
Nintendo ដែលជាក្រុមហ៊ុនផលិតឧបរកណ៍លេងហ្គេមដ៏ល្បីឈ្មោះរបស់ជប៉ុន ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងរៀបចំក្នុងការប្រកាសចេញឧបករណ៍លេងហ្គេមជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Switch 2 នៅចុងឆ្នាំនេះ។ អ្នកវិភាគលោក Hiroshi Hayase មកពីក្រុមហ៊ុន Omdia និងអ្នករាយការណ៍ របស់ Bloomberg លោក Takashi Mochizuki បានចែករំលែកព័ត៌មានអំពីឧបករណ៍ហ្គេមថ្មីដែលនឹងមកដល់នាពេលមុខមួយនេះ។
Nintendo Switch 2 ត្រូវបានគេរំពឹងថា នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ LCD ដែលមានទំហំ 8 អ៊ីង។ ហើយជាមួយឧបករណ៍ជំនាន់ថ្មីនេះ Nintendo ត្រូវបានគេដឹងថា បានដាក់គោលដៅក្នុងការនផលិត និងនាំចេញឲ្យយ៉ាងហោចណាស់ក៏ 10 លានគ្រឿងក្នុងឆ្នាំសារពើពន្ធដំបូងរបស់ខ្លួនឆ្នាំ 2024។

ដោយគោលដៅដ៏មានមហិច្ឆតា ត្រូវបានគេមើលឃើញថា មានការប្រឈមខ្លាំងជាមួយនឹងឧបករណ៍ PlayStation 5 របស់ Sony និង Xbox Series X/S របស់ Microsoft ដែលជូបប្រទះបញ្ហាក្នុងសង្វាក់ផលិតកម្មរបស់ពួកគេដោយសារតែកង្វះបន្ទះឈីប នេះបើតាមការបង្ហោះនៅលើ Tweet គណនី X របស់លោក Takashi Mochizuki។ លោក Mochizuki បានបញ្ជាក់ថា ទោះបីជាមានមហិច្ឆិតាក្នុងការផលិតក្នុងបរិមាណខ្ពស់ក៏ពិតមាន ប៉ុន្តែ Nintendo នឹងធ្វើការផលិត Switch 2 ដែលបំពាក់អេក្រង់ LCD ប៉ុណ្ណោះ ដោយនឹងមិនមានម៉ូដែលប្រើប្រាស់បន្ទះអេក្រង់ OLED នោះទេក្នុងឆ្នាំ 2024។
Nintendo Switch 2 នឹងបំពាក់បច្ចេកវិទ្យាបន្ទះឈីប Nvidia Tegra 239 ដែលអាចនឹងផលិតតាមខ្នាតស្តង់ដារ 5nm ឬ 8nm មានភ្ជាប់ដោយរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB។ ឧបករណ៍លេងហ្គេមថ្មីនេះ នឹងមានអេក្រង់គាំទ្រកម្រិតហ្គេម Full-HD-1080px រួមនឹងគាំទ្រមុខងារ Ray Tracing ថែមទៀតផង។ Nintendo Switch 2 អាចនឹងមានតម្លៃខ្ទង់ប្រហែល $399 ដែលជាតម្លៃខ្ពស់ជាងជំនាន់ដំបូងបន្តិច។ ហើយបើតាមប្រភពរបាយការណ៍ថ្មីនេះ បាននិយាយថា Nintendo Switch 2 អាចនឹងមានតម្លៃប្រហែល $400។ ដែលការឡើងថ្លៃនេះ ត្រូវបានអ្នកជំនាញនិយាយថា បណ្តាមកពីការកើនឡើងនៃថ្លៃដើមផលិត ក៏ដូចជាអត្រាប្តូរប្រាក់ជាដើម៕
