
ក្រុមហ៊ុនផលិតកុំព្យូទ័រ MSI បានធ្វើការពង្រីកទីផ្សារនៃម៉ាក QD-OLED Gaming Monitor របស់ខ្លួនជាមួយការប្រកាសចេញលក់ម៉ូដែលថ្មី MAG 321 UPX QD-OLED។ Gaming Monitor ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ CES2024 ដែលវាត្រូវបានចាត់ចូលក្នុងបញ្ចីនៃ Gaming Monitor ដែលមានតម្លៃធូរថ្លៃ ប៉ុន្តែមានគុណសម្បត្តិដ៏ល្អសម្រាប់ប្រើប្រាស់ដូចជាការបំពាក់នូវបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់ QD-OLED Display ជាដើម។
MSI MAG 321UPX ជា Gaming Monitor ដែលមានអេក្រង់រាបស្មើទំហំ 32-inch QD-OLED Panel ជាមួយសមត្ថភាពគាំទ្រការបង្ហាញរូបភាពបានដល់កម្រិត 4K។ អេក្រង់ QD-OLED Panel របស់ MSI MAG 321UPX គាំទ្រកម្រិតគុណភាពទឹកពណ៌ 99% DCI-P3 ជាមួយមុខងារ Delta E < 2 ដែលផ្តល់នូវកម្រិតគុណភាពទឹកពណ៌ដ៏ច្បាស់ដិតល្អបំផុត។ បន្ថែមពីនេះ វាក៏គាំទ្រមុខងារ DisplayHDR True Black 400 certification និងមានកម្រិតពន្លឺខ្ពស់ដល់ 1,000nits សម្រាប់មុខងារ vivid HDR ថែមទៀតផង។
អេក្រង់ម៉ូនីទ័ររបស់ MSI នេះ គាំទ្រល្បឿន refresh rate ខ្ពស់ដល់ 240Hz ជាមួយល្បឿន response time ត្រឹម 0.03ms តែប៉ុណ្ណោះ ដែលផ្តល់ឲ្យការប្រើប្រាស់ប្រកបដោយភាពរលូន ជាមួយគុណភាពដ៏ច្បាស់ខ្លាំងបំផុត។ សម្រាប់រន្ធដំណរភ្ជាប់វិញ មានដូចជា HDMI2.1 ចំនួនពីរ និង DisplayPort1.4a ដែលរន្ធទាំងនេះ គាំទ្រកម្រិតបញ្ចូនរូបភាព-វីដេអូបានដល់ 4K ជាមួយល្បឿន refresh rate 240Hz ដូចគ្នា។ ជាមួយគ្នានេះ ក៏នៅមានរន្ធប្រភេទ USB3.2 Gen 1 និង USB-C ដែលគាំទ្រមុខងារសាកភ្លើងទៅឲ្យឧបករណ៍អេឡិចត្រូនិចថែមទៀតផង។

ជាមួយ Gaming Monitor ស៊េរីថ្មីមួយនេះ MSI ផ្តល់ជូនការធានាសម្រាប់ការប្រើប្រាស់រហូតដល់ទៅ 3 ឆ្នាំឯណោះ។ MSI MAG 321UPX QD-OLED ត្រូវបានក្រុមហ៊ុនចេញដាក់លក់ក្នុងតម្លៃខ្ទង់ $889.99 ប៉ុណ្ណោះ ដែលជាតម្លៃធូរថ្លៃបើធៀបនឹងម៉ូនីទ័រម៉ាកផ្សេងដែលមានគុណសម្បត្តិប្រហាក់ប្រហែលគ្នា។ បច្ចុប្បន្ន MAG 321UPX QD-OLED ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ឬក៏អាចរកជាវបាននៅលើគេហទំព័រ Amazon.com៕
