ស្វែងរកពួកយើង:

OnePlus កំពុងសង្ងំធ្វើការលើស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មី ដែលមានថ្មទំហំធំបំផុតដល់ 7,000mAh

ដោយ

Koun Jab Luffy

11 កក្កដា 2024 01:30 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក OnePlus បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល OnePlus Nord CE 4 Lite និងត្រៀមបង្ហាញវត្តមានម៉ូដែល Nord 4 បន្ថែមទៀតផងដែរ។ ប៉ុន្តែ ទន្ទឹមជាមួយគ្នានេះ OnePlus ត្រូវបានគេដឹងថាបាននឹងកំពុងសង្ងំផលិតស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីមួយម៉ូដែលទៀតដែលបំពាក់ថ្មទំហំធំបំផុត។ បច្ចុប្បន្នស្មាតហ្វូនរបស់ OnePlus គឺមានបំពាក់នូវថ្មទំហំធំដល់ 6,000mAh ដោយឡែកសម្រាប់ស្មាតហ្វូនស៊េរីថ្មីដែលនឹងមកដល់នាពេលខាងមុខនេះអាចនឹងមានថ្មទំហំធំដល់ 7,000mAh។
បើតាមការបញ្ជាក់នៅលើគណនី Weibo ទម្លាយព័ត៌មានល្បីឈ្មោះរបស់ចិនដែលមានឈ្មោះថា Digital Chat Station បាននិយាយថា នៅខណៈពេលនេះក្រុមការងារ Ouga Group ដែលជាក្រុមការងារធ្វើការនៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)របស់ OnePlus និង OPPO បាននឹងកំពុងធ្វើការជាមួយការអភិវឌ្ឍន៍ផលិតកញ្ចប់ថាមពលថ្មដែលមានទំហំ 7,000mAh។
ស្មាតហ្វូនដែលមានថ្មទំហំធំរបស់ OnePlus ក្នុងពេលបច្ចុប្បន្នគឺម៉ូដែល Ace 3 Pro ដែលមានថ្មទំហំ 6,100mAh។ ហើយសម្រាប់ស្មាតហ្វូនស៊េរីថ្មីដែលនឹងបំពាក់កញ្ចប់ថ្មដែលមានទំហំធំជាងនេះទំនងជាមិនមែនជាម៉ូដែល Flagship ឬ Flagship Killer នោះទេ ប៉ុន្តែ អាចជាស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីច្រើនជាង នេះបើតាមការបញ្ជាក់បន្ថែមពី Digital Chat Station។
Article image
តាមការសន្និដ្ឋានស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីដែលបំពាក់ថ្មទំហំយក្សនោះ អាចជាស្ថិតក្នុងត្រកូល OnePlus Nord Series។ ជាមួយគ្នានេះ បើតាមការបញ្ជាក់បន្ថែមទៀតពី Digital Chat Station ក្រុមការងារ Ouga Group មិនត្រឹមតែផលិតកញ្ចប់ថ្មដែលមានទំហំ 7,000mAh នោះទេ ក្រុមនេះ ក៏ធ្វើការធ្វើការផលិតកញ្ចប់ថ្មដែលមានទំហំ 6,500mAh សម្រាប់ស្មាតហ្វូបស៊េរីថ្មីរបស់ OnePlus ផ្សេងទៀត។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតរបស់ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីរបស់ OnePlus មិនទាន់ត្រូវបានគេបង្ហាញនោះទេ ក្នុងពេលនេះ៕ៃ