំលេចការឌីស្សាញជាមួយពណ៌ខ្មៅ។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Motorola Razr Fold នៅមិនទាន់បង្ហាញឲ្យដឹងនោះទេ។ Motorola Razr Fold បំពាក់សែនស័រកាមេរ៉ាក្រោយបីគ្រាប់ក្នុងនោះរួមមានសែនស័រគោលមានទំហំ 50MP ខ្នាត 1/1.28”, សែនស័រ 3x Periscope លែនខ្នាត 71mm ទំហំ 50MP-1/1.95” និង Ulta-wide 122 ដឺក្រេទំហំ 50MP។ 

Razr Fold មានអេក្រង់បត់ខាងក្នុងទំហំ 8.1-inch ប្រភេទ LTPO ល្បឿន 120Hz មានមុខងារ Dolby Vision និង HDR10+ និងអេក្រង់ខាងក្រៅទំហំ 6.6-inch ប្រភេទ LTPO ល្បឿន 165Hz មានមុខងារ Dolby Vision និង HDR10+។ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 5 និងថ្មទំហំ 6,000mAh គាំទ្រកម្លាំងសាកភ្លើងល្បឿនលឿន 80W តាមរយះខ្សែ និង 50W តាមរយះ wireless Fast Charge។ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ ក៏មានបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP48 និង IP49 ផងដែរ៕