
OnePlus Ace 6 Ultra នឹងមានអេក្រង់ 6.8 អ៊ីងល្បឿន 165Hz និងបន្ទះឈីប Dimensity 9500 ហើយនឹងបង្ហាញខ្លួននៅមេសាខាងមុខ
នៅថ្ងៃទី 24 ខែមីនាខាងមុខនេះ ក្រុមហ៊ុន OnePlus នឹងបង្ហាញចេញស្មាតហ្វូន OnePlus 15T នៅក្នុងប្រទេសចិនហើយបន្ទាប់ពីនេះ នៅខែក្រោយនេះ ក្រុមហ៊ុននេះ ក៏អាចនឹងបន្ថែមសមាជិកថ្មីសម្រាប់ស្មាតហ្វូន OnePlus Ace 6 series របស់ខ្លួនផងដែរ ដែលស្មាតហ្វូននេះ មានដូចជា Ace 6 និង Ace 6T ខណៈដែលក្រុមហ៊ុននេះ អាចនឹងមានម៉ូដែលថ្មីមួយទៀតនោះគឺ OnePlus Ace 6 Ultra ។

តាមការបញ្ជាក់របស់អ្នកទម្លាយ Smart Pikachu បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 6 Ultra នេះ នឹងមានអេក្រង់ទំហំ 6.8 អ៊ីង ជាមួយនឹងកម្រិតល្បឿន 165Hz refresh rate។ នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ផងដែរ។ ជាមួយគ្នានេះ តាមអ្នកទម្លាយ DCS ក៏បានអះអាងដែរថា ស្មាតហ្វូន OnePlus Ace 6 Ultra នេះ ក៏ទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះ មិនទាន់បញ្ជាក់នូវព័ត៌មានលម្អិតអំពីស្មាតហ្វូននេះទេ។
ថ្មីៗនេះ មានការប្រទះឃើញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OPPO ឬ OnePlus ដែលមានលេខកូដ PMK110 នៅក្នុងប្រព័ន្ធ Database នៃ SRRC របស់ចិន ដែលស្មាតហ្វូនអាចជា OnePlus Ace 6 Ultra ឬម៉ូដែលផ្សេងផងដែរ។ ស្មាតហ្វូននេះ ក៏អាចប្រជែងបានជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra ដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ហើយវាគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខនេះនៅក្នុងប្រទេសចិន។

បច្ចុប្បន្ននេះ ក្រុមហ៊ុន OnePlus កំពុងតែធ្វើការនៅលើថេប្លេតថ្មីចំនួន 2 ផងដែរ ដោយមានដូចជា OnePlus Pad 3 Pro និង OnePlus Pad Mini ។ ថេប្លេតនេះទើបតែទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសចិនរួចហើយ។ ថេប្លេត OnePlus Pad Mini មានរូបរាងតូចជាមួយនឹងអេក្រង់ទំហំ 8.8 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 5។ សម្រាប់ថេប្លេត OnePlus Pad 3 Pro នឹងមានអេក្រង់ទំហំ 13.2 អ៊ីង និងបន្ទះឈីប Snapdragon 8 Elite Gen 5។ ថេប្លេតនេះ នឹងបង្ហាញខ្លួនជាផ្លូវការជាមួយនឹងស្មាតហ្វូន OnePlus 15T / Ace 6 Ultra ផងដែរ៕
