
ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញឡាន SUV ខ្នាតធំ Armada Nismo ស៊េរីឆ្នាំ 2026 ដោយបានអាប់ដេតលក្ខណៈពិសេសជាច្រើន កាន់តែទាក់ទាញ។ ឡាន Nissan Armada Nismo ឆ្នាំ 2026 ថ្មីនេះ ប្រើម៉ាស៊ីនសាំង ចំណុះ 3.5L Twin-turbo ទំហំ 6 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានសរុប 460 HP និង កម្លាំងរមួល 699 NM បើចាក់សាំងស៊ុបពែ។ បើប្រៀបធៀបទៅ វាមានកម្លាំងខ្លាំងជាង Armada ម៉ូដែលធម្មតា ដល់ទៅ 35 HP ឯណោះ។
គួរបញ្ជាក់ឲ្យដឹងដែរថា ឡាន Nissan Patrol NISMO ដែលដូចគ្នាទៅនឹង Armada NISMO សម្រាប់លក់នៅលើទីផ្សារមជ្ឈិមបូព៌ា អាចបង្កើតកម្លាំងបាន 495 HP ព្រោះវាបានធ្វើការអាប់ដេតបន្ថែមទៀត ទៅលើម៉ាស៊ីនដូចគ្នានោះ។ ក្រៅពីទទួលបានការអាប់ដេតម៉ាស៊ីន ឡាន Nissan Armada Nismo ឆ្នាំ 2026 ក៏បានបំពាក់ស៊ីម៉ាំងថ្មី ដែលសន្យាថានឹងផ្តល់ឲ្យនូវសំឡេងពិរោះ ជាងមុន អមដោយមុខងារ Active Sound Enhancement System ដែលកាន់តែជួយដល់សំឡេងស៊ីម៉ាំងរបស់វា ឲ្យកាន់តែគ្រហឹម ផងដែរ។

មិនតែប៉ុណ្ណោះ វាក៏បានបំពាក់មកជាមួយនឹង ប្រព័ន្ធបូមដែលទទួលបានការអាប់ដេត ឲ្យមានសភាពស្ព័រជាងមុន និងមានកម្ពស់ទាបជាងមុន ព្រមទាំងកែកុនទៅលើប្រព័ន្ធចង្កូតភ្លើង ដែលសន្យាថានឹងផ្តល់បទពិសោធន៍បើកបរ កាន់តែសប្បាយ។ ឡាន SUV នេះបំពាក់យ៉ាន់កង់ទំហំ 22 អ៊ីញ ជាប្រភេទ Forged Alloy ហើយប្រើសំបកកង់ High-Performance All-Season Tires អមដោយដុំហ្វ្រាំងពណ៌ក្រហម ផងដែរ។

ក្រៅពី Performance ឡាន Armada NISMO ក៏បានអាប់ដេតទៅលើរូបរាង ឲ្យមើលទៅបែបស្ព័រជាងមុនដែរ ជាពិសេសគឺរចនាមុខថ្មី និងបំពាក់ប៉ាណាមុខបញ្ឈរ ខ្ពស់ជាងមុន ព្រមទាំង បំពាក់កាងមុខថ្មី មានរន្ធបឺតខ្យល់បញ្ឈរនៅផ្នែកចំហៀង ទៀតផង។ អ្វីដែលពិសេសនោះគឺ Nissan ផ្តល់ជម្រើសពណ៌បែបកាចៗសម្រាប់ Armada NISMO ដូចជា ពណ៌ប្រផេះ NISMO Stealth Gray, ពណ៌ប្រផេះដំបូលខ្មៅ NISMO Stealth Gray with Super Black Roof និង ពណ៌ខ្មៅ Black Diamond Pearl។

ចំណែកឯផ្នែកខាងក្នុងវិញ វាក៏ទទួលបានការអាប់ដេតជាច្រើនដែរ ដូចជា ការបំពាក់ពូកស្បែកពណ៌ខ្មៅ មានហាយឡាយថ្នេរដេរ ពណ៌ក្រហម, ឈ្នាន់អាលុយមីញ៉ូម, ប្រព័ន្ធភ្លើងឌីម Ambient Lighting និង ដៃចង្កូតរចនាឡើងវិញថ្មី មានថ្នេរដេរពណ៌ក្រហម ជាដើម។ សូមបញ្ជាក់ឲ្យដឹងដែរថា ឡាន Nissan Armada NISMO នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំ 2025 នេះ ខណៈ Nissan Patrol NISMO នឹងដាក់ឲ្យបញ្ជាទិញ នៅប្រទេសអារ៉ាប់ ចាប់ពីខែកក្កដា ឆ្នាំ 2025 នេះតទៅ៕

