
ខណៈពេលដែលមនុស្សជាច្រើន បានប្រើប្រាស់នូវស្មាតហ្វូនសម្រាប់ការថតរូបភាព និងវីដេអូនោះ អ្នកជំនាញថតរូបភាពអាជីពជាច្រើន ក៏មានតម្រូវការក្រៅពីនេះផងដែរ។ អ្នកជំនាញទាំងនេះ បានពឹងផ្អែកទៅលើកាមេរ៉ាជាច្រើន ដែលមានដូចជា ក្រុមហ៊ុន Sony, Canon, Nikon និងក្រុមហ៊ុន RED ជាដើម ដើម្បីនាំយកនូវគុណភាពរូបភាពកម្រិតខ្ពស់ និងមុខងារពិសេសៗជាច្រើន។
យោងតាមការនាពេលថ្មីៗនេះ ក្រុមហ៊ុន Nikon ទើបតែប្រកាសអំពីការទិញយកក្រុមហ៊ុន RED ដែកជាម៉ាកយីហោកាមេរ៉ារបស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុន RED គឺជាក្រុមហ៊ុនផលិតកាមេរ៉ាជំនាញមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយជំនាញនៅក្នុងឧស្សាហកម្មភាពយន្ត។ កាលពីពេលមុននេះ ក្រុមហ៊ុន RED ក៏មានស្មាតហ្វូន Hydrogen One របស់ខ្លួនផងដែរ។ សម្រាប់ដំណឹងដ៏ធំនៅពេលនេះ គឺក្រុមហ៊ុន Nikon ទិញយកក្រុមហ៊ុន RED។

នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Nikon នឹងទិញយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន RED ។ ការចំណាយផ្លូវការក្នុងការទិញនេះ នៅមិនទាន់មានការបង្ហាញនោះទេ ប៉ុន្តែវាអាចនឹងមានតម្លៃលើសពី 1 ពាន់លានដុល្លារអាមេរិក។ ហេតុផលធំសម្រាប់ក្រុមហ៊ុន Nikon នេះ គឺការទិញនេះដើម្បីពង្រឹងទៅលើតំណែងរបស់ខ្លួននៅក្នុងទីផ្សារកាមេរ៉ាឌីជីថលសម្រាប់អ្នកជំនាញ។ ក្រុមហ៊ុន RED ក៏មានគោលដៅក្នុងការអភិវឌ្ឍបន្ថែមទៀតទៅលើធនធាន និងសមត្ថភាពកាន់តែខ្លាំងក្លារបស់ក្រុមហ៊ុន Nikon ៕
