
ក្រុមហ៊ុនផលិតរថយន្ត Nio ទើបតែបានបញ្ចេញរថយន្តអគ្គិសនីដំបូងសម្រាប់ម៉ាកយីហោថ្មីរបស់ខ្លួនឈ្មោះថា Firefly។ រថយន្តអគ្គិសនីខ្នាតមធ្យមម៉ូដែលថ្មីនេះមានឈ្មោះថា Firefly គឺដូចឈ្មោះនៃម៉ាកយីហោផ្ទាល់តែម្តង។ Nio ក៏បានធ្វើការប្រកាសបើកទទួលការបញ្ជាទិញមុនសម្រាប់ Firefly នៅទីផ្សារប្រទេសចិនដែលមានតម្លៃខ្ទង់ 148,800 យាន់ ឬប្រហែល $20,800។
រថយន្ត Compact electric ម៉ាកថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្មដែលអាចធ្វើការផ្លាស់ប្តូរបានងាយស្រួលដូចគ្នានឹងរថយន្តអគ្គិសនីរបស់ Nio ដែរ។ លោក William Li ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nio បានប្រកាសក្នុងអំឡុងពេលសន្និសីទ Nio Day នៅទីក្រុងក្វាងចូវថា Firefly EV នឹងបង្ហាញខ្លួនជាផ្លូវការនៅខែមេសា ឆ្នាំ 2025។

"Firefly គឺឆ្លាតជាង និងមានទំហំធំជាងរថយន្ត Mini ម៉ាកផ្សេង"។ Firefly គឺជារថយន្តប្រភេទ hatchback ខ្នាតតូចដែលដំបូងឡើងត្រូវបានក្រុមហ៊ុន Nio ត្រៀមសម្រាប់ការប្រកាសចេញនៅទីផ្សារនៅអឺរ៉ុប។ ប៉ុន្តែ ដោយសារតែការលក់រថយន្តម៉ាក Nio មានការធ្លាក់ចុះនៅទីផ្សារមួយនេះ និងកត្តាបង្កើនពន្ធនាំចូលរថយន្តអគ្គិសនីពីប្រទេសចិនចូលទីផ្សារអឺរ៉ុប ទើបក្រុមហ៊ុនបានសម្រេចចិត្តចាប់ផ្តើមបង្ហាញម៉ាករថយន្ត Firefly ជាលើកដំបូងនៅក្នុងប្រទេសចិនវិញ។

លក្ខណៈពិសេសនៃការរចនាខាងក្រៅរបស់ Nio Firefly EV គឺត្រង់ផ្នែកចង្កៀងខាងមុខ និងខាងក្រោយត្រូវបានរចនាជារាងមូលម្ខាងចំនួនបីរៀបចេញជារាងដូចកាមេរ៉ារបស់ទូរស័ព្ទ iPhone ដែលជាការរចនាថ្មីប្លែកមិនធ្លាប់មាននៅលើរថយន្ត។ រថយន្តនេះមានការរចនាផ្នែកខាងលើជារាង C-Pillar ជាមួយប្រវែងតួរខ្លួន 4.7 ម៉ែត្រ។ នៅផ្នែកខាងមុខអាចផ្ទុកទំងន់បានចំនុះ 92 លីត្រ និងឃ្លប់ក្រោយអាចផ្ទុកទំងន់បានដល់ 1,250 លីត្រ។ រថយន្តអគ្គិសនីខ្នាតតូចថ្មីនេះ មានគ្រោងឆ្អឹងផលិតដែកកម្រិត high-strength steel ប្រមាណ 83.4%។ រថយន្តនេះមានកម្រិតកម្លាំងបង្វិលជុំឡើងដល់ 35,700Nm/degree ដែលជាថ្នាក់ខ្ពស់បំផុត នេះបើយោងទៅតាមការបញ្ជាក់របស់ Nio។

Firefly EV ក៏មានពោងសុវត្ថិភាពចំនួនប្រាំបួន និងប្រព័ន្ធ ADAS ផងដែរ។ ជាងនេះទៅទៀត Nio Firefly ទទួលបានវិញ្ញាណបនប័ត្រសម្រាប់ការធ្វើតេស្តស្តង់ដារកម្រិតផ្កាយ 5 ពីស្ថាប័ន C-NCAP 2024 ថែមទៀតផង។ ទោះជាយ៉ាងណា គុណសម្បត្តិរបស់ Nio Firefly ដែលមានដូចជាប្រព័ន្ធម៉ូទ័រអគ្គិសនី កំលាំង ថាមពលកញ្ចប់ថ្ម និងបច្ចេកវិទ្យាផ្សេងៗទៀត Nio-Firefly មិនទាន់បង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ សម្រាប់គុណសម្បត្តិលម្អិតរបស់ Firefly នឹងត្រូវបង្ហាញបន្ថែមនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show ដែលនឹងប្រារព្ធធ្វើឡើងនៅខែមករា ឆ្នាំ 2025 ខាងមុខនេះ៕
