
Nissan Patrol Y63 ស៊េរីឆ្នាំ 2025 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារសហរដ្ឋអាមេរិក ដោយរក្សាតម្លៃដូចគ្នានឹងម៉ូដែល Patrol Y62 ឆ្នាំ 2024 ដដែល។ Nissan Patrol Y63 ស៊េរីឆ្នាំ 2025 ដែលចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកត្រូវបានគេស្គាល់ឈ្មោះថា Armada ហើយមានតម្លៃដូចគ្នានឹងជំនាន់ Y62 ឆ្នាំ 2024 ដែរ។
នៅទីផ្សារអាមេរិក Nissan Armada Y63 មានតម្លៃចាប់ពីខ្ទង់ $58,530 សម្រាប់ម៉ូដែលប្រើប៉ុងមួយ ឬ rear-wheel-drive, តម្លៃ $75,750 សម្រាប់ម៉ូដែល Pro-4X និង $82,000 សម្រាប់ម៉ូដែល Platinum Reserve grades។

រថយន្តស៊េរីថ្មី Nissan Patrol Y63 ឬ Nissan Armada Y63 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងកាលពីខែកញ្ញា ក្នុងឆ្នាំ 2024 នេះ ហើយក៏ត្រូវបានប្រកាសចេញលក់នៅទីផ្សារប្រទេសឯមជ្ឈឹមបូព៌ារួចរាល់ហើយ ហើយក៏នឹងត្រៀមក្នុងការចែកចាយលក់នៅទីផ្សារអាមេរិកនៅក្នុងខែធ្នូខាងមុខនេះផងដែរ។ ប៉ុន្តែ សម្រាប់ម៉ូដែលត្រូវចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីត្រូវពន្យាពេលរហូតដល់ឆ្នាំ 2026 សម្រាប់រថយន្ត Nissan SUV ស៊េរីថ្មីឆ្នាំ 2025 មួយនេះ។

Nissan Patrol Y63 ស៊េរីឆ្នាំ 2025 នឹងក្លាយជាគូប្រកូតប្រជែងទីផ្សារជាមួយនឹងម៉ូដែល Toyota LandCruiser 300 Series ដែលបានចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីដែលមានតម្លៃចាប់ពីខ្ទង់ $96,991 សម្រាប់ម៉ូដែល GX និង $145,160 សម្រាប់ម៉ូដែល Sahara ZX។ សម្រាប់ម៉ូដែល Nissan Armada SV បានប្រើប្រាស់យ៉ាន់កង់ប្រភេទ alloy-wheel ទំហំ 18-inch, កៅអីស្រោបស្បែក អាចកំនត់បាន 8 របៀបសម្រាប់កៅអីអ្នកបើក និង 4 របៀបសម្រាប់កៅអីអ្នករួមដំណើរខាងមុខ។

បន្ថែមពីនេះ គឺមានបំពាក់ប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់, អេក្រង់កម្សាន្តទំហំ 12.3-inch Infotainment touchscreen, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 12.3-inch full-LCD Instrument Panel, ប្រព័ន្ធម៉ាស៊ីនត្រជាក់បីកន្លែង (tri-zone climate control) និងប្រព័ន្ធពោងសុវត្ថិភាពមួយជុំរថយន្តថែមទៀតផង។

ចំនែកម៉ូដែល Nissan Armada SL វិញ ប្រើប្រាស់យ៉ានកង់ទំហំ 20-inch, មានប្រព័ន្ធបំពងសំឡេងចំនួន 12 គ្រាប់ម៉ាក Klipsch audio system, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ប្រព័ន្ធមុខងារ Google Built-in technology, មុខងារកំដៅកៅអីសម្រាប់កៅអីខាងមុខ និងកៅអីជួរទីបីអាចបត់បានផងដែរ។

រីម៉ូដែល Nissan Armada Platinum វិញ បានធ្វើការបំពាក់នូវកៅអីស្បែក មានមុខងារម៉ាស្សាសម្រាប់កៅអីមុខ ទ្វារគូទក្រោយបំពាក់សែនស័របើកដោយស្វ័យប្រវត្តិ និងដំបូលបើក Sunroof ជាដើម។ ម៉ូដែល Platinum មានបំពាក់នូវប្រព័ន្ធអេក្រង់ភ្លោះមានទំហំធំដល់ 28.6-inch ដោយចែកជាអេក្រង់កម្សាន្តទំហំ 14.3-inch និងអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 14.3-inch។

ម៉ូដែលចុងក្រោយ គឺជា Platinum Reserve sports ដែលជា Flagship Model ដែលបំពាក់នូវយ៉ាន់កង់ទំហំធំដល់ 22-inch, កៅអីមុខមានមុខងារម៉ាស្សា, រន្ធសាកភ្លើងប្រភេទ USB-C និងប្រព័ន្ធពោងសុវត្ថិភាពនៅខាងមុខ (Front-center airbag) ជាដើម។ Nissan Patrol Y63 ឬ Armada ស៊េរីឆ្នាំ 2025 ដែលចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកបំពាក់នូវម៉ាស៊ីនសាំងចំនុះ 3.5-litre twin-turbo patrol V6 ដែលមានកំលាំង 335kW និងកំលាំងរមូល 700Nm៕
