
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus បានបញ្ជាក់ផ្លូវការណ៍ថា ខ្លួននឹងមានការប្រកាសចេញស្រឡាយផលិតផលថ្មី ដែលក្នុងនោះរួមមានស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 ដែលបំពាក់បន្ទះឈីប Snapdragon 8 Gen 3 នៅថ្ងៃទី 27 ក្នុងខែមិថុនាខាងមុខនេះ។ ហើយផលិតផលថ្មីដែលនឹងបង្ហាញវត្តមានស្របពេលជាមួយគ្នានឹង Ace 3 ត្រូវបានគេរំពឹងថា មានដូចជា Tablet ស៊េរីថ្មី OnePlus Pad Pro, នាឡិកាដៃ Watch 3 និងកាសស្តាប់ Buds 3 WTS Earbuds ជាដើម។ មុននឹងថ្ងៃនៃការប្រកាសចេញមកដល់ ក្នងពេលនេះក៏មានការបង្ហាញចេញរូបភាពនៃការរចនារបស់ OnePlus Pad Pro ផងដែរ។
សម្រាប់ការឌីស្សាញទូទៅរបស់ OnePlus Pad Pro ហាក់នៅរក្សាទម្រង់ដើមដូចគ្នាច្រើនទៅនឹង OnePlus Pad ដែលបានប្រកាសចេញកាលពីឆ្នាំទៅមិញ។ ដោយផ្នែកអេក្រង់ គឺមានការឌីស្សាញជាមួយគែមជុំវិញតូចស្តើង និងផ្ទៃខ្នងខាងក្រោយរចនាបែបក្តៅមូលគែមបន្តិចរំលេចជាមួយលែនកាមេរ៉ាមួយគ្រាប់រចនារាងជាងកងចិញ្ចៀន ហើយនិងមានអំពលូល LED Flash មួយគ្រាប់ស្ថិតក្នុងកញ្ចក់លែនតែម្តង។
បើតាមរូបភាព និងប្រភពទម្លាយព័ត៌មានបានបង្ហាញថា OnePlus Pad Pro គឺមានជម្រើសពណ៌បៃតង និងប្រផេះ ហើយ Tablet ស៊េរីថ្មីនេះ ក៏នឹងគាំទ្រជាមួយប៊ិច OnePlus Pencil ដែលមានពណ៌ខ្មៅផងដែរ។ បន្ថែមពីនេះ OnePlus Pad Pro ក៏នឹងមានភ្ជាប់មកជាមួយផ្ទាំងក្តារចុចដែលមានការ Upgrade ទៅលើផ្ទៃ Touchpad ធំជាងមុន ហើយក្តារចុចនេះ ក៏គាំទ្រការតភ្ជាប់ជាមួយ NFC ថែមទៀតផង។
ជាងនេះទៅទៀត OnePlus Pad Pro ក៏នឹងក្លាយជា Tablet ដំបូងគេក្នុងលោកដែលប្រើកំពូលឈីប Qualcomm Snapdragon 8 Gen 3។ Tablet ជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 12.1-inch LCD Display គាំទ្រកម្រិតបង្ហាញ 3K ជាមួយល្បឿន 144Hz និងខ្នាតបង្ហាញ 7:5 ratio។ OnePlus Pad Pro ក៏នឹងភ្ជាប់មកជាមួយរ៉េមដែលមានទំហំធំបំផុតដល់ 16GB ជាមួយម៉េមូរីទំហំ 512GB និងថ្មទំហំធំដល់ 9,510mAh ជាមួយការគាំទ្របច្ចកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W។
ជាមួយគ្នានេះ OnePlus Pad Pro ក៏នឹងមានកាមេរ៉ាមុខសម្រាប់វីដេអូខលទំហំ 8MP និងកាមេរ៉ាក្រោយទំហំ 13MP ផងដែរ។ OnePlus Pad Pro ត្រូវបានគេសង្ស័យថាជាម៉ូដែលប្តូរឈ្មោះចេញពី OPPO Pad 3 ដែលបានបង្ហាញវត្តមាននៅប្រទេសចិនកាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយក៏នឹងប្រើឈ្មោះថា OnePlus Pad 2 សម្រាប់ការចេញលក់នៅលើទីផ្សារសកល។ OnePlus Pad Pro នឹងមានជម្រើសរ៉េមទំហំ 8GB/12GB និង 16GB ជាមួយជម្រើសម៉េមូរីទំហំចាប់ពី 128GB/256GB ដល់ 512GB៕
