ស្វែងរកពួកយើង:

Nio ES6 និង EC6 SUV ស៊េរីថ្មីត្រៀមចេញលក់ផ្លូវការណ៍នៅថ្ងៃទី 20 ខែឧសភាជាមួយតម្លៃជាង 3 ដុល្លារអាមេរិក

ដោយ

Koun Jab Luffy

18 ឧសភា 2025 09:56 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រទេសចិន Nio បានប្រកាសចេញរថយន្ត SUV ជំនាន់ថ្មី ES6 និង CS6 ជាមួយការឌីស្សាញរូបរាងប្រណិត បច្ចេកវិទ្យាទំនើប និងអនុភាពកំលាំងខ្លាំងជាងមុន។ ឡាន SUV ម៉ូដែលថ្មីទាំងពីរនេះ ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនជាផ្លូវការណ៍ ហើយត្រៀមធ្វើការនាំចេញទៅកាន់ដៃអតិថិជននៅថ្ងៃទី 20 ក្នុងខែឧសភា នេះ។
Nio ES6 ម៉ូដែលថ្មីមានតម្លៃចាប់ពីខ្ទង់ $37,200 ដល់ $46,900 ទៅតាមជម្រើសទំហំថ្ម និង Option។ ចំនែកម៉ូដែល Nio EC6 ម៉ូដែលថ្មីវិញ មានតម្លៃចាប់ពីខ្ទង់ $39,950 ដល់ $49,700 ទៅតាមជម្រើសទំហំថ្ម និង Options។ Nio ES6 និង EC6 ទទួលបានការកែប្រែផ្នែកឌីស្សាញថ្មី ដែលផ្នែកខាងមុខបំពាក់ជាមួយសំណាញ់ប៉ាណាខ្មៅនៅខាងក្រោមជាមួយកាងបង្ហូរខ្យល់សងខាង និងមានរំលេចដោយក្រូមនៅផ្ទាំង Bumper។ ផ្នែកចង្កៀង Daytime running light ត្រូវបានឌីស្សាញឡើងស្លីមប្រណិតជាប្រភេទចង្កៀង ADB matrix headlights ដែលផ្តល់នូវពន្លឺភ្លឺច្បាស់នៅពេលបើកបរនៅពេលយប់។ ផ្នែកចំហៀងទទួលបានការបំពាក់យ៉ាន់កង់ថ្មីទំហំ 21-inch រចនាជាកាំបន្ទះ Multi-spoke និងដៃទ្វារលាក់ចូលក្នុង Hidden-door-handle។
Article image
នៅលើម៉ូដែល EC6 នៅតែបន្តប្រើកន្ទុយក្រោយជាប្រភេទ  active rear spoiler ដើម្បីជួយរក្សាលំនឹងរថយន្តនៅពេលបើកបរក្នុងល្បឿនលឿន ហើយនិងរំលេចឌីស្សាញជាមួយចង្កៀងបំភ្លឺរចនាបែបស្លីមអូសកាត់ពីចំហៀងម្ខាងទៅម្ខាង។ នៅខាងក្នុងកាប៊ីនក៏មានការឌីស្សាញបែបថ្មីរំលេចជាមួយនឹងអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch ជាប្រភេទអេក្រង់ AMOLED Display ជាមួយអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 10.2-inch digital instrument panel។ ឡានអគ្គិសនី SUV ម៉ូដែលថ្មីនេះ គាំទ្រប្រតិបត្តិការជាមួយ Nomi Mate 3.0 ដែលមានភ្ជាប់មកជាមួយមុខងារបញ្ជាដោយសំឡេង និងប្រព័ន្ធតភ្ជាប់ផ្សេងៗ។ នៅលើដៃចង្កូតមានភ្ជាប់មកជាមួយប៊ូតុងបញ្ជាមុខងារមួយចំនួន។ បន្ថែមពីនេះ ក៏មាននូវមុខងារសាកភ្លើងស្មាតហ្វូតឥតប្រើខ្សែកំលាំង 50W, ប្រព័ន្ធសោរ NFC digital key និងប្រព័ន្ធបំពងសំឡេងចំនួន 9 គ្រាប់។
Article image
Nio ES6 និង EC6 ម៉ូដែលថ្មីនេះ បំពាក់កៅអីស្បែកជាប្រភេទ Nappa leather មានភ្ជាប់នូវមុខងារក្តៅ ត្រជាក់ និងម៉ាស្សាទាំងកៅអីខាងមុខ និងកៅអីខាងក្រោយ។ នៅកៅអីខាងក្រោយក៏អនុញ្ញាតិឲ្យអ្នកជិះអាចធ្វើការសេរេកៅអី និងម៉ាស៊ីនត្រជាក់បានផងដែរជាមួយអេក្រង់ថាច់ស្រ្គីនទំហំ 6.6-inch។ Nio ES6 និង EC6 ម៉ូដែលថ្មីដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬ dual-motor all-wheel drive ដែលអាចផលិតកំលាំងសរុបបាន 360kW ឬ 483 សេះ និងកំលាំងរមូល 700Nm។
Article image
សម្រាប់កញ្ចប់ថ្មវិញ រថយន្ត SUV ម៉ូដែលថ្មីទាំងពីរនេះមានជម្រើសបីទំហំផ្សេងគ្នា គឺ 75kWh សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 500km សម្រាប់ម៉ូដែល ES6 និង 505km សម្រាប់ម៉ូដែល EC6។ ទំហំ 100kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 625km សម្រាប់ម៉ូដែល ES6 និង 630km សម្រាប់ម៉ូដែល EC6 ហើយនិងទំហំ 150kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 930km សម្រាប់ម៉ូដែល ES6 និង 935km សម្រាប់ម៉ូដែល EC6។
ទៅលើប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរវិញ Nio ES6 និង EC6 គាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យា driver-assistance technologies ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រ LiDAR និងសែនស័រចាប់សញ្ញាចំនួន 29 ផ្សេងទៀត ដែលប្រព័ន្ធនេះ គាំទ្រដំណើរការដោយបន្ទះឈីប NX9031 autonomous driving chip ដើម្បីគ្រប់គ្រងទិន្នន័យដើម្បីផ្តល់ទៅកាន់មុខងារជំនួយការផ្សេងៗរបស់រថយន្ត។ បន្ថែមពីនេះ មាននូវសម្បកកង់គុណភាពខ្ពស់ high-speed tyre ដែលជួយគ្រប់គ្រងរថយន្តនៅពេលបើកបរល្បឿនលឿន កញ្ចក់ការពារកំដៅថ្ងៃ និងប្រព័ន្ធគ្រឿងក្រោមថ្មីដើម្បីផ្តល់នូវប្រសិទ្ធិភាពកាន់តែខ្ពស់ក្នុងការបើកបរ៕
Nio ES6 និង EC6 SUV ស៊េរីថ្មីត្រៀមចេញលក់ផ្លូវការណ៍នៅថ្ងៃទី 20 ខែឧសភាជាមួយតម្លៃជាង 3 ដុល្លារអាមេរិក