
រថយន្តម៉ាក Onvo L60 ម៉ូដែលដំបូងបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍នៅក្នុងរោចក្រប្រទេសចិន។ ម៉ាករថយន្ត Onvo ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio និងគ្រប់គ្រងដោយក្រុមហ៊ុន Nio ផ្ទាល់តែម្តង។
លោក Ai Teicheng អគ្គនាយកក្រុមហ៊ុន Onvo បានធ្វើការបានប្រគល់រថយន្ត Onvo L60 ម៉ូដែលដំបូងដល់លោក Xia Qinghua ដែលជាប្រធានប្រតិបត្តិការអ្នកប្រើប្រាស់ និងសេវាកម្មរបស់ Onvo នៅក្នុងតំបន់ Hefei ខេត្ត Anhui ប្រទេសចិន ស្ថិតក្នុងរោងចក្រ Nio's F2 នៅសួនឧស្សាហកម្ម NeoPark ។

លោក Xia នឹងចាប់ផ្តើមធ្វើការបើកបរសាកល្បង Onvo L60 ក្នុងរយះចម្ងាយផ្លូវ 20,000 គីឡូម៉ែត្រ ដែលនឹងត្រូវប្រើរយះពេល 36 ថ្ងៃ ដើម្បីឲ្យប្រាកដថា រថយន្តអគ្គិសនីស៊េរីថ្មីដំបូងរបស់ Onvo គឺមានសុវត្ថិភាព និងផាសុខភាពខ្ពស់មុននឹងការនាំចេញទៅកាន់ដៃរបស់អតិថិជនសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ខណៈពេលដែល L60 គឺជារថយន្តដំបូងរបស់់ Onvo ហើយវា ក៏ជាម៉ូដែលទី 12 របស់ Nio ដែលធ្វើការចែករំលែកសង្វាក់នៃដំណើរការផលិត និងឧបករណ៍ជាមួយម៉ាកយីហោសំខាន់ៗ។
យោងតាមការបញ្ជាក់ពី Onvo រថយន្តជំនាន់ដំបូង Onvo L60 គឺបានឆ្លងកាត់នីតិវិធីនៃការសាកល្បងជាង 5,000 ដងរួចហើយដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពក្នុងការបើកបរ ដែលសរុបរយះចម្ងាយប្រមូលបាន គឺប្រមាណ 6.77 លានគីឡូម៉ែត្រនៃការធ្វើតេស្ត។ ហើយក្នុងពេលនេះសង្វាក់ផលិតទ្រង់ទ្រាយធំរបស់ Onvo L60 បាននឹងកំពុងដំណើរការហើយ។ បន្ថែមពីនេះ ក៏មានការទម្លាយចេញនៅការរៀបចំតុបតែងលម្អផ្នែកខាងក្នុងរបស់ L60។

មើលតាមរូបភាព ឃើញថា ការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ L60 គឺមានភាពប្រហាក់ប្រហែលគ្នាខ្លាំងជាមួយនឹងរថយន្ត Tesla Model 3 ដូចជាការដំឡើងនៅប្រព័ន្ធអេក្រង់ថាច់ស្រ្គីនធំនៅកណ្តាល។ ដោយអេក្រង់នេះត្រូវបានដឹងថា គឺមានទំហំធំដល់ 17.2-inch និងគាំទ្រកម្រិតបង្ហាញ 3K។

បន្ថែមពីនេះយើងក៏ឃើញមានអេក្រង់តូចដែលមានទំហំ 8-inch នៅចន្លោះកណ្តាលសម្រាប់អ្នករួមដំណើរខាងក្រោយធ្វើការបញ្ជាមុខងារមួយចំនួន ក៏ដូចជាការកម្សាន្តផ្សេងៗផងដែរ។ Onvo L60 មានដំឡើងនូវប្រព័ន្ធ Onvo Sound System ចំនួន 18 គ្រាប់ និងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាសំឡេង Dolby Atmos Sound។ ហើយនៅតាមកាប៊ីនរថយន្តក៏មានរំលេចជាមួយអំពូលភ្លើង ambient lighting ជាមួយគំរូចំនួន 16 preset themes។

ម៉ាកយីហោរថយន្ត Onvo ត្រូវបានប្រកាសចេញដោយក្រុមហ៊ុន Nio កាលពីថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024។ ហើយរថយន្តម៉ាក Onvo L60 ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅក្នុងខែកញ្ញា។ សម្រាប់ការចេញលក់អាចនឹងធ្វើឡើងនាចុងខែកញ្ញា ហើយការនាំចេញផ្លូវការណ៍អាចនឹងត្រូវធ្វើឡើងនាខែតុលា ឆ្នាំ 2024 ក្រោយថ្ងៃប្រកាសចេញមួយសប្តាហ៍។ កន្លងមក Onvo បានបញ្ជាក់ថា L60 ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួននឹងមានថាមពលក្នុងការបើកបរបានចម្ងាយផ្លូវដល់ 1,000km។ រថយន្តអគ្គិសនី Sedan ស៊េរីថ្មីនេះ នឹងមានតម្លៃខ្ទង់ €28,400 នៅទីផ្សារប្រទេសចិន៕
