
យោងតាមសេចក្តីប្រកាសថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន OnePlus នឹងមានការបង្ហាញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី OnePlus 13 របស់ខ្លួនដែលជាម៉ូដែលដំបូងបំផុតបំពាក់នូវ IP68/ IP69 នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកនៅក្នុងខែមករា ឆ្នាំ 2025 ខាងមុខនេះហើយ។ ស្មាតហ្វូន Flagship នេះ នឹងមានការបង្ហាញខ្លួនជាមួយជម្រើស 3 ពណ៌គឺ Midnight Ocean, Black Eclipse និង Arctic Dawn។ សម្រាប់ពណ៌ Midnight Ocean គឺប្រើប្រាស់នូវស្បែក microfibre vegan leather សម្រាប់ការពារឆ្កូតបានយ៉ាងល្អ។
អ្វីដែលពិសេសទៀតនោះ សម្រាប់ IP68 គឺប្រើប្រាស់ច្រើននៅលើស្មាតហ្វូនប្រណិតៗជាច្រើននៅលើទីផ្សារ ហើយបច្ចេកវិទ្យានេះ អាចធន់ទៅនឹងការប្រើប្រាស់ក្រោមទឹក 1.5 ម៉ែត្ររយៈពេលដល់ទៅ 30 នាទី ហើយនិងអាចការពារធូលីបានផងដែរ។ សម្រាប់ IP69 វិញនោះ អាចការពារទៅនឹងការជ្រាបទឹក និងធូលីបានដូចគ្នា ប៉ុន្តែវាក៏អាចធន់ទៅនឹងសម្ពាធសីតុណ្ហភាពខ្ពស់ផងដែរ។
ស្មាតហ្វូន OnePlus 13 នេះ ត្រូវបានគេបញ្ជាក់ថា មានលក្ខណៈសម្បត្តិពិសេសៗជាច្រើន ជាពិសេសទៅលើអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេង។ អ្នកប្រើប្រាស់អាចយកស្មាតហ្វូននេះបាន នៅក្នុងពេលជិះនៅលើទូក ឬទូកក្តោងបាន ជាពិសេសស្មាតហ្វូននេះ ក៏អាចប្រើប្រាស់នៅក្នុងវិស័យសុខាភិបាល ផ្នែកកែច្នៃចំណីអាហារ និងកសិកម្មថែមទៀតផង។

សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ មានអេក្រង់ទំហំ 6.82-អ៊ីង OLED គាំទ្រជាមួយនឹងពន្លឺអេក្រង់ 4,500 nits រត់នៅលើបន្ទះឈីប Snapdragon 8 Elite មានរ៉េមទំហំ 24GB ម៉េមូរីដល់ទៅ 1TB និងប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង Color OS 15 ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ា 50MP, 50MP ultra-wide ជាមួយនឹង 3x optical zoom និងកាមេរ៉ាខាងមុខទំហំ 32MP ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន super-fast 100W wired charging និង 50W fast wireless charging ផងដែរ៕
