ស្វែងរកពួកយើង:

MWC 2024: Xiaomi SU7 ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលរួមកម្មវិធីពិពណ៌បច្ចេកវិទ្យានៅទីក្រុងបាសេឡូណា

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 09:54 ព្រឹក

អាន 2 នាទី

Article image
ជាលើកទីមួយ និងជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Xiaomi ដែលបាននាំយករថយន្តអគ្គិសនីដំបូងម៉ូដែល SU7 របស់ខ្លួនចូលទៅកាន់ទឹកដីនៃតំបន់អឺរ៉ុប។ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2024 នៅទីក្រុងប៉ាសេឡូណា ប្រភេទអេស្ប៉ាញ។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះរបស់ប្រទេសចិនមួយនេះ បានសម្រេចចិត្តក្នុងការដាក់តាំងបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌បច្ចេកវិទ្យាដ៏ធំបំផុតប្រចាំឆ្នាំ ជំនួសឱ្យការតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តក្រុងហ្សឺណែវ “Geneva Motor Show” ដែលប្រារព្ធធ្វើឡើងនៅថ្ងៃដំណាលគ្នានឹង MWC ដែរ។
Article image
រថយន្តអគ្គិសនីរបស់ Xiaomi ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC ត្រូវបានគេដឹងថាជាម៉ូដែល Xiaomi SU7 Max ដោយបានបង្អួតរាងយ៉ាងស្រស់សោភាជាមួយនឹងពណ៌ខៀហៅថា Gulf Blue Color។ អ្វីដែលចាប់អារម្មណ៍នោះ គឺ Xiaomi បានធ្វើការព័ទ្ធជុំវិញដោយកញ្ចក់ ដោយមិនអោយអ្នកចូលរួមចូលជិតប៉ះផ្ទាល់រថយន្តរបស់ខ្លួនឡើយ។ ប្រធានក្រុមហ៊ុន Xiaomi លោក Lu Weibing បានធ្វើបទបង្ហាញជាមួយនឹងការបង្ហោះនៅលើ Weibo ដោយសួរអ្នកគាំទ្រថា តើ SU7 ឡូយដែរ ឬទេ? ក្រោយមកគាត់បានណែនាំថា Xiaomi នឹងកំណត់គោលដៅលក់ប្រហែល 20 លានគ្រឿង ដោយផ្អែកលើការលក់ស្មាតហ្វូនកំពូលដែលក្រុមហ៊ុនមាននៅក្នុងប្រទេសចិន។
លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចាយទុនវិនិយោគក្នុងចំនួនសាច់ប្រាក់ 10 ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍អាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍មួយលោក Weibing បាននិយាយថា Xiaomi មានបំណងក្នុងការចាប់ផ្តើមនៃការនាំចេញដ៏ធំនៃសម្រាប់រថយន្ត SU7 ដំបូងរបស់ខ្លួននៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ Xiaomi SU7 ដែលបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC2024 គឺជាម៉ូដែល Max ដែលដំណើរការដោយប្រព័ន្ធបើកបរ All-Wheel-Drive និងមានកំលាំង 664hp ឬ 495kW។
Article image
រថយន្តអគ្គិសនីនេះ ក៏មានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីទំហំ 101kWh និងគាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿន 800V។ ដែលតាមការបញ្ជាក់ពីស្ថាប័ន CLTC ការសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 800km និងមានសន្ទុះល្បឿន 0 ទៅ 100km/h ចំនាយពេលខ្ទង់ 2.8 វិនាទី ប៉ុណ្ណោះ។ Xiaomi SU7 Max មានការឌីស្សាញរូបរាងឡើងជាមួយប្រវែងប្រហែល 5 ម៉ែត្រ។  យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ពីការនាំចូលទៅកាន់ទីផ្សារអឺរ៉ុបសម្រាប់រថយន្តអគ្គិសនី Xiaomi SU7 Series នៅឡើយទេ៕
MWC 2024: Xiaomi SU7 ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលរួមកម្មវិធីពិពណ៌បច្ចេកវិទ្យានៅទីក្រុងបាសេឡូណា