ស្វែងរកពួកយើង:

MSI Titan 18 Pro 2024 បំពាក់ខួរក្បាល Intel-core i9-14900HX ជាមួយក្រាហ្វិច RTX40 Series ចេញលក់នៅប្រទេសចិន

ដោយ

Koun Jab Luffy

05 មីនា 2024 01:34 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន MSI របស់តៃវ៉ាន់ បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នូវ Gaming Laptop ស៊េរីថ្មីឆ្នាំ 2024 ម៉ូដែល MSI Titan 18 Pro នៅទីផ្សារប្រទេសចិន។ កុំព្យូទ័រ Gaming Laptop មួយនេះត្រូវបានប្រទះឃើញចុះបញ្ជីលក់តាមរយះបណ្តាញលក់ទំនិញអនឡាញដ៏ធំរបស់ប្រទេសចិន គឺ JD.com សម្រាប់ការបញ្ជាទិញ។
MSI Titan 18 Pro 2024 បានបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយរបស់ Intel ស៊េរី Core i9-14900HX ជាមួយជម្រើសអង្គក្រាហ្វិចចំនួនពីរផ្សេងគ្នា គឺ NVIDIA GeForce RTX4080 និង RTX4090។ ដោយម៉ូដែលបំពាក់ RTX4080 GPU ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ $3,472 ខណៈម៉ូដែលបំពាក់ RTX4090 មានតម្លៃខ្ទង់ $4,028។ Titan 18 Pro 2024 មានអេក្រង់ mini-LED Display ទំហំ 18-inch គាំទ្រកម្រិតបង្ហាញ 3840×2400px និងប្រើប្រាស់បច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិតស្តង់ដារ 100% DCI-P3 Wide Color gamut ជាមួយកម្រិតពន្លឺខ្ពស់ 1000nits និងមានល្បឿន refresh rate 120Hz។ បច្ចេកវិទ្យាអេក្រង់របស់ Titan 18 Pro គាំទ្រនូវបច្ចេកវិទ្យា  MUX dual display និង three-mode switching technology។
នៅលើប្រព័ន្ធម៉ាស៊ីនរបស់ MSI Titan 18 Pro 2024 មានស្រោបដោយប្រព័ន្ធសារធាតុត្រជាក់ជាមួយកង្ហាលចំនួនពីរ និងបំពង់ត្រជាក់ចំនួន 6 ដែលផ្តល់នូវភាពត្រជាក់សម្រាប់ការប្រើប្រាស់ក្នុងការបំពេញកិច្ចការងារ និងដំណើរការលេងហ្គេម។ កុំព្យូទ័រហ្គេមីងស៊េរីថ្មីនេះ គាំទ្រនូវបច្ចេកវិទ្យាថាសរឹងផ្ទុកឯកសារល្បឿនលឿនបំផុតជំនាន់ចុងក្រោយ PCIe 5.0 គ្រាន់តែ MSI បានដំឡើងមកជាមួយបច្ចេកវិទ្យាផ្ទុកទិន្នន័យ PCIe 4.0 SSD ទំហំ 2TB និងគាំទ្រការដំឡើងជាមួយរ៉េមដល់ទំហំ 64GB។ បន្ថែមពីនេះ Titan 18 Pro 2024 នៅមានរន្ធដោតម៉េមូរីកាតដែលមានចំនួន 4 រន្ធ គាំទ្របន្ថែមទំហំដល់ 192GB។
MSI Titan 18 Pro 2024 គាំទ្រប្រព័ន្ធដំណើរការ Super Turbo Mode ដែល MSI ហៅថា ULTRA Mode ដែលជួយបង្កើនសមត្ថភាពថាមពលកំលាំងដល់ 250W ជាមួយកំលាំង GPU ឡើងដល់ 175W ដោយប្រើនូវប្រព័ន្ធ Dynamic Boost 2.0 និងកំលាំង CPU ដល់ 75W ដូចនេះ អនុញ្ញាតិឲ្យប្រព័ន្ធដំណើរការផ្នែករឹងកើនឡើងដល់កម្រិតកំពូលក្នុងការដំណើរការការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសដំណើរការលេងហ្គេម។ Gaming Laptop ស៊េរីថ្មីឆ្នាំ 2024 របស់ MSI នេះមានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ ជាប្រភេទ Dynaudio surround sound system ជាមួយមុខងារ Nahimic និង Hi-Res Audio។ បន្ថែមពីនេះនៅមានកាមេរ៉ា Webcam កម្រិត HD-720p ជាមួយមុខងារស្កែនមុខដោះសោរ infrared face recognition និងមានប្រព័ន្ធសុវត្ថិភាព  Kensington anti-theft lock hole។
Article image
MSI Titan 18 Pro 2024 មានដំឡើងមកជាមួយប្រព័ន្ធបច្ចេកវិទ្យា Wi-Fi 7 ល្បឿនដល់ 5.8Gbps។ ហើយសម្រាប់រន្ធដំណរភ្ជាប់សំខាន់ៗរួមមាន USB 3.2 Gen2 Type-A, Thunderbolt 4, audio combination jack, RJ45 port, two HDMI ports, SD card reader, និង Kensington lock slot ជាដើម។ Gaming Laptop នេះ មានថ្មទំហំ 99.9Wh គាំទ្រប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន PD3.1 Fast Charging។ ជាងនេះទៅទៀត MSI ក៏បានបន្ថែមនូវមុខងារ AI ដើម្បីជួយបង្កើនប្រសិទ្ធិភាព និងបទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់ជាមួយ Titan 18 Pro  2024 នេះ ថែមទៀតផង៕
MSI Titan 18 Pro 2024 បំពាក់ខួរក្បាល Intel-core i9-14900HX ជាមួយក្រាហ្វិច RTX40 Series ចេញលក់នៅប្រទេសចិន