ស្វែងរកពួកយើង:

MSI ប្រារព្ធខួបលើកទី 20 ឆ្នាំនៃកុំព្យូទ័រយួរដៃរបស់ខ្លួន នៅទីក្រុងម៊ុមបៃប្រទេសឥណ្ឌាជាមួយការរៀបចំព្រឹត្តិការណ៍ដ៏ធំ

ដោយ

Koun Jab Luffy

25 មិថុនា 2024 04:23 ល្ងាច

អាន 2 នាទី

Article image
MSI គឺជាស្លាកយីហោកុំព្យូទ័រយួរដៃបប្រភេទហ្គេមីង (Gaming Laptop) ដ៏លេចធ្លោមួយនៅលើទីផ្សារបច្ចុប្បន្ន ហើយថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃរបស់តៃវ៉ានមួយនេះ បានប្រារព្ធខួបលើកទី 20 សម្រាប់កុំព្យូទ័រយួរដៃរបស់ខ្លួនជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅផ្សារទំនើប Infinity Mall ស្ថិតក្នុងតំបន់ Malad ទីក្រុង Mumbai កាលពីថ្ងៃទី 21 និងថ្ងៃទី 22 ខែមិថុនា ដោយនៅក្នុងព្រឹត្តិការណ៍នោះគឺមានអ្នកចូលរួមជាង 2,000 នាក់។
ប្រទេសឥណ្ឌា គឺជាទីផ្សារសំខាន់បំផុតរបស់ក្រុមហ៊ុន MSI នៅអាស៊ី។ បច្ចុប្បន្ននេះ MSI បាននឹងកំពុងដំណើរការលក់ផលិតផលកុំព្យូទ័រសំខាន់ៗចំនួនបីប្រភេទនៅក្នុងប្រទេសឥណ្ឌា ដែលក្នុងនោះមានដូចជា Gaming Laptop, Creators Laptop និង B&P Laptop series។ ក្នុងចំណោមផលិតផលសំខាន់ៗទាំងបីប្រភេទនេះ គឺ Gaming Laptop មានទីផ្សារនាំមុខគេក្នុងការលក់។ ជាមួយគ្នានេះ MSI មានគោលបំណងបង្កើនកំណើនការលក់ទ្វេដងនៅចុងឆ្នាំ 2024 នេះ។ MSI មានមជ្ឈមណ្ឌលលក់កុំព្យូទ័រយួរដៃ ឬ Experience Center ចំនួន 30 នៅក្នុងទីក្រុងសំខាន់ៗរបស់ឥណ្ឌា ដូចជា ទីក្រុង Mumbai, Bengaluru, New Delhi និង Pune ហើយក្រុមហ៊ុនគ្រោងនឹងបង្កើនចំនួនឲ្យដល់ 50 នៅចុងឆ្នាំនេះ។
សម្រាប់ MSI Claw ដែលជាឧបករណ៍ Handheld Gaming PC ដំបូងរបស់ក្រុមហ៊ុននឹងត្រូវចេញលក់ក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា ដែលចេញលក់អាចនៅក្នុងខែមិថុនា បន្ទាប់ពីការបង្ហាញវត្តមានលើកដំបូងនៅប្រទេសឥណ្ឌាកាលពីខែមិនា។ នៅក្នុងឱកាសគម្រប់ 20 ឆ្នាំ MSI បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Croma ដែលជាក្រុមហ៊ុនលក់រាយគ្រឿងអេឡិចត្រូនិចឈានមុខគេមួយរបស់ប្រទេសឥណ្ឌា ដើម្បីពង្រីកវត្តមានលក់រាយសម្រាប់កុំព្យូទ័រយួរដៃរបស់ខ្លួន។ កិច្ចសហការនេះនឹងត្រូវបានដាក់ឱ្យដំណើរការលក់នូវកុំព្យូទ័រយួរដៃរបស់ MSI នៅទូទាំង 35 ហាងរបស់ Croma ដែលមាននៅក្នុងតំបន់សំខាន់ដូចជានៅក្នុងទីក្រុង Delhi, Maharashtra, Gujarat និង Hyderabad ជាដើម។
Article image
ក្រៅពីការដាក់លក់នៅតាមមជ្ឈមណ្ឌលបទពិសោធន៍កុំព្យូទ័រ ឬ Experience Center របស់ខ្លួនទៅ ផលិតផលកុំព្យូទ័រ MSI ក៏មានដាក់លក់នៅលើបណ្តាញលក់ទំនិញ Flipkart, Amazon, Croma និង Reliance Digital។ ម៉ាកយីហោ MSI បច្ចុប្បន្នក៏មានវត្តមាននៅក្នុងហាង Metro និងប្រជុំទីក្រុង Tier I Cities ហើយគ្រោងនឹងពង្រីកទៅក្នុង Tier II Cities បន្ថែមទៀត។ MSI គ្រោងនឹងពង្រឹងមជ្ឈមណ្ឌលបទពិសោធន៍កុំព្យូទ័ររបស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍ដល់អតិថិជនឲ្យបានកាន់តែស៊ីជម្រៅ និងកាន់តែល្អប្រសើរទ្វេរដង៕