
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Nubia កំពុងតែត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូន Nubia Z60 Ultra ស៊េរីថ្មី នៅលើទីផ្សាររបស់ប្រទេសចិន និងទីផ្សារសកលឆាប់ៗនេះហើយ។ ក្រុមហ៊ុនចិនមួយនេះ បានប្រកាសថា ខ្លួននឹងបន្ទះឈីប “Leading Version” របស់ Snapdragon 8 Gen 3 នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ជំនួសអោយការប្រើប្រាស់បន្ទះឈីបស្តង់ដារ Snapdragon 8 Gen 3 ដែលមានប្រើប្រាស់នៅលើស្មាតហ្វូននាពេលកន្លងមក។
ប្រភពខាងលើនេះបន្តថា ការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីនេះនៅកលើផ្សារប្រទេសចិន និងនៅលើទីផ្សារសកល គឺនឹងធ្វើឡើងនៅថ្ងៃទី 23 ខែកក្កដាឆ្នាំ 2024 ខាងមុខនេះហើយ។ ខណៈពេលដែលក្រុមហ៊ុននេះ នៅមិនទាន់បានប្រកាសអំពីឈ្មោះថ្មីនៃស្មាតហ្វូន version នេះ ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ម៉ូដែលអាចនឹងមានឈ្មោះហៅថា Nubia Z60s Ultra។សូមជំរាបថា ក្រៅពីការផ្លាស់ប្តូរបន្ទះឈីបថ្មីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ប្រហែលជាមិនមានអ្វីដែលផ្លាស់ប្តូរពីនេះទេ។

ស្មាតហ្វូន Nubia Z60 Ultra ថ្មីនេះ អាចនឹងមានការបំពាក់នូវអេក្រង់ទំហំ 6.8-អ៊ីងកម្រិត 1.5K resolution OLED គាំទ្រជាមួយនឹងពន្លឺអេក្រង់ខ្ពស់ដល់ទៅ 1500nits និងរត់នៅលើល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះនឹងមានរ៉េម 24GB LPDDR5x RAM និង 1TB UFS 4.0។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging ហើយក៏និង IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀតផង។

ស្មាតហ្វូន Nubia Z60 Ultra ថ្មីនេះ ត្រូវគេរំពឹងថា នឹងមានការតម្លើងកាមេរ៉ាទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide sensor ខណៈដែលគ្រាប់ទីបីនឹងមានទំហំ 64MP 3.2x periscope telephoto។ នៅលើកាមេរ៉ាទាំង 3 នេះ គឺនឹងមានមុខងារទប់លំនឹង Optical Image Stabilization ដូចគ្នា។ ក្រឡេកមកមើលកាមេរ៉ាសែលហ្វីនៅលើស្មាតហ្វូនជំនាន់ថ្មីនេះវិញ គឺមានកាមេរ៉ាខាងមុខទំហំ 12MP ផងដែរ៕
