ស្វែងរកពួកយើង:

Nissan N7 ដែលជារថយន្តអគ្គិសនីស៊េរីថ្មី បានបង្ហាញវត្តមាននៅព្រឹត្តិការណ៍ Guangzhou Auto Show 2024

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 12:05 ថ្ងៃត្រង់

អាន 2 នាទី

Article image
Nissan សហការជាមួយ Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធម៉ូដែល N7 ដែលជារថយន្ត Sedan នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2024 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី 15 ខែវិច្ឆិកាថ្មីៗនេះ។ N7 គឺជាម៉ូដែលរថយន្តអគ្គិសនីសុទ្ធដំបូងស្ថិតក្រោមកិច្ចសហការរវាងក្រុមហ៊ុនផលិតរថយន្តចិន Dongfeng និង Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តជប៉ុន។
Nissan N7 មានប្រវែងបណ្តោយខ្លួន 4,930mm/ ទទឹង 1,895mm/ កម្ពស់ 1,487mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 2,915mm។ នៅផ្នែកខាងមុខរថយន្តត្រូវបានប្រើប្រាស់គំរូរចនា Classic V-Motion ពីក្រុមហ៊ុន Nissan ជាមួយចង្កៀង LED រចនាជារាង V-Shaped Light Cluster ដោយប្រើនូវអំពូលចំនួន 710 គ្រាប់ នេះបើតាមការបញ្ជាក់ពី Nissan។ ផ្នែកទ្វារវិញ ត្រូវបានរចនាបែប Frameless door ជាមួយដៃទ្វារបង្កប់ចូលទៅក្នុង Hidden-door-handle។ ចំនែកភ្លើងចង្កៀងបំភ្លឺខាងក្រោយវិញ បានប្រើប្រាស់នូវអំពូលប្រភេទ OLED Light-emitting ចំនួន 882 គ្រាប់។
Article image
ចំនែកនៅក្នុងកាប៊ីនវិញ ត្រូវបានគ្រប់គ្រងមុខងារ និងកម្មវិធីទាំងឡាយដោយបន្ទះឈីបឈីប Qualcomm Snapdragon 8295P ដែលគាំទ្រប្រតិបត្តិការដោយរ៉េមទំហំ 32GB និងមានអង្គផ្ទុកទិន្នន័យទំហំ 64GB។ ក្រុមហ៊ុនបានបញ្ជាក់ថា Nissan N7 គឺជារថយន្តអគ្គិសនីដំបូងគេដែលគាំទ្រប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ adaptive posture AI core algorithm។
Article image
រថយន្តស៊េរីថ្មីនេះ មានបំពាក់នូវប្រព័ន្ធសែនស័រចំនួន 49 គ្រាប់ ដើម្បីជំនួយដល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។ Nissan N7 ក៏នឹងគាំទ្រប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ high-end intelligent driving system ដែលជាការរួមដៃសហការអភិវឌ្ឍន៍រវាងក្រុមហ៊ុន Dongfeng Nissan និង Momenta ផងដែរ។
Article image
ប៉ុន្តែអ្វីដែលគួរឲ្យស្តាយ គឺ Nissan មិនបានបង្ហាញលម្អិតទាក់ទងនឹងប្រព័ន្ធ Powertrain របស់ Nissan N7 ក៏ដូចជាកាលបរិច្ឆេទប្រកាសចេញ និងតម្លៃរបស់រថយន្ត Sedan EV ស៊េរីថ្មីមួយនេះនៅឡើយទេ។ មិនខុសពីក្រុមហ៊ុនស្ថិតក្នុងគម្រោង Joint Ventures (JV) ដទៃទៀតឡើយ ដោយប្រតិបត្តិការណ៍របស់ Nissan នៅក្នុងទីផ្សាររថយន្តប្រទេសចិន គឺមិនមានដំណើរការល្អនោះទេ ប៉ុន្តែ សម្រាប់រថយន្តអគ្គិសនីថ្មី (N7) នេះ អាចនឹងក្លាយជាអាវុធថ្មីរបស់ Nissan ក្នុងការប្រកូតប្រជែងជាមួយក្រុមហ៊ុនរថយន្តក្នុងស្រុកចិនជាច្រើនទៀតបាននៅពេលចេញផ្លូវការណ៍៕
Nissan N7 ដែលជារថយន្តអគ្គិសនីស៊េរីថ្មី បានបង្ហាញវត្តមាននៅព្រឹត្តិការណ៍ Guangzhou Auto Show 2024