ស្វែងរកពួកយើង:

Nio ប្រគល់ឡានអគ្គិសនី Firefly លេខរៀងទី 10,000th ជូនដល់អតិថិជនរបស់ខ្លួន

ដោយ

Koun Jab Luffy

29 កក្កដា 2025 02:37 រសៀល

អាន 3 នាទី

Article image
Nio នៅថ្ងៃនេះ បានចេញមកប្រកាសថា ខ្លួនបានធ្វើដឹកជញ្ជូនឡានប្រភេទ Small Electric Hatchback ម៉ូដែល Firefly EV របស់ខ្លួនជូនដល់អតិថិជនបាន 10,000th គ្រឿងហើយបន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌រយៈពេល 3 ខែមក។ នៅថ្ងៃនេះ ឡាន Nio Firefly EV ដែលមានលេខរៀងទី 10,000th ត្រូវបានធ្វើការប្រគល់ជាផ្លូវការណ៌នៅក្រុមហ៊ុនតែម្តង។ តាមការបញ្ជាក់ចេញពីប្រភពខាងលើនេះបាននិយាយថា សម្រាប់ខែនេះ ក្រុមហ៊ុនបានធ្វើការប្រគល់ឡានបាន 2,157 គ្រឿងហើយ។
យោងតាមរបាយការណ៌របស់ CnEVPost បានអោយដឹងថា គិតត្រឹមចុងខែមិថុនាមក ក្រុមហ៊ុនបានប្រគល់ឡានចំនួន 7,843 គ្រឿងហើយ។ សូមជំរាបថា ក្រុមហ៊ុន Nio បានបង្ហាញជាផ្លូវការនូវ Firefly នេះ កាលពីថ្ងៃទី 21 ខែធ្នូរឆ្នាំ 2024 ហើយនៅក្នុងព្រឹត្តិការណ៌ Nio Day 2024 ក្រុមហ៊ុនបានបញ្ជាក់ពីបង្កើតនូវម៉ូដែល Mini និង Smart។ ក្រុមហ៊ុននេះត្រូវបានគេមើលឃើញថាបានធ្វើការប្រកាសចេញនូវម៉ូដែលដំបូងនេះ កាលពីថ្ងៃទី 19 ខែមេសា ដែលមាន 2 ជម្រើស គឺមានតម្លៃចាប់ពី 119,800 យ៉ន់ ($16,710) ទៅ 125,800 យ៉ន់ អាស្រ័យលើទំហំអាគុយ។
Article image
Firefly ដែលជាឡានប្រភេទ Small Electric Hatchback ថ្មីនេះត្រូវបានក្រុមហ៊ុនចាប់ផ្តើមធ្វើការដឹកជញ្ជូនជាលើកដំបូងនៅថ្ងៃទី 29 ខែមេសា ចំនួន 231 គ្រឿង។ បន្ទាប់មកនៅខែឧសភា និងមិថុនា ក្រុមហ៊ុនបានបន្តដឹកជញ្ជូនបន្ថែមបាន 3,680 គ្រឿង និង 3,932 គ្រឿងថែមទៀត។
Article image
គួរបញ្ជាក់ថា លោក William Li ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nio កន្លងមក ធ្លាប់បានប្រកាសក្នុងអំឡុងពេលសន្និសីទ Nio Day នៅទីក្រុងក្វាងចូវ ថា Firefly EV "Firefly គឺឆ្លាតជាង និងមានទំហំធំជាងរថយន្ត Mini ម៉ាកផ្សេង"។ Firefly គឺជារថយន្តប្រភេទ hatchback ខ្នាតតូចដែលដំបូងឡើងត្រូវបានក្រុមហ៊ុន Nio ត្រៀមសម្រាប់ការប្រកាសចេញនៅទីផ្សារនៅអឺរ៉ុប។ ប៉ុន្តែ ដោយសារតែការលក់រថយន្តម៉ាក Nio មានការធ្លាក់ចុះនៅទីផ្សារមួយនេះ និងកត្តាបង្កើនពន្ធនាំចូលរថយន្តអគ្គិសនីពីប្រទេសចិនចូលទីផ្សារអឺរ៉ុប ទើបក្រុមហ៊ុនបានសម្រេចចិត្តចាប់ផ្តើមបង្ហាញម៉ាករថយន្ត Firefly ជាលើកដំបូងនៅក្នុងប្រទេសចិនវិញ។
លក្ខណៈពិសេសនៃការរចនាខាងក្រៅរបស់ Nio Firefly EV គឺត្រង់ផ្នែកចង្កៀងខាងមុខ និងខាងក្រោយត្រូវបានរចនាជារាងមូលម្ខាងចំនួនបីរៀបចេញជារាងដូចកាមេរ៉ារបស់ទូរស័ព្ទ iPhone ដែលជាការរចនាថ្មីប្លែកមិនធ្លាប់មាននៅលើរថយន្ត។ រថយន្តនេះមានការរចនាផ្នែកខាងលើជារាង C-Pillar ជាមួយប្រវែងតួរខ្លួន 4.7 ម៉ែត្រ។ នៅផ្នែកខាងមុខអាចផ្ទុកទំងន់បានចំនុះ 92 លីត្រ និងឃ្លប់ក្រោយអាចផ្ទុកទំងន់បានដល់ 1,250 លីត្រ។ រថយន្តអគ្គិសនីខ្នាតតូចថ្មីនេះ មានគ្រោងឆ្អឹងផលិតដែកកម្រិត high-strength steel ប្រមាណ 83.4%។ រថយន្តនេះមានកម្រិតកម្លាំងបង្វិលជុំឡើងដល់ 35,700Nm/degree ដែលជាថ្នាក់ខ្ពស់បំផុត នេះបើយោងទៅតាមការបញ្ជាក់របស់ Nio។
Article image
Firefly EV ក៏មានពោងសុវត្ថិភាពចំនួនប្រាំបួន និងប្រព័ន្ធ ADAS ផងដែរ។ ជាងនេះទៅទៀត Nio Firefly ទទួលបានវិញ្ញាណបនប័ត្រសម្រាប់ការធ្វើតេស្តស្តង់ដារកម្រិតផ្កាយ 5 ពីស្ថាប័ន C-NCAP 2024 ថែមទៀតផង៕
Nio ប្រគល់ឡានអគ្គិសនី Firefly លេខរៀងទី 10,000th ជូនដល់អតិថិជនរបស់ខ្លួន