
ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនជាស្រេចនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OnePlus 13 នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 31st ខែតុលាខាងមុខនេះហើយ។ សូមជំរាបថា គិតមកដល់ពេលនេះ ក្រុមហ៊ុននេះ គឺបានចែកចាយព័ត៌មានថ្មីៗជាច្រើនរួចមកហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងនោះក៏មានការបញ្ចេញនូវរូបភាពនិងការឌីស្សាញរូបរាងផងដែរ។
នៅថ្ងៃនេះមុនការប្រកាសជាផ្លូវការណ៌ គឺមានការចែករំលែកនូវតម្លៃរបស់ស្មាតហ្វូន OnePlus 13 សម្រាប់ទីផ្សារប្រទេសចិនហើយ។ ព័ត៌មាននេះគឺធ្វើឡើងដោយអ្នកទម្លាយ @TechHome100 ដោយបានបញ្ជាក់ថា ស្មាតហ្វូន OnePlus 13 គឺអាចនឹងមានតម្លៃ 4699 យ៉ន់ (~$659) ដែលខ្ពស់ជាង 400 យ៉ន់ (~$56) ប្រៀបធៀបជាមួយនិងស្មាតហ្វូន OnePlus 12។

ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ ត្រូវបានគេទម្លាយថា គឺនឹងមានការបំពាក់បន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite ហើយនិងមានអមដំណើរដោយរ៉េមទំហំ 24GB ដែលជាប្រភេទ LPDDR5X RAM រួមជាមួយនិងមេម៉ូរីទំហំធំដល់ទៅ 1TB ដែលជាប្រភេទ UFS 4.0 storage។ តាមការធ្វើតេស្តសមត្ថភាពនៅលើបញ្ជី AnTuTu benchmark បានបញ្ជាញ់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺធ្វើបានយ៉ាងល្អ ដោយទទួលបាននូវពិន្ទុដល់ទៅជាង 3,094,447។
នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាជំនាន់ទី 2 នៃ Tiangong Cooling System Pro, រួមជាមួយនិងមុខងារ Tidal Engine, Aurora Engine, E-Sports Independent Graphics Engine ហើយនិង AI Acceleration Solution ដើម្បីជួយសម្រួលដល់ដំណើរការកម្លាំងម៉ាស៊ីន ហើយនិងបទពិសោធន៌នៃការប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។
សម្រាប់ការឌីស្សាញនៅលើ OnePlus 13 នេះ គឺនឹងមានការបង្ហាញវត្តមានជាមួយនិងជម្រើស 3 ពណ៌ រួមមានដូចជា White Dew Morning Light, Blues Hour និង Obsidian Secret Realm, ហើយនិងមានការឌីស្សាញជាមួយនិងអេក្រង់កោងថែមទៀតផង។ នៅលើស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP ដែលមានការបំពាក់នូវសិនស័រថ្មី ហើយនិងមានមុខងារទប់លំនឹង optical image stabilization រួមនិង night mode ទៀតផង។

OnePlus 13 នឹងរត់នៅលើស្បែកមុខកម្មវិធីថ្មី ColorOS 15 ផ្អែកលើ Android 15 ខណៈដែលម៉ូដែលទីផ្សារសកល នឹងរត់នៅលើស្បែកមុខកម្មវិធី OxygenOS 15 ដែលនឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃនេះផងដែរ។ ស្មាតហ្វូននេះ នឹងាមានការប្រើប្រាស់នូវកម្លាំងសាក 100W wired charging និង 50W magnetic wireless charging ទៀតផង។
