
កាលពីដើមឆ្នាំនេះ មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន HMD Global បានបញ្ឈប់ទៅលើកិច្ចព្រមព្រៀងក្នុងការលក់ស្មាតហ្វូនម៉ាកយីហោ Nokia ទាំងអស់។ នៅពេលនេះ មានរបាយការណ៍ថ្មីមួយដែលចេញពី PTI បានទម្លាយថា ក្រុមហ៊ុន Nokia បានយល់ព្រមនៅក្នុងការបន្តរកិច្ចព្រមព្រៀងទៅលើអាជ្ញាបណ្ណជាមួយនឹងក្រុមហ៊ុន HMD Global សម្រាប់រយៈពេលជាច្រើនឆ្នាំបន្តទៀតហើយ។
សូមជំរាបថា ប្រសិនបើក្រុមហ៊ុន Nokia មិនបន្តក្នុងការលក់ស្មាតហ្វូន Nokia នោះទេ ក្រុមហ៊ុនហ្វាំងឡង់មួយនេះ នឹងបន្តក្នុងការលក់ទៅលើទូរសព្ទ Nokia ប្រភេទ Feature Phones តែប៉ុណ្ណោះ។ បើតាមប្រភពជាច្រើនបានបញ្ជាក់ថា កិច្ចព្រមព្រៀងទៅលើអាជ្ញាប័ណ្ណនេះនឹងបញ្ចប់នៅឆ្នាំ 2026 ខាងមុខ។ ទាក់ទងននឹងព័ត៌មាននេះ ក្រុមហ៊ុនទាំងពីរនេះ នៅមិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈអំពីការអភិវឌ្ឍនេះទេ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន HMD Global នឹងបន្តក្នុងការលក់ទូរសព្ទ Nokia Feature Phone នៅក្នុងប្រទេសចិន និងប្រទេសឥណ្ឌា ខណៈពេលដែលប្រទេសឥណ្ឌាគឺជាទីផ្សារធំបំផុត។
យោងតាមទិន្នន័យទីផ្សារចេញពី IDC បានបង្ហាញថា ក្រុមហ៊ុន HMD បានគ្រប់គ្រងទៅលើទីផ្សារទូរសព្ទ Feature Phone នៅក្នុងប្រទេសឥណ្ឌាដែលមានចំណែកទីផ្សារចំនួន 22.4% ។ ការនាំចេញទូរសព្ទនៅក្នុងប្រទេសនេះគឺឈានដល់ទៅ 54លានគ្រឿងនៅក្នុងឆ្នាំ 2024 នេះ។ សម្រាប់ក្រុមហ៊ុនNokia ការបន្តរទៅលើកិច្ចព្រមព្រៀងនេះគឺដើម្បីការពារម៉ាកយីហោរបស់ខ្លួននៅក្នុងផ្នែកមួយដែលខ្លួនធ្លាប់គ្រប់គ្រងទៅលើទីផ្សារនោះ។

សម្រាប់ក្រុមហ៊ុន HMD វិញ ក្រុមហ៊ុននេះ នៅតែបន្តអាចពង្រឹងទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន Nokia ទៅកាន់ទីផ្សារនៅតំបន់ជនបទ និងទីក្រុងដែលឈ្មោះ Nokia នៅតែមានការពេញនិយមនោះ។ ប្រភពជាច្រើនបានបន្ថែមថា យុទ្ធសាស្រ្តអនាគតរបស់ក្រុមហ៊ុន HMD គឺដើម្បីពង្រីកទៅលើទីផ្សារស្មាតហ្វូន ថេប្លេត និងកិច្ចសហការជាមួយនឹងក្រុមហ៊ុនជាច្រើន ដើម្បីរក្សានូវកេរ្តិ៍ឈ្មោះម៉ាកយីហោ Nokia និងម៉ាកយីហោរបស់ខ្លួននៅលើទីផ្សារផងដែរ៕
