
ឡាន off-road SUV ជំនាន់ថ្មីរបស់ក្រុមហ៊ុន Nissan ម៉ូដែល Y63 Patrol ត្រូវបានគេប្រទះឃើញបង្ហាញរូបរាងនៅលើដងវិថីនៅមុនថ្ងៃនៃការបើកទទួលការបញ្ជាទិញ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ 2026។ រូបភាពមួយសន្លឹករបស់ Nissan Y63 Patrol ដែលជាម៉ូដែល off-road Pro-4X ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក Y62 Patrol Modified Action ហើយត្រូវបានចែកចាយជាសាធារណៈនៅក្នុងក្រុមហ្វេសប៊ុក (Facebook group)។ រូបភាពរបស់ Patrol ជំនាន់ថ្មី គឺស្ថិតនៅខាងក្រោយរថយន្តដឹកទំនិញ ដែលត្រូវបានគេអះអាងថា ត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុង Melbourne ក្នុងរដ្ឋ Victoria។
Nissan Y63 Patrol ត្រូវបានក្រុមហ៊ុនបង្ហាញវត្តមានជាលើកដំបូងនៅក្នុងឆ្នាំ 2024 និងបានប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសមជ្ឈិមបូព៌ាមួយចំនួន ក៏ដូចជាអាមេរិកខាងជើងដែលត្រូវបានប្រើឈ្មោះថ្មីថា Nissan Armada។ ហើយថ្មីៗនេះ ក្រុមហ៊ុន Nissan ក៏បានប្រកាសផងដែរថា រថយន្ត Y63 Patrol ក៏នឹងប្រកាសចេញលក់នៅក្នុងប្រទេសជប៉ុននាក្នុងឆមាសទីមួយនៃឆ្នាំសារពើពន្ធ 2027(FY27) ដែលត្រូវចាប់ផ្តើមពីខែមេសាដល់ខែកញ្ញា ឆ្នាំ 2026 ផងដែរ។

សូមបញ្ជាក់ថា បើទោះបីជា Nissan Patrol ត្រូវបានផលិតនៅក្នុងរោងចក្រប្រទេសជប៉ុនក៏ពិតមែន ប៉ុន្តែ រថយន្ត off-road SUV មួយនេះ គឺមិនត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសជប៉ុនឡើយចាប់តាំងពីឆ្នាំ 2007 មក។

សម្រាប់ Nissan Y63 Patrol ជំនាន់ថ្មី ត្រូវបានគេដឹងថា នឹងមិនប្រើម៉ាស៊ីន V8 ទំហំ 5.6-liter naturally inspired ដែលប្រើនៅលើម៉ូដែល Y62 Patrol បច្ចុប្បន្ននោះទេ ដោយ Y63 Patrol ថ្មី នឹងបំពាក់ម៉ាស៊ីនថ្មីទំហំ 3.5-liter twin-turbo V6 ដែលមានកម្លាំង 317kW និងកម្លាំងរមួល 700Nm ដោយម៉ាស៊ីនថ្មីនេះ គឺមានកម្លាំងខ្លាំងជាង 19kW និងកម្លាំងរមួលខ្លាំងជាង 140kW ធៀបនឹងម៉ាស៊ីន V8 នៅលើម៉ូឌែល Y62។

នៅក្នុងរយះពេលប្រមាណជា 10 ខែមកនេះ Nissan លក់ម៉ូដែល Y62 Patrol បានចំនួន 5,454 គ្រឿង នៅក្នុងទីផ្សារអូស្ត្រាលី ស្របពេលខែ Toyota លក់ម៉ូដែល LandCruiser 300 និង 70 Series បានចំនួន 10,026 គ្រឿង៕

