
នេះគឺជាឡាន Nissan N6 ស៊េរីឆ្នាំ 2026 ថ្មីដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងតម្លៃចាប់ពីខ្ទង់ $14,500 ប៉ុណ្ណោះហើយវានឹងចេញលក់នៅចុងឆ្នាំ 2025 នេះតែម្តង។ ឡាន Nissan N6 ឆ្នាំ 2026 ប្រើម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ 1.5L ទំហំ 4 ស៊ីឡាំងនិងម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបាន 208 HP ហើយបំពាក់កញ្ចប់អាគុយទំហំ 21.1 kWh ជាប្រភេ LFP Battery ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយដល់ 130 KM។
សូមបញ្ជាក់ឲ្យដឹងដែរថា Nissan N6 ត្រូវបានសហការណ៍ផលិតដោយក្រុមហ៊ុន Dongfeng និង Nissan ហើយវាក៏ជាឡានប្រភេទ Plug-in Hybrid រួមគ្នាដំបូងបង្អស់របស់ក្រុមហ៊ុនទាំង 2 ផងដែរ។

បើនិយាយពីការឌីហ្សាញវិញឡាន Nissan N6 នេះមានការរចនាបែបទំនើបនិងទាន់សម័យហើយមានលក្ខណៈពិសេសមួយចំនួនដូចជាអំពូល Daytime Running Light LED លាតពេញផ្នែកខាងមុខ, សំណុំចង្កៀងមុខ LED រចនារាងដូចកន្តៀវ, ដៃទ្វារលិបចេញចូលក្នុងតួខ្លួននិងស្តុបក្រោយ LED ទ្រវែងលាតពេញផ្នែកខាងក្រោយយ៉ាងស្រស់ស្អាតផងដែរ។

ឡាន Sedan នេះមានប្រវែងតួខ្លួន 4.83m ទទឹង 1.88m កម្ពស់ 1.49m និងគម្លាងពីកង់មុខទៅកង់ក្រោយ 2.81m។ ចំណែកឯផ្នែកខាងក្នុងវិញវាក៏មានការឌីហ្សាញស្អាតនិងសម្បូរ Option ទំនើបៗច្រើនជាពិសេសនោះគឺប្រព័ន្ធប្រតិបត្តិការណ៍HarmonySpace 5.0 Smart Cockpit System របស់ Huawei និងមុខងារជំនួយការបើកបរ ADAS ជាច្រើនផ្សេងទៀតផងដែរ៕
