ស្វែងរកពួកយើង:

Nissan Qashqai Hybrid 2026 ចាក់សាំងពេញ 50 លីត្រអាចបើកបានចម្ងាយជាង 1,300 គីឡូម៉ែត្រ

ដោយ

ជុំ ប៉េងលីន

12 ឧសភា 2026 01:04 រសៀល

អាន 3 នាទី


Article image
ក្រុមហ៊ុន Nissan បានបំបែកកំណត់ត្រាក្នុងការបើករបររថយន្តជុំវិញរដ្ឋដែលដីកោះ Tasmania ភាគខាងត្បូងប្រទេសអូស្រ្តាលីដែលមានរយះចម្ងាយជាង 1,303km ជាមួយរថយន្ត SUV Hybrid ស៊េរីថ្មីឆ្នាំ 2026 Nissan Qashqai ដោយការចាក់សាំងពេញធុងតែម្តងគត់។ Nissan Qashqai ឆ្នាំ 2026 ដំណើរការនៅលើប្រព័ន្ធបច្ចេកវិទ្យា e-Power hybrid drivetrain ដែលក្រុមហ៊ុនអះអាងថា ប្រព័ន្ធនេះ មានប្រសិទ្ធិភាពសន្សំសំចៃសាំងបានប្រសើរជាងបើធៀបនឹងប្រព័ន្ធ Hybrid របស់ Hyundai និង Toyota។ 

Nissan បានចាក់ប្រេងពេញធុងរបស់ Qashqai 2026 នៅទីក្រុង Geelong មុនពេលឡើងសាឡាង Spirit of Tasmania ទៅកាន់តំបន់ Devonport ភាគខាងជើងនៃទីក្រុង Tasmania ដោយបានបន្តបើកបរជុំវិញកោះនេះមួយជុំ និងបានត្រឡប់ទៅកាន់សាឡាងវិញ ហើយចុះពីសាឡាងនៅទីក្រុង Geelong ដើម្បីចាក់សាំងម្តងទៀត ដែលមានចម្ងាយសរុបដល់ទៅជាង 1,303 គីឡូម៉ែត្រ។ រថយន្ត Hybrid ស៊េរីថ្មីនេះមានកម្រិតស៊ីសាំងជាមធ្យម 4.5លីត្រ/100 គីឡូម៉ែត្រ។

Article image
ផ្ទុយពីការធ្វើតេស្តនៅក្នុងបន្ទប់ “lab-tested” ដែលបានបញ្ជាក់ផ្លូវការណ៍ថា Qashqai 2026 មានកម្រិតស៊ីសាំងប្រមាណ 4.1L/100km ប៉ុន្តែ ការធ្វើតេស្តក្នុងបន្ទប់ Lap មិនដូចការបើកបរជាក់ស្តែងនៅលើដងផ្លូវនោះទេ។ Nissan បានធ្វើការពិពណ៌នាអំពីបច្ចេកវិទ្យា e-Power របស់ខ្លួនថា វាផ្តល់នូវ “បទពិសោធន៍បើកបរស្ងាត់ដូចរថយន្តអគ្គិសនី” ប៉ុន្តែ គ្មានការព្រួយបារម្ភទាក់ទងនឹងតម្រូវការសាកថ្មដូចឡានអគ្គិសនីនោះទេ។

e-Power របស់ Nissan ដំណើរការខុសពីប្រព័ន្ធបច្ចេកវិទ្យា Hybrid របស់ Toyota និង Hyundai ដែលដំណើរការបើកបរឆ្លាសគ្នាទៅវិញទៅមករវាងម៉ាស៊ីន និងថាមពលថ្ម ផ្ទុយទៅវិញប្រព័ន្ធ Hybrid (e-Power) របស់ Nissan គឺរថយន្តបើកបរដោយប្រើតែប្រព័ន្ធម៉ូទ័រអគ្គិសនីសុទ្ធ ខណៈម៉ាស៊ីនសាំងមានតួរនាទីសម្រាប់តែការសាកភ្លើងឲ្យអាគុយ HYBRID តែប៉ុណ្ណោះ។

Article image
ចំណុចស្នូលសម្រាប់ប្រព័ន្ធរបស់ Qashqai Hybrid 2026 គឺជាអ្វីដែល Nissan ហៅថា ប្រព័ន្ធថាមពលថ្មី “5-In-1” របស់ខ្លួន ដែលវាត្រូវបានរួមបញ្ចូលគ្នានូវប្រព័ន្ធម៉ូទ័រអគ្គិសនី ម៉ាស៊ីនភ្លើង ឧបករណ៍បម្លែងអាំងវឺរទ័រ ឧបករណ៍បង្កើនថាមពល និងឧបករណ៍បន្ថយថាមពលនៅក្នុងសណ្តុំតែមួយ ដែលអាចជួយកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

Article image
ការបើកបរជុំវិញរដ្ឋ Tasmania សម្រាប់រថយន្ត Qashqai Hybrid 2026 ត្រូវបានឆ្លងកាត់តំបន់ជាច្រើនរួមមាន Launceston, Bay of Fires, Freycinet, Hobart និងផ្លូវកោងចំនួន 99 ដ៏ល្បីល្បាញនៅលើផ្លូវកោងចូលទៅក្នុងទីក្រុង Queenstown នៅលើឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ Tasmania។ Nissan Qashqai ឆ្នាំ 2026 មានតម្លៃចាប់ពីខ្ទង់ $45,640 សម្រាប់ម៉ូដែល ST-L e-Power (តម្លៃដើមចេញពីរោងចក្រ)៕
Nissan Qashqai Hybrid 2026 ចាក់សាំងពេញ 50 លីត្រអាចបើកបានចម្ងាយជាង 1,300 គីឡូម៉ែត្រ