
ក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូន Tecno បានធ្វើការប្រកាសបង្ហាញចេញនូវឧបករណ៍លេងហ្គេមដំបូងរបស់ខ្លួនដែលមានឈ្មោះថា Tecno Pocket Go ដែលមានភ្ជាប់មកជាមួយវ៉ែនតាឆ្លាតវៃ AR Glasses ឈ្មោះថា Tecno AR Pocket Vision នៅក្នុងព្រឹត្តិការណ៍ MWC2024។ បើតាមការបញ្ជាក់ពី Tecno បានឲ្យដឹងថា Pocket Go គឺជាឧបករណ៍ Gaming Handheld Control ដំបូងគេក្នុងលោកដែលគាំទ្រជាមួយវ៉ែនតាឆ្លាតវៃ AR Glasses។
Tecno Pocket Go គឺជាឧបករណ៍គ្រប់គ្រងការលេងហ្គេម ឬ Wireless Game Controller ដែលភ្ជាប់ដំណើរការជាមួយនឹងវ៉ែនតាឆ្លាតវៃ AR Glasses Vision ដោយសារតែប្រព័ន្ធរបស់ឧបករណ៍នេះត្រូវបានរចនាឡើងដើម្បីភ្ជាប់ដំណើរការជាមួយនឹង AR Glasses តែម្តង។ ហើយ Tecno Pocekt Go នេះ គឺដំណើរការដោយអាស្រ័យនៅលើប្រតិបត្តិការ Windows។ ឧបករណ៍គ្រប់គ្រងការបញ្ជាលេងហ្គេមរបស់ Tecno មានការរចនាឡើងស្រដៀងគ្នានឹង Microsoft Xbox ជាមួយការរៀបចំនៅប៊ូតុងចុចបញ្ជា ក៏ដូចជា D-Pad ជាដើម។ បើតាមការអះអាងពី Tecno បានឲ្យដឹងថា Pocket Go មានការឌីស្សាញឡើងឲ្យមានទំហំតូចជាងប្រមាណ 50% និងស្រាលជាងប្រមាណ 30% បើធៀបនឹងឧបករណ៍ Windows Handheld Console របស់ក្រុមហ៊ុនផ្សេងដូចជា ASUS ROG Ally ជាដើម។
សម្រាប់ប្រព័ន្ធដំណើរការខាងក្នុងវិញ Tecno Pocket Go បានដំឡើងមកជាមួយបន្ទះឈីប AMD Ryzen 7-8840HS Processor ដែលមានល្បឿន Over-Clock ខ្លាំងបំផុតដល់ 5.1GHz។ បន្ថែមពីនេះ Pocket Go នៅមានភ្ជាប់មកជាមួយរ៉េមដែលមានទំហំ 16GB និងថាសរឹងផ្ទុកទិន្នន័យទំហំធំដល់ 1TB ផងដែរ។ ឧបករណ៍ Game Handheld Console នេះ មានភ្ជាប់មកជាមួយថ្មដែលមានទំហំ 50Wh។ ឧបករណ៍នេះត្រូវបានរចនាឡើងជាមួយប្រព័ន្ធបន្សាបកំដៅ ដោយមានជំនួយពីប្រព័ន្ធកង្ហាលត្រជាក់ Cooling Fan និងរន្ធបំភាយកំដៅ 3-copper heat pipes ផងដែរ។ ទាំងឧបករណ៍ AR Pocket Vision និង Pocket Go អាចដំណើរការដូចទៅនឹងឧបករណ៍ Workstation តាមរយះការភ្ជាប់ទៅនឹងឧបករណ៍របស់ Tecno ផ្សេងទៀត។
សម្រាប់វ៉ែនតា AR Pocket Vision គឺត្រូវបានរចនាឡើងជាមួយបច្ចេកវិទ្យាកញ្ចក់អេក្រង់ប្រភេទ micro-OLED ដែលមានទំហំ 0.71-inch ហើយអាចបង្ហាញចេញផ្ទាំងទស្សនីយភាពបានដល់ទំហំ 215-inch ក្នុងរយះចំងាយប្រមាណ 6 ម៉ែត្រ ហើយក៏មាន diopter ដែលអាចធ្វើការលៃតម្រូវបានជាមួយនឹងការកំណត់បានរហូតដល់ 600 ដឺក្រេ។ លើសពីនេះ វ៉ែនតាឆ្លាតវៃ AR Glasses នេះក៏អាចកែតម្រូវបានសម្រាប់អ្នកដែលពាក់វ៉ែនតា ដែលកាត់កញ្ចក់តាមវេជ្ជបញ្ជាថែមទៀតផង ដើម្បីភាពងាយស្រួលជាអតិបរមានៅអំឡុងពេលប្រើប្រាស់។

Tecno Pocket Go ត្រូវបានក្រុមហ៊ុនអះអាងថា នឹងផ្តល់ជូននូវបទពិសោធន៍នៃការលេងហ្គេមកម្រិត 6D ជាមួយប្រព័ន្ធមុខងារ vision track, adaptive posture, ultra-precise vibrations, sensory sync និងមុខងារផ្សេងៗជាច្រើនទៀត។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែ Tecno មិនបានបង្ហើបកាលបរិច្ឆេទជាក់លាក់ក្នុងការប្រកាសចេញលក់ និងតម្លៃរបស់ឧបករណ៍ Pocket Go និង AR Vision Glasses របស់ខ្លួននៅឡើយទេ៕
