
និយាយពីការនាំចេញនូវបន្ទះឈីប ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់ច្បាស់ថា គឺជាក្រុមហ៊ុនដែលធ្លាប់តែទទួលបានប្រាក់ចំណូលច្រើនទៅលើប្រាក់ចំណេញទៅលើបន្ទះឈីបនៅលើទីផ្សារសកល។ សម្រាប់ផលិតផល DRAM និង NAND flash របស់ក្រុមហ៊ុននេះ គឺបានបង្កើតនូវប្រាក់ចំណូលយ៉ាងច្រើន ហើយក្រុមហ៊ុននេះ បានរកប្រាក់ចំណូលបានរាប់ពានលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំទៀតផង។ នៅក្នុងឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុននេះ បានបញ្ចប់នូវដំណែងកំពូល 24 ឆ្នាំរបស់ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនរកប្រាក់ចំណូលបានច្រើនបំផុតផងដែរ។
មកដល់ពេលនេះដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា AI បានធ្វើអោយក្រុមហ៊ុន NVIDIA ក្លាយជាស្តេចនៅក្នុងឧស្សាហកម្មបន្ទះឈីបនេះវិញម្តងហើយ។ សម្រាប់ AI Accelerators បានធ្វើអោយអាជីវកម្មរបស់ក្រុមហ៊ុននេះគ្របដណ្តប់ខ្លាំងនៅលើទីផ្សារនៅក្នុងពេលនេះ ហើយពេលនេះ គឺជាលើកដំបូងបំផុតដែលក្រុមហ៊ុននេះបានឈរនៅលើចំណាត់ថ្នាក់កំពូលវិញម្តងនោះ។ ផ្អែកទៅលើទិន្នន័យស្រាវជ្រាវចុងក្រោយំផុតចេញពី Gartner បានបញ្ជាក់ថា ក្រុមហ៊ុន NVIDIA ពេលនេះ បានក្លាយជាក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតទៅលើបន្ទះឈីបរបស់ពិភពលោក។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ មានប្រាក់ចំណូលចំនួន $76.6 ពាន់លានដុល្លារអាមេរិក ដែលមានកំណើនចំនួន 120% បើធៀបទៅនឹងប្រាក់ចំណូលសម្រាប់ឆ្នាំ 2023 នេះ។
ក្រុមហ៊ុន Samsung Electronics ត្រូវបានគេមើលឃើញថា បានស្ថិតនៅចំណាត់ថ្នាក់លេខ 2 សម្រាប់ប្រាក់ចំណូលឆ្នាំ 2024 នេះដែលមានប្រាក់ចំណូលចំនួន $65.6 ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន 60.8% ប្រៀបធៀបទៅនឹងតួរលេខឆ្នាំ 2023។ សម្រាប់ក្រុមហ៊ុន Intel គឺមានការធ្លាក់ចុះចេញពីបញ្ជីរបស់ក្រុមហ៊ុននេះ ដែលមានទឹកប្រាក់ចំនួន $49.8 ពាន់លានដុល្លារអាមេរីកដែលមានការកើនឡើង 0.8% នៅក្នុងឆ្នាំ 2023 កន្លងទៅនេះ។
ចំពោះក្រុមហ៊ុន SK Hynix ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung ពេលនេះ គឺបានជាប់ចំណាត់ថ្នាក់លេខ 4 ដែលមានប្រាក់ចំណូលចំនួន $44.1 ពាន់លានដុល្លារអាមេរិក។ ប្រាក់ចំណូលនៃបន្ទះឈីបសកលគឺមានការកើនឡើង 21% ទៅកាន់ $655.9 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2024 នេះ ប្រៀបធៀបទៅឆ្នាំ 2023 គឺមានចំនួនទឹកប្រាក់ $532.1 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះក៏មានការរំពឹងខ្ពស់សម្រាប់ឆ្នាំ 2025 នេះ តាមការវិនិយោគជាច្រើនទៅលើបច្ចេកវិទ្យា AI ផងដែរ ប៉ុន្តែស្ថានភាពនៃការយកពន្ធរបស់សហរដ្ឋអាមេរិកនៅពេលដែលនេះ ក៏អាចនឹងបណ្តាលអោយស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជាផងដែរ៕
