
ក្រុមហ៊ុន Nissan ប្រចាំប្រទេសអូស្ត្រាលីត្រូវបានគេដឹងថា បានត្រៀមខ្លួនក្នុងការប្រកាសចេញរថយន្តភីកអាប់ស៊េរីថ្មីជំនាន់ទី 4 ម៉ូដែល Navara ute ជាសកលនៅឆ្នាំនេះ ហើយអាចនឹងចេញលក់នៅមុនដំណាច់ឆ្នាំ 2025។ ប៉ុន្តែ សម្រាប់ម៉ូដែលដំបូងរបស់ Nissan Navara ute 4th Generation ដែលគ្រោងផលិតនាពេលបច្ចុប្បន្ន គឺជាម៉ូដែលចម្បងជាជាងម៉ូដែល High-end 4x4 Dual Cab ។ ប្រធានក្រុមហ៊ុន Nissan Oceania លោក Andrew Humberstone បានបង្ហាញពីបញ្ហាប្រឈមលើក្រុមហ៊ុន Navara សម្រាប់ការចេញលក់រថយន្តប្រភេទ Compact SUV ម៉ូដែល Qashqai។
បច្ចុប្បន្នរថយន្ត Nissan Navara D23 ត្រូវបានដាក់លក់ក្នុងប្រទេសអូស្ត្រាលីតាំងពីឆ្នាំ 2015 និងបានឆ្លងកាត់ការកែប្រែ និងកែលម្អទម្រង់ថ្មីៗជាបន្តបន្ទាប់ ហើយការកែប្រែជាចម្បង គឺនៅលើប្រព័ន្ធ coil spring rear-suspension របស់រថយន្តភីកអាប់នេះតែម្តង។
នៅក្នុងឆ្នាំ 2024 រថយន្ត Navara ម៉ូដែល 4x4 មានការលក់កើនឡើងប្រមាណ 20.3% ដោយបានឈរនៅលំដាប់ទី 7 ក្នុងប្រភេទ Pick up ក្នុងទីផ្សារប្រទេសអូស្ត្រាលី រីម៉ូដែល 4x2 មានការលក់កើនឡើងប្រមាណ 4.2% ផងដែរ។ សម្រាប់រថយន្ត Navara ជំនាន់ថ្មី ត្រូវបានគេដឹងថា នឹងផលិតឡើងដោយឈរនៅលើប្រព័ន្ធគ្រោងឆ្អឹងស្នូលដូចគ្នាទៅនឹងម៉ូដែល Mitsubishi Triton ជំនាន់ចុងក្រោយបង្អស់។

ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់រថយន្ត Pick up ជំនាន់ថ្មីរបស់ជប៉ុនមួយនេះ នៅមិនទាន់មានការទម្លាយចេញនៅឡើយទេ ដោយ Nissan បានត្រឹមតែបញ្ជាក់ថា Navara 4th Generation នឹងមកដល់មុនការបញ្ចប់នៃផែនការអាជីវកម្ម ARC ជាសកលបច្ចុប្បន្ន ដែលគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ 2027៕
