
ក្រុមហ៊ុន MSI បានធ្វើការប្រកាសចេញកុំព្យូទ័រយួរដៃស៊េរីថ្មីម៉ូដែលពិសេសរបស់ខ្លួនឈ្មោះថា Prestige 13 AI+ Ukiyo-e Edition នៅក្នុងព្រឹត្តិការណ៍ COMPUTEX 2025។ កុំព្យូទ័រយួរដៃម៉ូដែលពិសេសនេះ ត្រូវបានរចនាឡើងដោយមានការរួមបញ្ចូលគ្នានៅសិល្បៈបែបបូរាណជប៉ុន និងបច្ចេកវិទ្យាទំនើប AI នាពេលបច្ចុប្បន្ន។
ចំនុចដែលទាក់ទាញខ្លាំងបំផុតសម្រាប់ Prestige 13 AI+ Ukiyo-e Edition គឺការឌីស្សាញផ្នែកខាងក្រោយ ឬ Lid ដោយបានបំផុសគំនិតចេញពីគំនូរទឹករលក ឬ The Great Wave off Kanagawa របស់វិចិត្រករជនជាតិជប៉ុន Katsushika Hokusai ដែលត្រូវបានបង្កើតឡើងដោយភាពជាដៃគូជាមួយអ្នកជំនាញផ្នែក OKADAYA សម្រាប់ខួប 400 ឆ្នាំនៃសិល្បៈ Yamanaka lacquer artistry។ Laptop ម៉ូដែលពិសេសមួយនេះក៏ទទួលបានពានរង្វាន់ COMPUTEX Best Choice Award ផងដែរ។

មិនត្រឹមតែមានការឌីស្សាញជាមួយរូបរាងប្រណិត និងមានភាពទាក់ទាញខ្លាំងបែបសិល្បៈប៉ុណ្ណោះទេ Laptop ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើអង្គ CPU ខ្លាំងក្លាបំផុតរបស់ Intel គឺ Intel Core Ultra 9 288V processor និងភ្ជាប់ដោយរ៉េម LPDDR5X ទំហំដល់ 32GB រួមជាមួយអង្គក្រាហ្វិច Intel Arc 140V GPU ហើយនិងមានថាសរឹងផ្ទុកទិន្នន័យប្រភេទ NVMe PCIe Gen 4 SSD ថែមទៀតផង ដែលនឹងធ្វើឲ្យការប្រតិបត្តិការកិច្ចការងារទូទៅមានភាពរលូនបំផុត។
MSI Prestige 13 AI+ Ukiyo-e Edition ប្រើប្រាស់នូវ Keyboard ជាប្រភេទ Single-backlit keyboard ដែលមានភ្ជាប់ជាមួយនឹង Copilot Key សម្រាប់ដំណើរការមុខងារ AI បានលឿន រួមនឹងមានប្រព័ន្ធសំឡេងគុណភាពខ្ពស់គាំទ្រនូវមុខងារ DTS និងមានរន្ធម៉ិចចំនួនបី triple-microphone array។

ឡេបថប់ស៊េរីថ្មីម៉ូដែលពិសេសនេះ មានអេក្រង់ទំហំ 13.3-inch ជាប្រភេទបន្ទះបង្ហាញ OLED Panel ខ្នាត 16:10 ratio គាំទ្រកម្រិតបង្ហាញដល់ 2.8K គាំទ្រនូវមុខងារ 100% DCI-P3 coverage, និង VESA DisplayHDR True Black 500 ដើម្បីជួយឲ្យការបង្ហាញចេញទទួលបានគុណភាពខ្ពស់ជាមួយកម្រិតពន្លឺភ្លឺច្បាស់ និងកម្រិតទឹកពណ៌ស្រស់ដិតត្រជាក់ភ្នែក។
សម្រាប់រន្ធតំណរភ្ជាប់នៅលើ MSI Prestige 13 AI+ Ukiyo-e Edition រួមមានរន្ធ Thunderbolt 4 ចំនួន 2, រន្ធ USB 3.2 Gen1 Type-A, HDMI 2.1 គាំទ្រកម្រិតវីដេអូដល់ 8K@60Hz ឬ 4K@120Hz និងរន្ធ microSD card reader ជាដើម។ បន្ថែមពីនេះ Prestige 13 AI+ ក៏គាំទ្រនូវបច្ចេកវិទ្យា Wi-Fi កម្រិតខ្ពស់ Intel Killer Wi-Fi 7 និង Bluetooth 5.3។

ទៅលើប្រព័ន្ធសុវត្ថិភាពប្រើប្រាស់វិញ MSI Prestige 13 AI+ មានមកជាមួយប្រព័ន្ធ Microsoft Pluton,សែនស័រស្កែនក្រយ៉ៅម្រាមដៃ fingerprint reader, webcam shutter, និង dTPM 2.0។ Laptop ស៊េរីថ្មីនេះមានទំងន់ស្រាលត្រឹម 990 ក្រាមប៉ុណ្ណោះ ហើយនៅក្នុងខ្លួនរបស់ Laptop នេះមានថ្មទំហំ 75Wh។ យ៉ាងណាមិញ MSI មិនទាន់បានបញ្ជាក់ពីតម្លៃ និងថ្ងៃចេញលក់សម្រាប់ Prestige 13 AI+ Ukiyo-e Edition នៅឡើយទេក្នុងពេលនេះ៕
