
សម្រាប់ពេលបនេះ ក្រុមហ៊ុន Motorola អាចនឹងត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបន្ថែមនូវភាពអស្ចារ្យទៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានបញ្ជាក់ថា Motorola Razr ម៉ូដែលពិសេស Swarovski Edition គឺស្ថិតនៅក្នុងការដំណើរការ ហើយនឹងមានការឌីស្សាញយ៉ាងប្រណិតបំផុតក្នុងការប្រើប្រាស់។ បើតាមរបាយការណ៍ថ្មីមួយបញ្ជាក់ថា ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន Motorola នេះ នឹងប្រើប្រាស់នូវការឌីស្សាញដ៏ល្អឥតខ្ចោះរបស់ Swarovski នេះ។
តាមការបញ្ជាក់ចេញពីរបាយការណ៍ចេញពី YTECHB បានអោយដឹងថា ក្រុមហ៊ុន Motorola កំពុងតែធ្វើការនៅលើម៉ូដែល ប្រណិតមួយរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Razr 2025(Razr 60) ដែលមានការឌីស្សាញយ៉ាងប្រណិត និងមានការដាំដោយគ្រាប់គ្រីស្តាល់នៅលើតួខ្លួនថែមទៀត។ ស្មាតហ្វូនបត់បាន Razr flip ក៏មានប្រើប្រាស់នូវស្បែកទន់ (soft fabric) នៅផ្នែកខាងក្រោយផងដែរ។

អ្វីដែលអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូនអេក្រង់បត់បាន Motorola Razr Swarovski Edition នេះ ក៏មានភ្ជាប់ជាមួយនឹងត្បូងចំនួន 3 គ្រាប់ទៀតនៅលើត្រចៀកបត់ Hinge និងអេក្រង់ខាងក្រៅថែមទៀតផង។ ដូច្នេះ សម្រាប់ការឌីស្សាញថ្មីនេះ នឹងកាន់តែធ្វើអោយស្មាតហ្វូនអេក្រង់បត់បាននេះ មានភាពលេចធ្លោ និងមានភាពអស្ចារ្យបំផុតក្នុងការប្រើប្រាស់ និងទាន់សម័យលើសគេ។

ខណៈពេលដែលក្រុមហ៊ុននេះ នៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយនោះ អ្នកទម្លាយ Evan Blass អះអាងថា ស្មាតហ្វូនថ្មីនេះ គឺមានកិច្ចសហការប្រតិបត្តិការ Motorola x Swarovski អាចនឹងឈានដល់ការបង្ហាញស្មាតហ្វូន Special Edition Razr នៅថ្ងៃទី 5 ខែសីហាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ការប្រកាសនេះ គឺធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន Motorola ទើបតែប្រកាសចេញវត្តមានស្មាតហ្វូន Moto G96 នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា៕
