ស្វែងរកពួកយើង:

MWC 2024: Tecno Dynamic 1 សត្វសុនកយន្តដ៏ឆ្លាតវៃ ត្រូវបានបង្ហាញវត្តមានជាផ្លូវការសម្រាប់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីនេះ

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 07:49 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2024 ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ គឺមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗល្បីនៅលើពិភពលោកបានចូលរួមដាក់តាំងបង្ហាញនូវផលិតផល សមត្ថផល ក៏ដូចជារបកគំហើញបច្ចេកវិទ្យាថ្មីសម្រាប់ពេលអនាគតជាដើម។
ក្នុងនោះក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Tecno ក៏បានចូលរួមដាក់តាំងបង្ហាញផលិតផលថ្មីៗរបស់ខ្លួនជាច្រើនផងដែរ។ ក្រៅតែពីស្មាតហ្វូនជំនាន់ថ្មី ឧបករណ៍លេងហ្គេម វ៉ែនតាឆ្លាតវៃ Tecno ក៏បានធ្វើការបង្ហាញចេញនូវសុនកយន្តដ៏ឆ្លាតវៃដំបូងរបស់ខ្លួនដែលមានឈ្មោះថា Tecno Dynamic 1។
ការរចនានៃសុនកយន្តដ៏ឆ្លាតវៃដំបូងរបស់ Tecno នេះ គឺត្រូវបានបំផុសគំនិតដោយលោក German Shepherd ដោយលោកមានគោលដៅក្នុងការផ្តល់ជូននូវការកម្សាន្តនៅក្នុងផ្ទះដ៏ឆ្លាតវៃ ជំនួយការ ការអប់រំ និងការបណ្តុះបណ្តាលផ្សេងៗជាដើម។ ក្រុមហ៊ុន Tecno បាននិយាយថា Dynamic 1 នឹងក្លាយជា "ដៃគូដ៏ល្អឥតខ្ចោះប្រៀបដូចសត្វចិញ្ចឹមនាពេលអនាគត"។ Dynamic 1 មានកម្លាំងបង្វិល 45Nm/kg ដែលមានន័យថា សុនកយន្តនេះ អាចឡើងជណ្តើរបានយ៉ាងងាយស្រួល។ វាក៏អាចឱន និងអាចក្រញាំបានផងដែរ។
Article image
ជាមួយការប្រព័ន្ធ AI HyperSense Fusion System និង Intel Real Sense D430 depth camera ដែលផ្តល់ការថែរក្សាសម្រាប់ការចល័តដ៏មានស្ថេរភាព និងអនុញ្ញាតឱ្យសុនកយន្តនេះអាចសម្គាល់ឧបសគ្គ និងផ្លាស់ទីជុំវិញពួកគេបាន។ Dynamic 1 ត្រូវបានបំពាក់មកដោយអង្គស៊ីភីយូចំនួន 8-core Arm ប៉ុន្តែមិនមានការបង្ហាញពីអង្គ CPU ដែលត្រូវបានប្រើនោះទេ។
Dynamic 1 មានអង្គផ្ទុកទិន្នន័យទំហំ 64GB គាំទ្រការតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា Wi-Fi 6 និង Bluetooth 5.2 ហើយអាចដំណើរការបានតាមរយៈកម្មវិធីបញ្ជាពីស្មាតហ្វូន ហើយក៏គាំទ្រប្រតិបត្តិការសម្រាប់ការបញ្ជាពីចម្ងាយ និងការបញ្ជាដោយសំឡេងបានថែមទៀតផង។ Dynamic 1 មានថាមពលថ្ម 15,000 mAh ដែលផ្តល់រយៈពេលដំណើរការ 90 នាទី ហើយវាអាចត្រូវបានផ្លាស់ប្តូរ និងសាកថ្មដាច់ដោយឡែកពីគ្នាសម្រាប់ពេលវេលារងចាំអប្បបរមា។
Article image
សុនកយន្តឆ្លាតវៃនេះ មិនមែនបង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយផលិតផលពី Boston Dynamics ទេ។ ដោយ Tecno បាននិយាយថា ការបង្ហាញសុនកយន្តនេះ គឺដើម្បីបង្ហាញពីសមត្ថភាពនៃភាពច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងវិស័យមនុស្សយន្តទំនើប និងប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ AI តែប៉ុណ្ណោះ។ ដូចនេះ មានន័យថា Dynamic 1 ទំនងជានឹងមិនបង្ហាញវត្តមាននៅលើទីផ្សារសម្រាប់ការប្រើប្រាស់នោះទេ ក្នុងពេលនេះ៕
MWC 2024: Tecno Dynamic 1 សត្វសុនកយន្តដ៏ឆ្លាតវៃ ត្រូវបានបង្ហាញវត្តមានជាផ្លូវការសម្រាប់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីនេះ