
ក្រុមហ៊ុន OnePlus បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 series របស់ខ្លួននៅក្នុងប្រទេសចិនឆាប់ៗនេះហើយ ដែលស្មាតហ្វូននេះ នឹងមានម៉ូដែល Standard និងម៉ូដែល Pro។ បើតាមប្រភពកន្លងមកបាននិយាយថា ស្មាតហ្វូន OnePlus Ace 5នេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងឈ្មោះហៅថា OnePlus 13R ដែលមានការ upgrade ច្រើនបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុន។
ស្មាតហ្វូន OnePlus Ace 5 ថ្មីនេះ មានការឌីស្សាញរូបរាងស្លីមជាងមុន ហើយនឹងមានថាមពលថ្មធំជាងមុនដែលធានាថាអ្នកប្រើប្រាស់អាចប្រើប្រាស់បានយូរជាងមុនទៅលើស្មាតហ្វូននេះ។ នៅថ្ងៃនេះ មុនការសម្ពោធស្មាតហ្វូន OnePlus Ace 5 នេះ នៅក្នុងប្រទេសចិន ក្រុមហ៊ុន OnePlus ក៏បានទម្លាយនូវព័ត៌មានលម្អិតអំពីវិមាត្រស្មាតហ្វូន និងថ្មរបស់វាផងដែរ។ ស្មាតហ្វូន OnePlus Ace 5 នេះ នឹងមានថាមពលថ្មដល់ទៅ 6,400mAh ដែលមានការ upgrade ខ្លាំងពីម៉ូឌែលជំនាន់មុនដែលមានទំហំថ្មត្រឹមតែ 5,500mAh ប៉ុណ្ណោះ។
ស្មាតហ្វូន OnePlus Ace 5 នេះ គឺមានកម្រាស់ត្រឹមតែ 8.8mm ប៉ុណ្ណោះ។ ក្រុមហ៊ុន OnePlus បានអះអាងបន្ថែមថា ថាមពលថ្មទំហំ 6,400mAh នេះ អាចចាក់វីដេអូបានដល់ទៅ 23 ម៉ោង។ ស្មាតហ្វូន OnePlus Ace 5 នេះបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលក្រុមហ៊ុននេះ ហៅថា “8 Gen 3.5-grade performance”។ ស្មាតហ្វូន OnePlus Ace 5 ថ្មីនេះ នឹងមានអេក្រង់កម្រិត 1.5K resolution ដែលល្អនៅក្នុងការលេងហ្គេម និងការកម្សាន្ត។

ស្មាតហ្វូន OnePlus Ace 5 នឹងបំពាក់នូវកាមេរ៉ាខាងមុខ Sony IMX906 ដែលនឹងមានការពង្រឹងទៅលើគុណភាពរូបភាព និងវីដេអូបានកាន់តែប្រសើរជាងមុន។ ស្មាតហ្វូន OnePlus Ace 5 series ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិននៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2024 នេះហើយ។ ការប្រកាសសម្រាប់ទីផ្សារសកលទៅលើស្មាតហ្វូន OnePlus 13 series រួមជាមួយនឹង 13R គឺនៅថ្ងៃទី 7 ខែមករា ឆ្នាំ 2025 ខាងមុខនេះ៕
