
អីចឹងនេះគឺជាភីកអាប់ Nissan Frontier Pro ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Shanghai Auto Show ប្រទេសចិន ហើយនឹងចូលសង្វាក់ផលិតកម្ម នៅក្នុងប្រទេសចិន នាចុងឆ្នាំ 2025។ សូមបញ្ជាក់ឲ្យដឹងដែរថា Nissan Frontier Pro ថ្មីនេះ គឺជាភីកអាប់ខ្នាតកណ្តាល ដែលត្រូវបានសហការណ៍ផលិត ដោយក្រុមហ៊ុន Nissan និង Dongfeng ហើយបំពាក់ម៉ាស៊ីនកូនកាត់ Plug-in Hybrid ថ្មី និងមិនមានពាក់ព័ន្ធជាមួយ Nissan Frontier ដែលមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ឬ Nissan Navara នោះទេ។
យ៉ាងណាមិញ Nissan Frontier Pro ថ្មីនេះ ប្រើម៉ាស៊ីនចំណុះ 1.5L Turbo ទំហំ 4 ស៊ីឡាំង ដំណើរការជាមួយ ម៉ូទ័រអគ្គិសនីមួយ ដែលដាក់ជាប់ជាមួយប្រអប់លេខ អាចបង្កើតកម្លាំងបានសរុប 402 HP និង កម្លាំងរមួល 800 NM ហើយប្រើប្រព័ន្ធបើកបរប៉ុង 2 (Intelligent AWD) ព្រមទាំងមាន មុខងារចាក់សោរប៉ុងក្រោយ Rear Differential Lock ផងដែរ។

ជាមួយគ្នានេះ វាក៏ផ្តល់ជម្រើស Drive Mode ចំនួន 4 គឺ Hybrid, Pure Electric, Performance និង Snow ផងដែរ។ ក្រុមហ៊ុន Nissan អះអាងថា Frontier Pro នឹងអាចបើកបរបានចម្ងាយសរុបដល់ 135 KM ដោយប្រើថាមពលអគ្គិសនីសុទ្ធ ហើយថែមទាំងមានមុខងារ Vehicle-to-Load (V2L) ដែលអនុញ្ញាតឲ្យយើងយកភ្លើងពីឡាន ប្រើជាមួយឧបករណ៍អេឡិចត្រូនិច កម្លាំងដល់ 6 kW ទៀតផង។

បើនិយាយពីរូបរាងវិញ ឡានភីកអាប់ Nissan Frontier Pro ថ្មីនេះ បានប្រើគ្រោងឆ្អឹងរួមគ្នាជាមួយ ភីកអាប់ Dongfeng Z9 ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំ ប៉ុន្តែបានតុបតែងខ្លួនបន្ថែម បែប Retro មើលទៅកាន់តែទាក់ទាញ។ នៅផ្នែកខាងមុខ វាបានបំពាក់អំពូល Daytime Running Light លាតពេញផ្នែកខាងមុខ ហើយបានបង្កប់សំណុំចង្កៀងមុខនៅខាងក្នុង ខណៈឡូហ្គូ Nissan នៅផ្នែកខាងមុខនោះ អាចបញ្ចេញភ្លើងភ្លឺ ហើយបំពាក់កាងមុខបែបមាំ មើលទៅពិតជាកាច។

ចំណែកឯផ្នែកចំហៀងវិញ វាប្រើយ៉ាន់កង់ទំហំ 18 អ៊ីញ, កញ្ចក់ចំហៀងពណ៌ខ្មៅ, ដំបូលពណ៌ខ្មៅ, ឈ្នាន់ជើងចំហៀង ខណៈការឌីហ្សាញស្តុបក្រោយរបស់វា ស្រដៀងនឹងផ្នែកខាងមុខដែរ ហើយឡូហ្គូ Nissan នៅផ្នែកខាងក្រោយ ក៏អាចបញ្ចេញភ្លើងភ្លឺដែរ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានសភាពទំនើប និងទាន់សម័យតែម្តង ហើយជាពិសេសគឺ មានបំពាក់អេក្រង់កម្សាន្ត ទំហំ 14.6 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 10 អ៊ីញ ព្រមទាំង ដៃចង្កូតឌីហ្សាញបែប 2 កាំ ហើយកៅអីមុខរបស់វា មានមុខងារក្តៅត្រជាក់ និងម៉ាស្សា ជាដើម៕
